កូឡាឡាំពួរ៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានចាប់ផ្តើមការងារជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី បន្ទាប់ពីបានសន្យាថា នឹងដឹកនាំរដ្ឋាភិបាលមួយ ដែលរួមបញ្ចូលមនុស្សគ្រប់រូបនៅមកពីពហុជាតិសាសន៍ និងពហុសាសនា។

លោកបាន​ចូល​កាន់​តំណែង​នៅ​ម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅ​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​ ក្នុង​ររដ្ឋធានីពុត្រាចាយ៉ា (Putrajaya) បន្ទាប់​ពី​បាន​ស្បថ​ចូល​កាន់​តំតំណែចំពោះព្រះភក្ត្រព្រះមហាក្សត្រ​។

នៅក្នុងសន្និសីទសារព័ត៌មានលើក ដំបូងរបស់លោក កាលពីយប់ម្សិលមិញ អ្នកនយោបាយជើងចាស់វ័យ៧៥ឆ្នាំរូបនេះ បានគូសបញ្ជាក់អំពីផែនការរបស់លោកសម្រាប់អភិវឌ្ឍប្រទេស។

លោក​នាយករដ្ឋមន្ត្រីថ្មី បានមានប្រសាសន៍ថា លោក​នឹង​មិនយកប្រាក់​បៀវត្សរ៍​ឡើយ ហើយ​រដ្ឋាភិបាល​របស់​លោក​ នឹងធានា និង​ការពារ​សិទ្ធិ​របស់​ប្រជាជន​ម៉ាឡេស៊ី​ទាំង​អស់ ជា​ពិសេស​ជន​ក្រីក្រ ដោយមិន​ប្រកាន់​ពូជសាសន៍ ឬ​ជំនឿសាសនា​អ្វី​ឡើយ។

លោក​ក៏​បាន​សង្កត់​ធ្ងន់​ពី​សារៈសំខាន់​នៃ​ការធ្វើកំណែទម្រង់។

លោក​បាន​មាន​ប្រសាសន៍​នៅ​ក្ក្នុងិធី កាលពីយប់​មិញ​ថា​ «​យើង​នឹង​មិន​មើលរំលងអភិបាលកិច្ច​ល្អ ការប្រឆាំង​អំពើ​ពុករលួយ ឯករាជ្យ​ភាព​របស់​តុលាការ និង​សុខុមាលភាព​របស់​ប្រជាជន​ម៉ាឡេស៊ីគ្រប់រូប»។

លោក អានវ៉ា អ៊ីប្រាហ៊ីម ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី ដោយព្រះមហាក្សត្រម៉ាឡេស៊ី បន្ទាប់ពីការបោះឆ្នោត កាលពីថ្ងៃសៅរ៍មុន ដែលបានធ្វើឱ្យសម្ព័ន្ធគណបក្សរបស់លោកទទួលបានអាសនៈច្រើនជាងគេ ប៉ុន្តែសំឡេងខ្វះភាគច្រើន ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីយប់ម្សិលមិញ លោកបានទទួលទូរស័ព្ទអបអរសាទរពីប្រធានាធិបតីតួកគី លោក រ៉េសេប តៃយីប អេដូហ្គាន់ (Recep Tayyip Erdogan) បន្ទាប់ពីជជែកជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដឋូដូ (Joko Widodo) ដែលជាមេដឹកនាំបរទេសដំបូងគេ ដែលផ្តល់ការអបអរសាទរចំពោះជ័យជម្នះនេះ។

លោក អានវ៉ា អ៊ីប្រាហ៊ីម បានពណ៌នាឥណ្ឌូនេស៊ីថា ជាមិត្តល្អរបស់ម៉ាឡេស៊ី ហើយបាននិយាយថា លោកនឹងយកចិត្តទុកដាក់ពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ។

ចំណែករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីគិន (Antony Blinken) ក៏បានផ្តល់ការអបអរសាទរដល់លោក អានវ៉ា អ៊ីប្រាហ៊ីម និងប្រជាជនម៉ាឡេស៊ី។

លោកបាននិយាយថា «យើងទន្ទឹងរង់ចាំការធ្វើឱ្យកាន់តែស៊ីជម្រៅនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់យើង ដោយផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ។ យើងនៅតែប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយប្រទេសម៉ាឡេស៊ី ដើម្បីជំរុញឲ្យមានតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ការតភ្ជាប់ វិបុលភាព និងស្ថិភាព។

ការតែងតាំងលោក អានវ៉ា អ៊ីប្រាហ៊ីម ជានាយករដ្ឋមន្ត្រី បានបង្ហាញឃើញពីដំណើរនយោបាយដ៏សំខាន់មួយ បន្ទាប់ពីត្រូវគេបណ្តេញចេញតំណែង នៅឆ្នាំ១៩៩៨ ហើយក្រោយមកត្រូវជាប់ពន្ធនាគារពីបទប្រព្រឹត្តអំពើពុករលួយ និងរឿងអាស្រូវផ្លូវភេទ។

លោក អានវ៉ា អ៊ីប្រាហ៊ីម ហាក់ដូចជាចង់គូសខ្សែបន្ទាត់ក្រោមការដឹកនាំនយោបាយ ហើយនិយាយថា ការបោះឆ្នោតទំនុកចិត្តដើម្បីបង្ហាញពីភាពរឹងមាំនៃក្រុមចម្រុះថ្មីនឹងក្លាយជាធាតុដំបូងក្នុងរបៀបវារៈនៅពេលសភាកោះប្រជុំជាលើកដំបូង នៅថ្ងៃទី១៩ ខែធ្នូ ខាងមុខនេះ។

លោក​បាន​ថ្លែង​ថា​៖ «​យើង​មាន​សំឡេងភាគច្រើន​ ដែល​គួរ​ឲ្យ​ជឿ​ជាក់​បាន»។

លោកធ្លាប់បានលើកឡើងកាលពីមុនថា លោកនឹងកាត់បន្ថយទំហំគណៈរដ្ឋមន្ត្រី ដែលចំនួនរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រី ត្រូវរដ្ឋាមុនបំប៉ោងដល់ជិត៧០នាក់ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។

ប្រទេសម៉ាឡេស៊ីមានប្រជាជនភាគច្រើន ជាជនជាតិម៉ាឡេម៉ូស្លីម ហើយឥស្លាម គឺជាសាសនារបស់រដ្ឋ ប៉ុន្តែក៏មានជនជាតិផ្សេងៗទៀតផងដែរ ដូចជាជនជាតិចិន និងឥណ្ឌា ក៏ដូចជាជនជាតិដើមភាគតិចផងដែរ។

ពូជសាសន៍ និងសាសនា គឺជាបញ្ហារសើបក្នុងប្រទេសម៉ាឡេស៊ី ហើយភាពតានតឹងបានកើតឡើងក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតរយៈពេលពីរសប្តាហ៍ ដោយប៉ូលិសនៅសប្តាហ៍នេះ បានព្រមានប្រជាជនម៉ាឡេស៊ីអំពីការបង្ហោះសារបែបញុះញង់នៅលើបណ្តាញទំនាក់ទំនងសង្គម៕

 

By Ana

You missed