មូស្គូ៖ ភ្នាក់ងារត្រួតពិនិត្យហិរញ្ញវត្ថុរបស់ប្រទេសរុស្ស៊ី បានបន្ថែមក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិក គឺក្រុមហ៊ុន មេតា (Meta Platforms Inc) ដែលជាក្រុមហ៊ុនមេរបស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងអ៊ីនស្តាក្រាម ចូលទៅក្នុងបញ្ជីឈ្មោះបណ្តាញក្រុមភេរវករ និង​ជ្រុលនិយម ប្រឆាំងរុស្ស៊ី។

កាលពីចុងខែមីនា ឆ្នាំ២០២២ ប្រទេសរុស្ស៊ី បានហាមឃាត់ ហ្វេសប៊ុក និង អ៊ីនស្តាក្រាម ដោយចោទថា ធ្វើសកម្មភាពជ្រុលនិយម ដែលបណ្តោយឲ្យមានការស្អប់ខ្ពើមរុស្ស៊ី ដោយសារប្រទេសរុស្ស៊ី ធ្វើយុទ្ធនាការយោធាចូលឈ្លានពានប្រទេសអ៊ុយក្រែន។

ក្រុមហ៊ុនមេតា បានប្រកាសនៅដើមសប្តាហ៍នេះថា ក្រុមហ៊ុននឹងបន្តអនុញ្ញាតឲ្យមានការបញ្ចេញមតិ ដោយប្រើពាក្យស្អប់ខ្ពើម ឬដាក់បណ្តាសារុស្ស៊ី ដូចជាពាក្យ «ងាប់ទៅរុស្ស៊ីឈ្លានពាន» ប៉ុន្តែមិនមែនសំដៅប្រឆាំងជនស៊ីវិលជាជនជាតិរុស្ស៊ី នោះទេ។  ប៉ុន្តែបន្ទាប់មក ក្រុមហ៊ុន មេតា បាននិយាយថា មហាជនអាចប្រើពាក្យនេះបានសម្រាប់តែអ្នកប្រើប្រាស់ហ្វេសប៊ុក និងអ៊ីនស្តាក្រាម បង្ហោះសារចេញពីខាងក្នុងប្រទេសអ៊ុយក្រែន ប៉ុណ្ណោះ។

ចាប់តាំងពីខែមីនា ឆ្នាំ២០២២ រហូតមក ហ្វេសប៊ុក និង អ៊ីនស្តាក្រាម មិនអាចដំណើរការបានទេ នៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែមានមនុស្សជាច្រើន នៅក្នុងប្រទេសរុស្សី បានងាកទៅប្រើប្រព័ន្ធវីភីអិន (Virtual Private Networks) ដើម្បីបន្តប្រើប្រាស់បណ្តាញផ្សព្វផ្សាយទំនាក់ទំនងសង្គមបាន។

អ៊ីនស្តាក្រាម មានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសរុស្ស៊ី ជាពិសេសសម្រាប់ការផ្សាយពាណិជ្ជកម្ម និងការផ្សាយលក់ទំនិញតាមប្រព័ន្ធអ៊ីនធឹណេត។

ការសម្រេចរបស់រុស្ស៊ី ចាត់បញ្ចូលក្រុមហ៊ុនមេតា ក្នុងបញ្ជីក្រុមជ្រុលនិយម គឺនៅក្នុងតារាងជាមួយក្រុមអង្គការភេរវករបរទេស ដូចពួកតាលីបង់ និងក្រុមសកម្មជនប្រឆាំងរុស្ស៊ី។

នៅពេលនេះ ការចូលទៅប្រើប្រាស់បណ្តាញមេតា មិនអាចភ្ជាប់បានទេ ដោយសារអាជ្ញាធររុស្ស៊ី បិទចំពោះសកម្មភាពអំពាវនាវឲ្យមានចលាចលក្នុងសង្គមរុស្ស៊ី និងបង្កសកម្មភាពជ្រុលនិយមប្រឆាំងរុស្ស៊ី។

ស្រដៀងគ្នានេះដែរ នាពេលកន្លងទៅថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គម សោនខ្លាវ (SoundCloud) ដែលគេប្រើសម្រាប់ចែករំលែកតន្ត្រី និងផ្សាយផ្ទាល់ដ៏ធំបំផុតមួយរបស់ពិភពលោក ត្រូវបានបិទនៅក្នុងប្រទេសរុស្ស៊ី តាមការស្នើសុំពីការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ី។

យោងតាមព័ត៌មានរបស់ភ្នាក់ងារត្រួតពិនិត្យហិរញ្ញវត្ថុរុស្ស៊ី បានឲ្យដឹងថា បណ្តាញទំនាក់ទំនងសង្គមទាំងពីរនេះបានធ្វើសកម្មភាពដោយរំលោពច្បាប់របស់រុស្ស៊ី ស្តីពីការការពារទិន្នន័យ ដោយចាត់ទុកថា បណ្តាញសង្គមទាំងនេះ បានបំពានបទប្បញ្ញត្តិ ដែលហាមចំពោះការអំពាវនាវឲ្យមានចលាចលសង្គម សកម្មភាពជ្រុលនិយម និងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអាចបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ ឬជីវិត និងសុខភាពរបស់ប្រជាជន។

បណ្តាញចែករំលែកតន្ត្រី និងផ្សាយផ្ទាល់ សោនខ្លាវ មានស្នាក់ការធំ នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។

ក្រុមឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ធ្លាប់បានផាកពិន័យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ របស់បច្ចឹមប្រទេស ជាច្រើនលើកច្រើនសារ ពីបទបំពានច្បាប់រុស្ស៊ី។  កាលពីខែកក្កដា ឆ្នាំ២០២២ បានផាកពិន័យក្រុមហ៊ុនអាមេរិក មានដូចជា Tinder, WhatsApp និង Snapchat ដោយសារមិនព្រមគោរពតាមបទប្បញ្ញត្តិ ស្តីពីការធ្វើមូលដ្ឋានីយកម្មទិន្នន័យរបស់រុស្ស៊ី។ កន្លងមកក្រុមឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ធ្លាប់បានរាយការណ៍ថា ការិយាល័យតំណាងរបស់ក្រុមហ៊ុនបរទេសប្រហែល៦០០ក្រុមហ៊ុន រួមមានក្រុមហ៊ុន Apple, Microsoft, Samsung, PayPal, Booking និងក្រុមហ៊ុន LG បានធ្វើមូលដ្ឋានីយកម្មទិន្នន័យរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ី តាមការស្នើសុំពីអាជ្ញាធរ។

កាលពីខែមីនា ឆ្នាំ២០២២ អាជ្ញាធររុស្ស៊ី បានហាម ហ្វេសប៊ុក និង អ៊ីនស្តាក្រាម បន្ទាប់ពីរុស្ស៊ីកំណត់បានច្បាស់ថា បណ្តាញទំនាក់ទំនងសង្គមទាំងពីរនេះ គឺសាខាក្រុមហ៊ុន មេតា របស់អាមេរិក ដែលរុស្ស៊ីចាត់ទុកថា ជាបណ្តាញអង្គការជ្រុលនិយម មិនព្រមលុបចេញនូវអ្វី ដែលរដ្ឋាភិបាលទីក្រុងម៉ូស្គូ ចាត់ទុកថា ជាខ្លឹមសារមិនពិត ជាព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន។

កាលពីដើមសប្តាហ៍នេះ ភ្នាក់ងារត្រួតពិនិត្យហិរញ្ញវត្ថុរបស់ប្រទេសរុស្ស៊ី បានចោទប្រកាន់ក្រុមហ៊ុន Apple ថាជាការរឹតបន្តឹងដោយរើសអើង ជុំវិញការដកកម្មវិធីរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមរុស្ស៊ី ឈ្មោះ VK ចេញពី App Store។ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់សហរដ្ឋអាមេរិកមួយនេះ បានឆ្លើយតបទៅអាជ្ញាធររុស្ស៊ី ដោយលើកឡើងពីតម្រូវការចំាបាច់ ដើម្បីគោរពតាមវិធានទណ្ឌកម្មលើប្រទេសរុស្ស៊ី៕

By Ana

You missed