ក្រុងប៉េកាំងៈ តុលាការចិន បានកាត់ទោសតារាចម្រៀងប៉ុបជនជាតិកាណាដាដើមកំណើតចិន គ្រីស អ៊ូ (Kris Wu) ឲ្យជាប់ពន្ធនាគាររយៈពេល១៣ឆ្នាំ បន្ទាប់ពីរកឃើញថា លោកមានពិរុទ្ធបទឧក្រិដ្ឋ រួមទាំងការរំលោភសេពសន្ថវៈ តែក្នុងរយៈពេលជាងមួយឆ្នាំ បន្ទាប់ពីការចាប់ខ្លួននៅប្រទេសចិន ជាកន្លែងកំណើត និងបង្កើតអាជីពរកប្រាក់កម្រៃ។
តុលាការនៅក្នុងខណ្ឌ ឆាវយ៉ាង (Chaoyang) ទីក្រុងប៉េកាំង បាននិយាយថា ការស៊ើបអង្កេតបានបង្ហាញថា ចាប់ពីខែវិច្ឆិកា ដល់ខែធ្នូឆ្នាំ២០២០ តារាចម្រៀង គ្រីស អ៊ូ ដែលត្រូវបានគេស្គាល់ថា អ៊ូ យីហ្វាន (Wu Yifan) បានចាប់រំលោភស្ត្រីវ័យក្មេងបីនាក់ ដែលងប់ងល់នឹងភាពល្បីល្បាញរបស់លោក។
តុលាការក្នុងទីក្រុងប៉េកាំង បាននិយាយនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនថា «លោក អ៊ូ យីហ្វាង បានកេងប្រយោជន៍ពីស្ត្រីស្រវឹងស្រាបីនាក់ … នៅផ្ទះរបស់លោក»។
អតីតសមាជិកក្រុម K-pop Exo តារាឆ្នើមរូបនេះបានវិលត្រឡប់ពីប្រទេសកាណាដា មកកាន់ប្រទេសចិនវិញ នៅក្នុងឆ្នាំ២០១៤ ដើម្បីបន្តអាជីពចម្រៀងនៅលើទឹកដីកំណើត ក្រោយពីទទួលបានការគាំទ្រច្រើនក្នុងចំណោមជនជាតិចិន។
លោក គ្រីស អ៊ូ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារទីក្រុងប៉េកាំង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីនិស្សិតចិន អាយុ១៨ឆ្នាំម្នាក់បានចោទប្រកាន់លោកជាសាធារណៈថា បានលួងលោមនាង និងក្មេងស្រីផ្សេងទៀត ដែលមានអាយុក្រោម១៨ឆ្នាំ រួមភេទជាមួយលោក។
នៅពេលនោះ សិស្សសាលារូបនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា បន្ទាប់ពីនាងបានផឹកស្រាស្រវឹងជោគជាំហើយ តារាចម្រៀង គ្រីស អ៊ូ បានល្បួងនាងឲ្យរួមភេទ នៅពេលនាងទើបមានអាយុ១៧ឆ្នាំ ។
តុលាការចិន ក៏បានរកឃើញដែរថា តារាចម្រៀងវ័យក្មេងនេះ មានពិរុទ្ធពីបទឧក្រិដ្ឋនៃការប្រមូលផ្តុំហ្វូងមនុស្ស ដើម្បីរួមភេភេទ កាលពីខែកក្កដា ឆ្នាំ២០១៨។
ស្ថានទូតកាណាដាប្រចាំនៅទីក្រុងប៉េកាំង មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់អ្នកសារព័ត៌មានសុំធ្ធ្វើអត្ថាធិប្បាយទេ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយថា មន្ត្រីស្ថានទូតកាណាដា បានចូលរួមស្តាប់ក្នុងការកាត់ទោសដែរ។
ចំណែកការិយាល័យពន្ធដារចិនវិញ បាននិយាយថា តារាចម្រៀង គ្រីស អ៊ូ ក៏ត្រូវបានតុលាការបង្គាប់ឲ្យបង់ប្រាក់ចំនួន៦០០លានយ័ន ឬស្មើនឹងជាង៨៣លានដុល្លារអាមេរិក ចំពោះបទល្មើសលាក់ប្រាក់ចំណូលផ្ទាល់ខ្លួន និងបទល្មើសទាក់ទងនឹងពន្ធផ្សេងៗទៀត។
អាជ្ញាធរចិន បាននិយាយថា តារាចម្រៀង គ្រីស អ៊ូ បានគេចវេសពីពន្ធចំនួន៩៥លានយន់ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ដោយលាក់ប្រាក់ចំណូលផ្ទាល់ខ្លួនតាមរយៈសហគ្រាសពាក់ព័ន្ធក្នុងស្រុក និងបរទេស មួយចំនួន ដោយបានបង់ពន្ធតិចជាង៨៤លានយន់។
នៅពេលត្រូវបានចាប់ឃុំខ្លួន លោក គ្រីស អ៊ូ គឺជាឯកអគ្គរដ្ឋទូតសម្រាប់ម៉ាកយីហោល្បីៗ ចំនួន១៥ រួមមាន Bulgari, Lancôme, Louis Vuitton និង Porsche ដែលម្ចាស់ម៉ាកយីហោទាំងអស់នេះបានផ្តាច់ទំនាក់ទំនងជាមួយលោកភ្លាមៗ បន្ទាប់ពីផ្ទុះរឿងអាស្រូវផ្លូវភេទ។
តុលាការបានចិន បាននិយាយថា តារាចម្រៀង គ្រីស អ៊ូ នឹងត្រូវនិរទេសចេញពីប្រទេសចិន ឲ្យទៅប្រទេសកាណាដាវិញ ទោះបីជាអ្នកច្បាប់នៅក្នុងប្រទេសចិន បាននិយាយថា ការនិរទេសខ្លួនបែបនេះ ជាទូទៅអាចធ្វើទៅបានបន្ទាប់ពីបញ្ចប់ការអនុវត្តទោសឲ្យបានរួចរាល់នៅក្នុងគុករបស់ចិន ជាមុនសិន៕