កោះបាលី៖ ប្រធានាធិបតីចិន លោក ស៊ីន ជីនភីង (Xi Jinping) និយាយចោទប្រកាន់ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) ពីការបែកធ្លាយព័ត៌មានលម្អិតនៃកិច្ចប្រជុំ ប៉ុន្មានថ្ងៃបន្ទាប់ពីពួកគេបានជួបពិភាក្សាគ្នានៅឯកិច្ចប្រជុំកំពូល G20 នៅកោះបាលី។
លោកប្រធានាធិបតី ស៊ី ជីនភីង បានប្រាប់នាយករដ្ឋមន្ត្រីកាណាដា តាមរយៈអ្នកបកប្រែថា នេះគឺជាការមិនសមរម្យ ហើយបានចោទប្រកាន់ថា ខ្វះ “ភាពស្មោះត្រង់” ។
លោកនិយាយប្រាប់បែបនេះទំនងជាសំដៅទៅលើសេចក្តីរបាយការណ៍ដែលថា លោក ចាស្ទីន ទ្រូដូ បានពិភាក្សាអំពីការចោទប្រកាន់ថា មានចារកម្មចិន និងការជ្រៀតជ្រែកក្នុងការបោះឆ្នោតកាណាដា។
នៅក្នុងខ្សែវីដេអូដែលថតដោយអ្នកកាសែតនៅឯការជួបជុំមេដឹកនាំពិភពលោក ដែលបានបញ្ចប់នាពេលនេះ លោកប្រធានាធិបតីចិន និងលោកនាយករដ្ឋមន្ត្រីកាណាដា ឃើញអ្នកទាំងពីរកំពុងឈរនៅជិតគ្នា និងនិយាយគ្នាតាមរយៈអ្នកបកប្រែ។
មេដឹកនាំចិនបានប្រាប់លោក ចាស្ទីន ទ្រូដូ ជាភាសាចិនកុកងឺថា «អ្វីគ្រប់យ៉ាងដែលយើងពិភាក្សាត្រូវបានបែកធ្លាយលើឯកសារ ហើយវាមិនសមស្របទេ»។
នេះជាវេលាដ៏កម្រមួយរបស់ប្រធានាធិបតី ដែលរូបភាពរបស់គាត់ជាធម្មតាត្រូវបានរៀបចំដោយប្រុងប្រយ័ត្ន នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន។
បន្ទាប់ពីញញឹម និងងក់ក្បាល នាយករដ្ឋមន្ត្រីកាណាដា បានឆ្លើយតបដោយនិយាយថា «នៅប្រទេសកាណាដា យើងជឿជាក់លើការសន្ទនាដោយសេរី និងបើកចំហ និងស្មោះត្រង់ ហើយនោះជាអ្វីដែលយើងនឹងបន្ត»។
លោកបានបន្ថែមថា «យើងនឹងបន្កធ្វើការរួមគ្នាក្នុងការស្ថាបនា និងអំពីអ្វីដែលយើងមិនទាន់យល់ស្របគ្នា»។
មុនពេលលោក ចាស្ទីន ទ្រូដូ អាចបញ្ចប់ លោកប្រធានាធិបតីចិន បាននិយាយកាត់សម្តីរបស់គាត់ ហើយបានស្នើសុំឱ្យបង្កើតលក្ខខណ្ឌមុន ហើយទីបំផុតចាប់ដៃគ្នា។
ការផ្លាស់ប្តូរដ៏ខ្លីប៉ុន្តែបង្ហាញពីភាពតានតឹងរវាងប្រទេសចិន និងកាណាដា ដែលកើនឡើងខ្ពស់ចាប់តាំងពីការឃុំខ្លួននាយកប្រតិបត្តិក្រុមហ៊ុន Huawei Technologies នៅក្នុងឆ្នាំ២០១៨ និងការចាប់ខ្លួនជាបន្តបន្ទាប់របស់ទីក្រុងប៉េកាំង លើជនជាតិកាណាដាពីរនាក់ពីបទចារកម្ម។ មនុស្សទាំងបីនាក់ក្រោយមកត្រូវបានដោះលែង។
ប៉ុន្តែថ្មីៗនេះ ភាពតានតឹងបានផ្ទុះឡើងបន្ទាប់ពីការចាប់ខ្លួន លោក យឿសេង វ៉ាង (Yuesheng Wang) ដែលជាបុគ្គលិកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន Hydro-Quebec ដែលត្រូវបានចោទប្រកាន់ពីបទចារកម្ម។
ប៉ូលីសកាណាដា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក យឿសេង វ៉ាង «ទទួលបានអាថ៌កំបាំងពាណិជ្ជកម្ម ដើម្បីផ្តល់ផលប្រយោជន៍ដល់សាធារណៈរដ្ឋប្រជាមានិតចិន ដែលធ្វើឲ្យខូចផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសកាណាដា»៕