តេអ៊ីរ៉ង់៖ តាបសម្នាក់ ដែល​គេ​ដាក់​ឈ្មោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ​ជាបុរស​កខ្វក់​បំផុត​ក្នុង​ពិភពលោក បាន​ស្លាប់​ក្នុង​ជន្មាយុ៩៤ឆ្នាំ ត្រឹមតែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​បានលាង​សម្អាត​ខ្លួន​ ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជិត៧០ឆ្នាំ។

លោក អាមូ ហាជី (Amou Haji) បានប្រកែកមិនប្រើសាប៊ូ និងមិនលាងទឹក អស់រយៈពេលជាងកន្លះសតវត្សកន្លងមកហើយ ដោយលោកបារម្ភថា សាមប៊ូ និងទឺក អាចធ្វើឲ្យគាត់ឈឺ។

បុរសជនជាតិអ៊ីរ៉ង់ ដែលរស់នៅក្នុងខេត្តមួយ ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ បានប្រកែកមិនព្រមងូតទឹកសម្អាតខ្លួនរាប់សិបឆ្នាំ បើទោះបីអ្នកជិតខាងបង្ខំគាត់យ៉ាងណាក៏ដោយ។

ប៉ុន្តែ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក បានធ្វើសេចក្តីរាយការណ៍​​ថា ទីបំផុតលោក អាមូ ហាជី បាន​ចុះ​ចាញ់​ការអង្វរលួងលោម ក៏សុខចិត្តងូតទឹកសម្អាតខ្លួន ដែលក្រោយមកបានធ្វើឲ្យលោកធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់។

យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ បាននិយាយថា បន្ទាប់ពីងូតទឹក លាងសម្អាតខ្លួននឹងសាប៊ូ រួចហើយ លោក អាមូ ហាជី បានធ្លាក់ខ្លួនឈឺភ្លាមៗ ហើយបានស្លាប់ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ក្នុងជន្មាយុ៩៤ឆ្នាំ។

នៅក្នុងបទសម្ភាសជាមួយកាសែត កាលពីឆ្នាំ២០១៤ គាត់បានបង្ហាញថា អាហារដែលលោកចូលចិត្តបរិភោគ គឺបបររាវៗ និងសាច់ស្អុយរលួយ ហើយរស់នៅក្នុងរូងក្រោមដី និងក្រោយមក បានរស់នៅក្នុងខ្ទមឥដ្ឋតូចមួយ ដែលអ្នកជិតខាងធ្វើឲ្យលោក។

លោកបានបកស្រាយប្រាប់អ្នកសារព័ត៌មានថា នៅពេលនោះធ្វើឲ្យលោកមានអារម្មណ៍ប្រែប្រួលខុសធម្មតា គឺរំភើបរហូតក្លាយជាវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ដោយសារតែនឹកឃើញដល់អនុស្សាវរីយ៍ពេលនៅក្មេង។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ បាននិយាយរៀបរាប់ថា ការមិនងូតទឹកជាច្រើនឆ្នាំ បានធ្វើឲ្យស្បែករបស់លោក អាមូ ហាជី គ្របដណ្ដប់ដោយដីប្រឡាក់ស្រមកៗ និងមានដំបៅខ្ទុះ ចំណែកអាហាររបស់គាត់មានសាច់សត្វស្អុយ និងផឹកទឹកកខ្វក់ ដោយប្រើកំប៉ុងប្រេងឆាចាស់មួយសម្រាប់ទុកទឹក។

គ្មាននរណាដឹងច្បាស់ថា តើលោក អាមូ ហាជី មាន​ក្រុមគ្រួសារ​ ឬសាច់ញាតិទេ ប៉ុន្តែ​អ្នក​ភូមិជិតខាង បាន​មើល​ថែ​ទាំគាត់រហូតដល់អស់អាយុសង្ខារ។ លោកចូលចិត្តជក់បារី ដោយពេលជក់ម្តងៗ មានបារីជាច្រើនដើម។

សារព័ត៌មានអ៊ីរ៉ង់​ បាន​អះអាង​ថា ការ​បង្ខំឲ្យលោក អាមូ ហាជី ​ងូត​ទឹក​លាងសម្អាតខ្លួន ឬ​ឲ្យគាត់​បរិភោគទឹក​ស្អាត​ គឺជាមូលហេតុធ្វើឲ្យ​លោកពិបាកចិត្ត និងធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់តែម្តង​។

ទោះបីជាយ៉ាងណាក៏ដោយ លោក អាមូ ហាជី មិនបានជាប់ឈ្មោះក្នុងកំណត់ត្រា ជាមនុស្សមិនងូតទឹកយូរជាងគេបំផុតនិងស្មោកគ្រោកជាងគេបំផុត នៅលើពិភពលោកឡើយ។

កាលពីឆ្នាំ២០០៩ បុរសជនជាតិឥណ្ឌាម្នាក់ មិនបានលាងសម្អាតខ្លួន ឬមិនដុសសម្អាតធ្មេញ អស់រយៈពេល៣៥ឆ្នាំ។

លោក ហ្គុរ៉ូ កៃឡាស់ សីញ​ (Guru Kailash Singh) អាយុ៧៧ឆ្នាំ​ រស់នៅក្នុង​ទីក្រុង​ វ៉ារ៉ាណាស៊ី (Varanasi) ប្រទេស​ឥណ្ឌា មិនដែល​ងូត​ទឹកសោះ ​តាំង​ពី​ឆ្នាំ១៩៧៤ បន្ទាប់​ពី​លោកបាន​រៀប​ការ ដោយសារលោកមិនចង់ឲ្យប្រពន្ធដេកជាមួយ។

លោក អាមូ ហាជី និងលោក ហ្គុរ៉ូ កៃឡាស់ សីញ ផឹកទឹកម្តងអស់ប្រាំលីត្រ ហើយចូលចិត្តរស់នៅយ៉ាងស្មោកគ្រោក ដូចជាបរិភោគសាច់ស្អុយៗជាដើម ដោយគាត់មានអារម្មណ៍ថា ភាពស្អាតនឹងធ្វើឲ្យគាត់ឈឺ៕

 

 

By Ana

You missed