កាប៊ុល៖ មនុស្ស១២នាក់ រួមទាំងស្ត្រីបីនាក់ ត្រូវបានចាប់ចងវាយដំ នៅចំពោះមុខមហាជនរាប់ពាន់នាក់ នៅឯកីឡដ្ឋានបាល់ទាត់ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយសារខុសសីលធម៌អ៊ីស្លាម។

មន្ត្រី​តាលីបង់​ម្នាក់​ បាន​និយាយ​ថា ក្រុម​នេះ​មាន​ទោសពីបទរំលោភក្រមសីលធម៌​ចែចែងក្នុងគុម្ពីរ៊គូរ៉ាន់ដូចជាអំពើ​ផិត​ក្បត់ លួចប្លន់ និង​ការ​រួម​ភេទ​ជា​មួយមនុស្សភេទ​ដូច​គ្នា។

ទារុណកម្មបែបនេះ​ ត្រូវ​បាន​គេ​គិត​ថា​ ជា​លើក​ទី​ពីរ​ហើយ ក្នុង​រយៈ​ពេល​មួយ​ខែ​ ដែល​ក្រុម​អ៊ិស្លាម​និយម​ជ្រុល បាន​ចាប់ចងមនុស្សវាយដំជា​សាធារណៈ។

ការផ្លាស់ប្តូរនេះអាចបង្ហាញពីការវិលត្រឡប់ទៅកាន់ការអនុវត្តដ៏តឹងរឹង ដែលបានកើតឡើងនៅក្នុងរបបគ្រប់គ្រងរបស់តាលីបង់ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០។

អ្នកនាំពាក្យក្រុមតាលីបង់ ប្រចាំតំបន់ភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា ស្ត្រីទាំងបីនាក់នេះ ត្រូវបានដោះលែងវិញ បន្ទាប់ពីត្រូវបានផ្តន្ទាទោសរួច។ លោក​ថា បុរស​ខ្លះ​ជាប់​គុក ប៉ុន្តែ​មិន​ច្បាស់​ថា​ មាន​ប៉ុន្មាន​នាក់​នោះទេ។

បុរស និង​ស្ត្រី​ ត្រូវគេវាយចន្លោះ​ពី២១ ទៅ៣៩រំពត់។ ចំណែកមន្ត្រីតាលីបង់ម្នាក់ទៀត បាននិយាយថា ចំនួនអតិបរមាសម្រាប់មនុស្សម្នាក់ គឺត្រូវវាយរហូតដល់៣៩រំពត់។

របាយការណ៍មួយ បាននិយាយថា មនុស្ស១៩នាក់ ក៏ត្រូវបានផ្តន្ទាទោស កាលពីសប្តាហ៍មុន ដោយការធ្វើទារុណកម្មវាយដំស្រដៀងគ្នានេះដែរ នៅក្នុងខេត្តភាគខាងជើង ប្រទេសអាហ្វហ្គានីស្ថាន។

ការវាយដំធ្វើទារុណកម្មបែបនេះ បានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីមេដឹកនាំកំពូលរបស់តាលីបង់ លោក ហ៊ីបាតុឡាស់ អាឃុនហ្សាដា (Hibatullah Akhundzada) បានបញ្ជាឲ្យចៅក្រមអនុវត្តការផ្តន្ទាទោសចំពោះបទល្មើសមួយចំនួន ស្របតាមទ្រឹស្តីយ៉ាងតឹងរ៉ឹងនៃគុម្ពី អ៊ីស្លាម ហ្សារីយ៉ា។

ការបកស្រាយនៃច្បាប់ឥស្លាមនេះ រួមមានការប្រហារជីវិតជាសាធារណៈ ការកាត់ដៃជើងចោលជាសាធារណៈ និងការគប់ដុំថ្ម ទោះបីជាបទល្មើសពិតប្រាកដ និងកម្រិតនៃការផ្តន្ទាទោសមិនត្រូវបានកំណត់ជាផ្លូវការ ដោយក្រុមតាលីបង់ក៏ដោយ។

បញ្ជារបស់មេដឹកនាំកំពូលតាលីបង់ គឺជាសញ្ញាចុងក្រោយបង្អស់ ដែលថាពួកតាលីបង់កំពុងប្រកាន់ជំហរតឹងរ៉ឹង រិតត្បិតសិទ្ធិ និងសេរីភាព ទោះបីបាន​សន្យា​ថា​ នឹង​គ្រប់គ្រង​ប្រទេសមិនឲ្យតឹងតែងពេក នៅ​ពេល​ពួកគេ​ឡើងកាន់​អំណាច​ កាលពី​ឆ្នាំ​មុន។

ក្នុងអំឡុងការគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន
ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ ពួកតាលីបង់ បានទទួលរងការថ្កោលទោសចំពោះការធ្វើទារុណកម្មនៅទីសាធារណៈ រួមទាំងការវាយដំ និងការប្រហារជីវិត នៅពហុកីឡដ្ឋានជាតិ ក្នុងទីក្រុងកាប៊ុល។

រដ្ឋាភិបាល​តាលីបង់ ក៏​បាន​ប្តេជ្ញា​ថា​ នឹងអនុវត្តឡើង​វិញ​ នូវ​ការ​គាប​សង្កត់​យ៉ាង​ឃោរឃៅ​លើ​ស្ត្រី។ ប៉ុន្តែចាប់តាំងពីការវិលត្រឡប់មកគ្រប់គ្រងអំណាចវិញ សេរីភាពរបស់ស្ត្រីអាហ្វហ្គានីស្ថាន ត្រូវបានរឹតត្បិតយ៉ាងតឹងតែងបំផុត ហើយស្ត្រីមួយចំនួន ត្រូវបានគេវាយធ្វើទារុណកម្មជាសាធារណៈ ដោយសារពួកគេទាមទារសិទ្ធិ សេរីភាព៕

By Ana

You missed