ក្រុងគៀវ៖ ការ​ផ្ទុះ​បាន​កក្រើក​ទីក្រុង​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន រួម​ទាំង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​ លើ​រដ្ឋធានី​កៀវ ជា​លើក​ដំបូង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ។

ការវាយប្រហារពីរុស្ស៊ី បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានហៅការបំផ្ទុះ កាលពីថ្ងៃសៅរ៍ នៅលើស្ពានតភ្ជាប់ពីប្រទេសរុស្ស៊ី ទៅកាន់តំបន់គ្រីមៀ ដែលជាទឹកដីដែលខ្លួនបានបញ្ចូលក្នុងឆ្នាំ២០១៤ ជាអំពើភេរវកម្ម ដែលរៀបចំដោយភ្នាក់ងារពិសេសរបស់អ៊ុយក្រែន។

យោងតាមព័ត៌មានបឋមពីទីប្រឹក្សាក្រសួងមហាផ្ទៃអ៊ុយក្រែន បាននិយាយថា យ៉ាងហោចណាស់មនុស្ស៨នាក់បានស្លាប់ និង២៤នាក់បានរងរបួសនៅក្នុងការវាយប្រហារលើទីក្រុងកៀវ។

ការវាយប្រហារដោយមីស៊ីលនេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ស្ងប់ស្ងាត់​រាប់​ខែ​ក្នុង​រដ្ឋធានី​អ៊ុយក្រែន ដែលការ​វាយប្រហារលើកមុនលើក្រុងកៀវ គឺ​ក្នុង​ខែ​មិថុនា ឆ្នាំ២០២២។

អភិបាលក្រុងកៀវ បានរាយការណ៍ពីការផ្ទុះនៅកណ្តាលទីក្រុង ត្រូវចំអគារចាស់ជាប្រវត្តិសាស្ត្រ ក៏ដូចជាការិយាល័យរដ្ឋាភិបាលមួយចំនួនផងដែរ។

ប៉ុន្តែ​មិន​ដូច​ការ​វាយ​ប្រហារ​លើក​មុន​ទេ ដែល​ភាគ​ច្រើន​វាយតែតាមជាយក្រុងកៀវ ប៉ុន្តែការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​កំណត់​គោល​ដៅ​ជា​ច្រើន​នៅ​កណ្តាល​ទីក្រុង។

ស្នូរផ្ទុះគ្រាប់មីស៊ីល ក៏ត្រូវបានគេរាយការណ៍ផងដែរ គឺមាននៅក្នុង អិលវីវ (Lviv) ក្រុង ធើណូពីល (Ternopil) ក្រុង អូដេសា (Odessa) និងក្រុង ស៊ីតូមៀ (Zhytomyr) នៅភាគខាងលិចអ៊ុយក្រែន និងនៅក្រុង ឌីណីប៉្រូ (Dnipro) នៅចំកណ្តាលប្រទេសអ៊ុយក្រែន។

ការប្រយុទ្ធនាពេលថ្មីៗនេះ បានផ្តោតទៅលើតំបន់ដែលស្ថិតនៅភាគខាងជើងឧបទ្វីប គ្រីមៀរ រួមទាំង ក្រុង ហ្សាប៉ូរីស៊ីយ៉ា (Zaporizhia) ជាកន្លែងដែលកាំជ្រួចចំនួន៦គ្រាប់ត្រូវបានបាញ់ កាលពីយប់ថ្ងៃសៅរ៍ ចេញពីតំបន់កាន់កាប់ដោយរុស្ស៊ី។

ការវាយប្រហារលើទីក្រុងកៀវ និងទីក្រុងផ្សេងទៀតបានកើតឡើងពីរបីម៉ោងមុនពេលប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នឹងត្រូវជួបប្រជុំជាមួយក្រុមប្រឹក្សាសន្តិសុខរបស់លោក។

លោក ឌីមីទ្រី ម៉េដវីដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា មធ្យោបាយតែមួយគត់ ដែលរុស្ស៊ីអាចឆ្លើយតបចំពោះការវាយប្រហារដ៏សាហាវរបស់អ៊ុយក្រែន លើស្ពានភ្ជាប់គ្រីមៀ គឺដោយការលុបបំបាត់ពិរុទ្ធជនដែលរៀបចំការបំផ្ទុះស្ពាននោះ។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី លោក បានបញ្ជាក់យ៉ាងច្បាស់ថា លោកគ្មានការងឿងឆ្ងល់ថា អ្នកណាជាអ្នកនៅពីក្រោយការបំផ្ទុះដែលប៉ះពាល់ដល់ស្ពានយុទ្ធសាស្ត្រតភ្ជាប់រវាងឧបទ្វីប គ្រីមៀ និងរុស្ស៊ី។

លោកបាននិយាយថា «ឧក្រិដ្ឋកម្មនេះត្រូវបានចាត់ចែង និងអនុវត្តដោយរដ្ឋបរាជ័យរបស់អ៊ុយក្រែន។ នេះ​ជា​អំពើ​ភេរវកម្ម និង​ការ​បំផ្លិចបំផ្លាញ​ ដែល​ប្រព្រឹត្ត​ដោយ​ឧក្រិដ្ឋជន​របប​គៀវ» អាជ្ញាធរ​រុស្ស៊ី បានធ្វើសេចក្តីសន្និដ្ឋានរួច​អស់ហើយ។

លោកបានបញ្ជាក់ថា «ការឆ្លើយតបរបស់រុស្ស៊ីចំពោះឧក្រិដ្ឋកម្មនេះ អាចគ្រាន់តែជាការលុបបំបាត់ភេរវករប៉ុណ្ណោះ។ ក្នុង​របៀប​ដូចមួយ​ ដែល​គេអនុវត្តនៅ​ក្នុង​ពិភពលោក»។

នៅពេលលោកបានជួបជាមួយប្រធានគណៈកម្មាធិការស៊ើបអង្កេតជាតិ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា ចារកម្មអ៊ុយក្រែន គឺជាអ្នកនៅពីក្រោយការវាយប្រហារដ៏សាហាវ លើស្ពានគ្រីមៀ។

ប្រធានស៊ើបការសម្ងាត់របស់រុស្ស៊ី បានរាយការណ៍ប្រាប់លោក ពូទី ថា «នេះគឺជាអំពើភេរវកម្ម ដែលរៀបចំដោយភ្នាក់ងារសម្ងាត់អ៊ុយក្រែន ដែលមានគោលបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ របស់រុស្ស៊ី»។

កាល​ពី​ថ្ងៃ​សៅរ៍ កាសែតធំៗរបស់អាមេរិក​ គឺ​កាសែត New York Times និង Washington Post ដែល​បាន​ដក​ស្រង់​ប្រភព​ក៏​បាន​អះអាង​ថា ការ​ផ្ទុះ​កម្ទេចស្ពាននោះ ត្រូវ​បាន​ររៀបចំដោយភ្នាក់ងារស៊ើបការណ៍​សម្ងាត់​របស់​អ៊ុយក្រែន។

ក្នុងពេលជាមួយគ្នានោះ មន្ត្រីអ៊ុយក្រែន បានឈប់ទទួលខុសត្រូវចំពោះការវាយប្រហារនេះ ប៉ុន្តែបានអបអរសាទរការផ្ទុះនេះ ដោយមានជំនួយការរបស់ប្រធានាធិបតីអ៊ុយក្រែន គឺលោក មីខាអ៊ីល ប៉ូដូលីយ៉ាក (Mikhail Podoliak) បាននិយាយថា វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ដោយលោកបន្ថែមថា «អ្វីៗខុសច្បាប់ត្រូវតែបំផ្លាញចោល»។

ការផ្ទុះដ៏ខ្លាំងក្លានេះ បានអង្រួនស្ពាន កាលពីព្រឹកថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្ស
យ៉ាងហោចណាស់បីនាក់ និងបណ្តាលឲ្យមានការដួលរលំផ្នែកខ្លះនៃកំណាត់ស្ពាន ព្រមទាំងការឆាបឆេញកំណាត់ផ្លូវដែក ឆេះធុងសាំងចំនួនប្រាំពីរនៅលើរថភ្លើង។

ការផ្ទុះនេះបាននាំឱ្យមានការផ្អាកជាបណ្តោះអាសន្ននៃចរាចរណ៍ផ្លូវគោក និងផ្លូវដែក ប៉ុន្តែទាំងពីរបានដំណើរការឡើងវិញ នៅល្ងាចថ្ងៃសៅរ៍៕

By Ana

You missed