សេអ៊ូល៖ នាព្រឹកព្រលឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ កូរ៉េខាងជើង និងកូរ៉េខាងត្បូង បាញ់ព្រមានគ្នាទៅវិញទៅមក នៅឆ្នេរសមុទ្រ ដោយចោទប្រកាន់គ្នាថា បានបំពានព្រំដែនសមុទ្ររបស់ខ្លួន ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងចំពោះការសាកល្បងអាវុធរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយថា ខ្លួនបានប្រកាសព្រមាន និងបាញ់ព្រមាន ដើម្បីបណ្តេញនាវាយោធាកូរ៉េខាងជើង ដែលបានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនភាគខាងជើង ដែលជាព្រំដែនសមុទ្រ នៅម៉ោងប្រហែលនៅម៉ោង៣ ព្រឹកព្រលឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ។
ចំណែកមន្ត្រីយោធារបស់កូរ៉េខាងជើងវិញ បាននិយាយថា ខ្លួនបានបាញ់កាំភ្លើងធំ ជាព្រមានការចំនួន១០គ្រាប់ ឆ្ពោះទៅកាន់ដែនទឹករបស់ខ្លួន ជាកន្លែងដែលកងទ័ពជើងឃើញយោធាកូរ៉េខាងត្បូងរំលោភដែនទឹករបស់ខ្លួន ហើយចោទប្រកាន់កប៉ាល់កងទ័ពជើងទឹកកូរ៉េខាងត្បូងថា បានឈ្លានពានចូលទៅក្នុងដែនទឹករបស់កូរ៉េខាងជើង។
កងទ័ពប្រជាជនកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងបានបញ្ជាឲ្យមានវិធានការណ៍ដំបូងដើម្បីបណ្តេញនាវាចម្បាំងសត្រូវ ដោយការបាញ់ផ្លោងចំនួន១០គ្រាប់ ធ្លាក់នៅជិតដែនទឹក ដែលសត្រូវកំពុងធ្វើសកម្មភាពរំលោភខ្សែបន្ទាត់ព្រំដែន។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយថា ការបាញ់កាំភ្លើងធំរបស់កូរ៉េខាងជើង បានរំលោភលើកិច្ចព្រមព្រៀងអន្តរកូរ៉េ ឆ្នាំ២០១៨ ស្តីពីការកាត់បន្ថយភាពតានតឹងផ្នែកយោធា និងបំផ្លាញស្ថិរភាព នៅលើឧបទ្វីបកូរ៉េ ហើយបាននិយាយទៀតថា គ្រាប់ផ្លោងរបស់កូរ៉េខាងជើង មិនបានធ្លាក់ចូលក្នុងដែនទឹកកូរ៉េខាងត្បូងទេ ប៉ុន្តែកងទ័ពកូរ៉េខាងត្បូងកំពុងបង្កើនការប្រុងប្រយ័ត្ន។
ទោះយ៉ាងណា មិនមានរបាយការណ៍អំពីការប៉ះទង្គិចគ្នាដោយផ្ទាល់នោះទេ ប៉ុន្តែព្រំដែនសមុទ្រ ដែលកំណត់មិនសូវច្បាស់ នៅឆ្នេរសមុទ្រភាគខាងលិចនៃឧបទ្វីបកូរ៉េ គឺជាប្រភពនៃជម្លោះដ៏រ៉ាំរ៉ៃរវាងប្រទេសទាំងពីរ។ វាជាកន្លែងកើតហេតុនៃការប៉ះទង្គិចគ្នារវាងកងទ័ពជើងទឹកកូរ៉េទាំងពីរ និងអំពើហិង្សាដ៏បង្ហូរឈាមជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងការបាញ់ផ្លោងរបស់កូរ៉េខាងជើងលើកោះកូរ៉េខាងត្បូង និងការបាញ់ផ្លោងរបស់នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូងដែលបានសម្លាប់មនុស្ស៥០នាក់ក្នុងឆ្នាំ២០១០។
ការបាញ់តគ្នាចុងក្រោយបំផុត បានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំង នាពេលថ្មីៗកន្លងមកនេះ ដោយសារកូរ៉េខាងជើងបានធ្វើតេស្តអាវុធក្នុងល្បឿន។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី និងកាំភ្លើងធំរាប់រយគ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើត និងខាងលិចរបស់ខ្លួន ដើម្បីប្រតិកម្មចំពោះការធ្វើសមយុទ្ធយោធារបស់កូរ៉េខាងត្បូងជាមួយយោធាអាមេរិក។
កងទ័ពកូរ៉េខាងត្បូង បានចាប់ផ្តើមសមយុទ្ធការពារជាតិ ប្រចាំឆ្នាំរបស់ខ្លួន កាលពីសប្តាហ៍មុន ដែលត្រូវបានរៀបចំឡើង ហូតដល់ថ្ងៃទី២៨ខែតុលា និងបង្កើនសមត្ថភាពរបស់ពួកគេផ្ទាល់ រួមជាមួយយោធាសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ សម្ព័ន្ធមិត្តទាំងពីរក៏គ្រោងនឹងធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នា នៅសប្តាហ៍ក្រោយផងដែរ ដោយប្រើយន្តហោះចម្បាំងប្រមាណ២៤០គ្រឿង រួមទាំងយន្តហោះចម្បាំងប្រភេទ F-35។
យោធាកូរ៉េខាងត្បូង បាននិយាយ កាលពីសប្តាហ៍មុនថា សមយុទ្ធនេះមានគោលបំណងពិនិត្យមើលសមត្ថភាពប្រតិបត្តិការរួមរបស់ប្រទេសទាំងពីរ និងបង្កើនសមត្ថភាពត្រៀមខ្លួនប្រយុទ្ធ។
រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងចំពោះសមយុទ្ធនេះ ដោយហៅពួកគេថា ជាការបង្កហេតុ និងគំរាមកំហែងសន្តិសុខកូរ៉េខាងជើង។ ចំណែករដ្ឋាភិបាលទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា សមយុទ្ធរបស់ពួកគេ គឺដើម្បីការការពារ និងមានគោលបំណងរារាំងកូរ៉េខាងជើង៕