មូស្គូ៖ វិមានក្រឹមឡាំង បាននិយាយថា ប្រព័ន្ធកាំជ្រួច ផាទ្រៀត (Patriot) ការពារដែនអាកាសរបស់អាមេរិក នឹងក្លាយជាគោលដៅស្របច្បាប់ ប្រសិនបើត្រូវបានបញ្ជូនទៅអ៊ុយក្រែន ដើម្បីស្ទាក់ចាប់មីស៊ីលរុស្ស៊ី ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។

អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវីដេវ (Dmitry Medvedev) កាលពីថ្ងៃពុធ បានព្រមានអង្គការណាតូ ប្រឆាំងនឹងការបំពាក់មីស៊ីល ផាទ្រៀត ឲ្យអ៊ុយក្រែន។

ការអត្ថាធិប្បាយនេះកើតឡើង នៅពេលក្រុងម៉ូស្គូបាននិយាយថា មិនមានបទឈប់បាញ់ក្នុងឱកាសបុណ្យណូអែល បន្ទាប់ពីសង្គ្រាមអ៊ុយក្រែន អូសបន្លាយពេលជិត១០ខែ កន្លងមកហើយ។

ការអត្ថាធិប្បាយរបស់វិមានក្រឹមឡាំង កើតមានឡើងនៅពេលសហរដ្ឋអាមេរិក ប្រកាសពីផែនការបញ្ជូនប្រព័ន្ធមីស៊ីល ដើម្បីស្ទាក់ចាប់មីស៊ីលរបស់រុស្ស៊ី។

បច្ចុប្បន្ន រុស្ស៊ី និងអ៊ុយក្រែន មិនទាន់បានជួបចរចាគ្នា ដើម្បីបញ្ចប់ការប្រយុទ្ធ ដែលកំពុងតែឆាបឆេះនៅភាគខាងកើត និងខាងត្បូងរបស់អ៊ុយក្រែន ខណៈទីក្រុងមូស្គូ បានបាញ់មីស៊ីល និងដ្រូន ទៅលើកន្លែងផលិតថាមពលអគ្គិសនី នៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងរដ្ឋធានី គៀវ ផងដែរ។

អ៊ុយក្រែនបាននឹងកំពុងស្នើសុំឲ្យសម្ព័ន្ធមិត្តលោកខាងលិច បង្កើនប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី ដែលបានបង្ខំឱ្យមនុស្សរាប់លាននាក់រស់នៅដោយគ្មានថាមពលអគ្គិសនី ឬគ្មានកម្តៅនៅក្នុងរដូវរងានេះ។

ប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធ បាននិយាយថា កងកម្លាំងរបស់ខ្លួន បានបាញ់ទម្លាក់ដ្រូនរបស់រុស្ស៊ីចំនួន១៣គ្រឿង ដែលត្រូវបានបាញ់បង្ហោះឆ្ពោះទៅកាន់ទីក្រុងគៀវ។

អភិបាលក្រុង គៀវ បាននិយាយថា មានការផ្ទុះនៅកណ្តាលទីក្រុង គៀវ ហើយអគាររដ្ឋបាលចំនួនពីរបានរងការខូចខាត ប៉ុន្តែបាននិយាយថា មិនមានអ្នករងរបួសនោះទេ។

ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) បាននិយាយថា នៅសមរភូមិមុខកំពុងតែប្រយុទ្ធគ្នា ដោយពណ៌នាអំពីរុស្ស៊ីវាយបំផ្លាញទីក្រុងនៅភាគខាងកើត ដោយប្រើកាំភ្លើងផ្លោង។

ប្រធានាធិបតី​អ៊ុយក្រែន​ បាន​និយាយ​ក្នុង​សប្តាហ៍​នេះ​ថា រុស្ស៊ី​គួរ​តែ​ចាប់​ផ្តើម​ដក​ខ្លួន​ចេញ​ពី​ប្រទេស​របស់​លោក​ ត្រឹម​ថ្ងៃ​បុណ្យ​ណូអែល ជា​ជំហាន​មួយ​ដើម្បី​បញ្ចប់​ជម្លោះ។ ប៉ុន្តែទីក្រុងមូស្គូបានច្រានចោលសំណើនេះទាំងស្រុង ដោយនិយាយថា អ៊ុយក្រែន ត្រូវតែទទួលយកការបាត់បង់ទឹកដីទៅឲ្យរុស្ស៊ី មុនពេលមានការចរចាណាមួយ។

កាលពីខែកញ្ញា ឆ្នាំ២០២២ រុស្ស៊ីបាន​កាត់បញ្ចូល​តំបន់​អ៊ុយក្រែន​ភាគ​ខាង​កើត​ចំនួន​បួន​ ដែល​ជា​ទង្វើ​មិន​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់។

កាលពីថ្ងៃពុធ អ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានដោះលែងទាហានរបស់ខ្លួនចំនួន៦៤នាក់ ក៏ដូចជាពលរដ្ឋអាមេរិកម្នាក់ នៅក្នុងការដោះដូរអ្នកទោសចុងក្រោយរវាងភាគីទាំងពីរ៕

By Ana

You missed