ក្រុងតៃប៉ិ៖ ប្រធានាធិបតីកោះ​តៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បានប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​​គណបក្ស​ប្រជាធិបតេយ្យរីកចម្រើន បន្ទាប់ពីយុទ្ធសាស្រ្តរបស់លោកស្រីក្នុងការរៀបចំការបោះឆ្នោតក្នុងស្រុកដើម្បីបង្ហាញពីការប្រឆាំងនឹងឥទ្ធិពលរបស់ប្រទេសចិន បានបរាជ័យ និងទទួលបានការគាំទ្រពីសាធារណៈជនតិចតួច។

លោកស្រីបានប្រកាសលាលែងពីតំណែងក្នុងសុន្ទរកថាបែបប្រពៃណី កាលពីល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីបាត់បង់ការគាំទ្រច្រើននៅថ្នាក់មូលដ្ឋាន ក្នុងរយៈពេលដ៏ខ្លីមួយ។

​លោកស្រី សៃ អ៊ីងវិន បាន​មានប្រសាសន៍​ថា «ខ្ញុំ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ទាំង​អស់។  ប្រឈម​នឹង​លទ្ធផល​បែប​នេះ​មានវិស័យជាច្រើន ដែលយើងត្រូវតែពិនិត្យមើលឡើងវិញឲ្យបានច្បាស់លាស់»។

ការបោះឆ្នោតជ្រើសរើសអភិបាលក្រុង ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សានៅថ្នាក់មូលដ្ឋាន គឺផ្តោតលើបញ្ហាក្នុងស្រុក ដូចជាជំងឺរាតត្បាត កូវីដ-១៩ និងឧក្រិដ្ឋកម្ម ហើយបេក្ខជនជាប់ឆ្នោត នឹងមិននិយាយចំៗ អំពីគោលនយោបាយរបស់ប្រទេសចិននោះទេ។

ប៉ុន្តែ លោកស្រី សៃ អ៊ីងវិន ​បានមានប្រសាសន៍​ថា ​ពិភពលោកនឹងមើលពីរបៀប ដែលកោះតៃវ៉ាន់ការពារលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ចំពេលមានភាពតានតឹងផ្នែកយោធាជាមួយចិន ដែលទាមទារយកកោះតៃវ៉ាន់ទៅគ្រប់គ្រង។

គណបក្សប្រឆាំងធំជាងគេរបស់កោះតៃវ៉ាន់ គឺគណបក្ស គួម៉េងតាង បាននាំមុខគេ និងទទួលជ័យជម្នះ ក្នុងចំណោម១៣អភិបាលក្រុង និងចៅហ្វាយស្រុកចំនួន២១កៅអី រួមទាំងអភិបាលរដ្ឋធានីតៃប៉ិផងដែរ។

គណបក្សប្រជាធិបតេយ្យរីកចម្រើនរបស់លោកស្រី ទទួលបានប្រាំអាសនៈ ដែលជាលទ្ធោលស្រដៀងគ្នាទៅនឹងលទ្ធផលនៃការបោះឆ្នោតក្នុងស្រុក កាលចុងឆ្នាំ២០១៨។

លោកស្រី បានប្រាប់អ្នកយកព័ត៌មាន នៅឯទីស្នាក់ការកណ្តាលរបស់គណបក្ស នៅពេលប្រកាសលាឈប់ពីតំណែងប្រធានគណបក្ស ដែលលោកស្រីក៏បានប្រកាសលាលែងពីតំណែងប្រធានដែរ បន្ទាប់ពីលទ្ធផលបោះឆ្នោតមិនល្អក្នុងឆ្នាំ២០១៨។

លោកស្រី សៃ អ៊ីងវិន បានមានប្រសាសន៍ថា «លទ្ធផលបានបរាជ័យ ខុសពីការរំពឹងទុករបស់យើង។  យើងទទួលយកលទ្ធផលនេះ ហើយទទួលយកការសម្រេចចិត្តរបស់ប្រជាជនតៃវ៉ាន់។

លោកស្រី​នឹង​បន្ត​កាន់​តំណែង​ជា​ប្រធានាធិបតី​តៃវ៉ាន់ រហូតដល់ឆ្នាំ២០២៤ ដើម្បីធានាស្ថិរភាពនយោបាយកោះតៃវ៉ាន់ ក្នុងពេលវេលាដ៏លំបាក រួមទាំងស្ថានភាពក្នុងស្រុក និងអន្តរជាតិ។

ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន បាននិយាយថា លទ្ធផលបានបង្ហាញថា សាធារណជនតៃវ៉ាន់កំពុងពេញនិយមមតិ គឺដើម្បីសន្តិភាព ស្ថិរភាព និងជីវិតល្អ ហើយថា ទីក្រុងប៉េកាំងនឹងបន្តធ្វើការជាមួយ
ប្រជាជនតៃវ៉ាន់ ដើម្បីលើកកម្ពស់ទំនាក់ទំនងសន្តិភាព និងប្រឆាំងនឹងការទាមទារឯករាជ្យភាពរបស់តៃវ៉ាន់ ក៏ដូជាទប់ស្កាត់ការជ្រៀតជ្រែកពីបរទេស។

ទាំងគណបក្សប្រជាធិបតេយ្យរីកចម្រើន និងគណបក្សគួម៉េងតាង ដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយចិន បានបដិសេធយ៉ាងដាច់អហង្ការថា ពួកគេមិនគាំទ្រទីក្រុងប៉េកាំង ហើយបានធ្វើខិតខំប្រឹងប្រែងធ្វើយុទ្ធនាការតែនៅក្នុងតំបន់អ្នកមានរស់នៅ និងនៅតាមតំបន់ប្រជាជនតៃវ៉ាន់រស់នៅច្រើន ជាពិសេសនៅក្នុងទីក្រុងតៃប៉ិ។

គណបក្សគួម៉េងតាង បានចោទប្រកាន់លោកស្រី សៃ អ៊ីងវិន និងគណបក្សប្រជាធិបតេយ្យរីកចម្រើនថា មានការប្រឈមមុខដាក់គ្នាខ្លាំងពេក ជាមួយប្រទេសចិនដីគោក។

ប្រទេស​ចិន​បាន​បង្កើត​ល្បែង​សង្គ្រាម​ ​ជិត​កោះ​តៃវ៉ាន់ កាល​ក្នុង​ខែ​សីហា ​ដើម្បី​បង្ហាញ​ពីការ​ខឹង​សម្បារ​ចំពោះដំណើរ​ទស្សនកិច្ច​ទៅកាន់ទី​ក្រុង​តៃប៉ិ​ របស់ប្រធានសភាអាមេរិក គឺលោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) និងសកម្មភាពយោធាចិន នៅតែបន្តនៅជិតកោះតៃវ៉ាន់ថែមទៀត ទោះបីជាបានកាត់បន្ថយខ្លះក៏ដោយ។

ឥឡូវនេះ ប្រជាជនកោះតៃវ៉ាន់ បានផ្តោតអារម្មណ៍ទៅរកការបោះឆ្នោតប្រធានាធិបតី និងបោះឆ្នោតសភា នៅឆ្នាំ២០២៤ ដែលលោកស្រី សៃ អ៊ីងវិន ធ្លាប់បានឈ្នះភ្លូកទឹកភ្លូកដី នៅឆ្នាំ២០២០ តាមរយៈការសន្យាថា នឹងក្រោកឈរប្រឆាំងប្រទេសចិន និងការពារតៃវ៉ាន់។

បច្ចុប្បន្ននេះ លោកស្រី សៃ អ៊ីងវិន កំពុង​កាន់​តំណែង​ប្រធានាធិបតីជា​អាណត្តិ​ទីពីរ​ ហើយ​មិន​អាច​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​បាន​ទៀត​ទេ ​ដោយ​សារអស់អាណត្តិ៕

By Ana

You missed