ប៊ែរឡាំង៖ មនុស្សចំនួន២៥នាក់ ត្រូវបានចាប់ខ្លួននៅក្នុងការឆ្មក់ចាប់ នៅទូទាំងប្រទេសអាល្លឺម៉ង់ ពីបទសង្ស័យរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល ដោយរដ្ឋប្រហារយោធា។

សេចក្តីការណ៍របស់សារព័ត៌មានអាល្លឺម៉ង់ បាននិយាយថា ក្រុមឥស្សរជនស្តាំនិយម និងអតីតយោធាជាន់ខ្ពាស់ គ្រោងនឹងវាយប្រហារចូលកាន់កាប់អគាររដ្ឋសភា និងដណ្តើមអំណាចពីរដ្ឋាភិបាល។

បុរសជនជាតិអាឡឺម៉ង់ម្នាក់ ត្រូវបានគេហៅថា ជាព្រះអង្គម្ចាស់មួយអង្គ ដែលមានឈ្មោះថា ហែនរីក ទី១៣ (Heinrich XIII) អាយុ៧១ឆ្នាំ ត្រូវបានគេចោទប្រកាន់ថា ជាមេខ្លោងរៀបចំផែនការធ្វើរដ្ឋប្រហារ។

យោងតាមរដ្ឋអាជ្ញាសហព័ន្ធ បុរសនេះ គឺជាមេដឹកនាំម្នាក់ ក្នុងចំណោមមេខ្លោងពីរនាក់ ដែលត្រូវបានចាប់ខ្លួន នៅទូទាំងរដ្ឋចំនួន១១របស់អាល្លឺម៉ង់។

មេខ្លោងរៀបចំផែនការរដ្ឋប្រហារ ត្រូវបានគេនិយាយថា រួមបញ្ចូលសមាជិកនៃចលនាជ្រុលនិយម ដែលប៉ូលីស អាល្លឺម៉ង់តាមដានជាយូរមកហើយ ជុំវិញការវាយប្រហារដោយហិង្សា និងបង្កើតទ្រឹស្ដីប្រកាន់ពូជសាសន៍ ព្រមទាំងបដិសេធមិនទទួលស្គាល់រដ្ឋអាល្លឺម៉ង់ទំនើប។

បុរស និងស្ត្រីសរុបប្រមាណ៥០នាក់ ត្រូវបានគេចោទប្រកាន់ថា ជាដៃជើងក្រុម ដែលត្រូវបានគេនិយាយថា បានគ្រោងនឹងផ្តួលរំលំសាធារណរដ្ឋហើយជំនួសដោយរដ្ឋថ្មីមួយ យកគំរូតាមប្រទេសអាឡឺម៉ង់ កាលពីឆ្នាំ១៨៧១។

អ្នក​នាំ​ពាក្យ​ការិយាល័យ​រដ្ឋអាជ្ញា​សហព័ន្ធ​បាន​និយាយ​ថា «យើង​មិន​ទាន់បង្ហាញឈ្មោះ​ក្រុម​នេះ​នៅ​ឡើយ​ទេ»។

ទីភ្នាក់ងារព័ត៌មានរបស់ប្រទេសអាល្លឺម៉ង់បានរាយការណ៍ថា ការឆ្មក់ចាប់បានកើតឡើងនៅក្នុងប្រទេសភាគច្រើន ហើយមនុស្សពីរនាក់ ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសអូទ្រីស និងអ៊ីតាលី។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អាល្លឺម៉ង់ លោក ម៉ាកូ ប៊ូសម៉ាន់ (Marco Buschmann) បានសរសេរនៅលើ Twitter ថា ប្រតិបត្តិការប្រឆាំងភេរវកម្មដ៏ធំមួយកំពុងតែបន្ត ដោយសង្ស័យលើក្រុមរៀបចំវាយប្រហារដោយប្រដាប់អាវុធលើស្ថាប័នរដ្ឋធម្មនុញ្ញ។

រដ្ឋអាជ្ញាសហព័ន្ធបាននិយាយថា ក្រុមនេះបាននិងកំពុងរៀបចំផែនការធ្វើរដ្ឋប្រហារដោយហិង្សាចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ម្លេះ។

សេចក្តីរាយការណ៍នានា បាននិយាយថា អតីតមន្ត្រីយោធាជាន់ខ្ពស់ ក៏ជាប់ពាក់ព័ន្ធរៀបចំផែនការធ្វើរដ្ឋប្រហារនេះផងដែរ។ ពួកគេរួមបញ្ចូលអតីតទាហានឆ្នើមៗ មកពីអង្គភាពពិសេសរបស់អាល្លឺម៉ង់។

ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធ បាននិយាយថា អ្នករៀបចំផែនការឡើងគ្រប់គ្រងប្រទេសអាល្លឺម៉ង់ គឺគេមានរចនាសម្ព័ន្ធរួចហើយ។ ពួកគេនឹងប្រើមធ្យោបាយយោធា និងអំពើហឹង្សាប្រឆាំងនឹងអ្នកតំណាងរាស្ត្រ រួមបញ្ចូលទាំងការសម្លាប់ ដ៏បង្ហូរឈាមផងដែរ។

ទូរទស្សន៍អាល្លឺម៉ង់ បានរាយការណ៍ថា អតីតសមាជិកស្តាំនិយមនៃសភាជាន់ទាប ក៏ជាប់ពាក់ព័ន្ធនឹងផែនការនេះផងដែរ ហើយក៏មានឈ្មោះជារដ្ឋមន្ត្រីយុត្តិធម៌ របស់ក្រុមព្រះអង្គម្ចាស់ ហែនរីច ទី១៣ មេខ្លោងរៀបចំផែនការរដ្ឋប្រហារយោធា៕

By Ana

You missed