មូស្គូ៖ អភិបាលក្រុងរបស់រុស្ស៊ីម្នាក់ បានិយាយថា បុរសជនជាតិរុស្ស៊ីមួយចំនួន បានសម្រេចចិត្តចូលធ្វើទាហានទៅច្បាំងនៅសមរភូមិមុខក្នុងប្រទេសអ៊ុយក្រែន ដោយសារប្រពន្ធប្រើពេក ហើយរអ៊ូមិនឈប់។
អភិបាលក្រុង វ័រគូតា (Vorkuta) លោក យ៉ារ៉ូស្លាវ សាប៉ូស្នីកូវ (Yaroslav Shaposhnikov) បាននិយាយអះអាងថា មួយភាគដប់នៃបុរសក្នុងប្រទេសរុស្ស៊ី ដែលស្ម័គ្រចិត្តចូលធ្វើទាហាន ដើម្បីច្បាំងជាមួយអ៊ុយក្រែន គឺដោយសារចង់គេចពីប្រពន្ធឆ្នាស់ពូកែរអ៊ូគួរឲ្យធុញ។
លោកអភិបាលក្រុង បាននិយាយដូច្នេះ ក្នុងអំឡុងពេលពិភាក្សាលើបណ្តាញអ៊ីនធឺណេតថា «ប្រហែលមាន១០ភាគរយនៃអ្នកស្ម័គ្រចិត្តទៅកាន់សមរភូមិមុខ ដោយសារតែប្រពន្ធធ្វើឲ្យធុញនឹងជីវិតរស់នៅប្រចាំថ្ងៃ»។
ក្នុងពេលពិភាក្សានេះដែរ លោក យ៉ារ៉ូស្លាវ សាប៉ូស្នីកូវ បានជំរុញស្ត្រីរុស្សីឲ្យផ្តល់កម្លាំងចិត្តដល់ស្វាមីរបស់ខ្លួនផង កុំពូកែតែខាងប្រើប្តីហើយ នៅតែរអ៊ូជេរច្រើនទៀត។
ទោះជាយ៉ាងណាក៏ដោយ លោកអភិបាលក្រុង
មិនបានបញ្ជាក់លម្អិតអំពីមូលដ្ឋាននៃការប៉ាន់ស្មាន ថា ១០ភាគរយនៃបុរសរុស្ស៊ីស្ម័គ្រចិត្តចូលធ្វើទាហាន ដើម្បីគេចពីប្រពន្ធឆ្នាស់។
ឃ្លីបវីដេអូអំពីការពិភាក្សាគ្នានេះ ត្រូវបានលោកអភិបាលក្រុងរូបនេះបង្ហោះលើបណ្តាញសង្គម និងមានអ្នកចែកចាយបន្តយ៉ាងពេញនិយម នៅក្នុងចំណោមប្រជាជនរុស្ស៊ី។
នៅពេលស្ត្រីរុស្ស៊ីមួយចំនួនបញ្ចេញប្រតិកម្មចំអកវិញ លោកអភិបាលក្រុង បាននិយាយថា «ខ្ញុំជាអ្នកស្នេហាជាតិមាតុភូមិរបស់ខ្ញុំ។ ខ្ញុំនិយាយមិនមានចេតនាអាក្រក់ដូចការកត់សម្គាល់ពីខាងក្រៅទេ។ ពាក្យនេះត្រូវបានគេកាត់ចេញពីបរិបទដើម ហើយអ្នកខ្លះថែមទាំងបកស្រាយដោយខ្លួនឯងថែម។ ខ្ញុំឈរលើជំហររបស់ខ្ញុំ ៖ស្ត្រីគឺជាឆ្អឹងខ្នងរបស់បុរស និងជាអ្នកគាំទ្រដល់បុរស ដែលស្ត្រីត្រូវតែលើកទឹកចិត្តប្រុសជាប្តី ទោះក្នុងស្ថានភាពណាក៏ដោយ»។
រុស្ស៊ីបានប្រកាសប្រមូលទ័ពបន្ថែម កាលពីដើមខែកញ្ញា ឆ្នាំ២០២២ ដើម្បីពង្រឹងយោធារបស់ខ្លួនក្នុងជម្លោះជាមួយអ៊ុយក្រែន ដែលកំពុងបាក់ទ័ពរត់ចោលទីតាំងឈរជើង។
បច្ចុប្បន្ននេះ រដ្ឋាភិបាលទីក្រុងមូស្គូកំពុងប្រមូលបុរសពេញវ័យឲ្យបានចំនួន៣០០,០០០នាក់
ដោយផ្តោតលើអ្នកធ្លាប់បម្រើក្នុងជួរកងទ័ព និងមានបទពិសោធន៍ប្រយុទ្ធក្នុងសមរភូមិ ដើម្បីចេញទៅច្បាំងជាមួយទាហានអ៊ុយក្រែនដ៏អង់អាចក្លាហាន។
នៅដើមខែតុលា ឆ្នាំ២០២២នេះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ើគី សយគូ (Sergey Shoigu) បាននិយាយថា មនុស្សជាង២០០,០០០នាក់ បានចូលបម្រើកងទ័ព ចាប់តាំងពីផ្តើមចុះឈ្មោះហៅតាមផ្ទះ។
លោករដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសបែបនេះ ក្នុងពេលធ្វើសន្និសីទ កាលពីម្សិលមិញថា ផែនការប្រមូលទ័ពរបស់រុស្ស៊ី គឺសម្រេចជោគជ័យជាងពាក់កណ្តាលហើយ។
៊លោក ស៊ើគី សយគូ បាននិយាយទៀតថា រហូតមកដល់ពេលនេះ មនុស្សជាងពីរសែននាក់នោះ ត្រូវបានបញ្ចូលបន្ថែមទៅក្នុងជួរកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ហើយពួកគេទាំងអស់កំពុងទទួលបានការបណ្តុះបណ្តាលជំនាញចាំបាច់។
លោកបានណែនាំមន្ត្រីពាក់ព័ន្ធឲ្យផ្តល់គ្រឿងបរិក្ខារសឹកចាំបាច់ទាំងអស់ ដល់ទាហានទើបចូលថ្មី ហើយដាក់ពួកគេឲ្យកាន់តំណែងជាមន្ត្រីយោធា។
លោកក៏បានពន្យល់ផងដែរថា អ្នកចូលបម្រើកងទ័ពក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ នឹងត្រូវបញ្ជូនឲ្យចូលរួមក្នុងប្រតិបត្តិការយោធា នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីពួកគេបានបញ្ចប់ការហ្វឹកហ្វឺន និងពង្រឹងសមត្ថភាពប្រយុទ្ធនៅតាមអង្គភាព។
ដើម្បីពន្លឿនដំណើរការហ្វឹកហ្វឺន លោករដ្ឋមន្ត្រីការពាររុស្ស៊ី បានបញ្ជាឲ្យមេបញ្ជាការផ្តល់ការបណ្តុះបណ្តាលបន្ថែម ក្រោមការណែនាំរបស់មន្រ្តីដែលមានបទពិសោធន៍ប្រយុទ្ធ។
លើសពីនេះ ក្រសួងបានប្រកាសថា ទាហានប្រមូលបាន នាពេលខាងមុខ ដែលនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ និងជ្រើសរើសយកមនុស្សតែប្រហែល១២០,០០០នាក់ប៉ុណ្ណោះ ឲ្យបម្រើការនៅក្នុងអង្គភាព ដែលមិនពាក់ព័ន្ធនឹងប្រតិបត្តិការយោធានៅអ៊ុយក្រែន៕