សេអ៊ូល៖ មីស៊ីលរបស់កូរ៉េខាងត្បូងមួយគ្រាប់ នៅ​ថ្ងៃ​ពុធនេះ បានធ្លាក់ចូលមូលដ្ឋានយោធាមួយកន្លែង នាភាគឦសានប្រទេស ក្នុង​អំឡុង​ពេល​​បាញ់សមយុទ្ធ​ ជាមួយទាហាន​​អាមេរិក​ ​ដើម្បី​សងសឹកប្រទេសកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលអន្តរទ្វីប ចូលដល់ដែនអាកាសប្រទេសជប៉ុន។

អគ្គសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង បានបញ្ជាក់អំពីឧប្បត្តិហេតុនេះ ដោយកត់សម្គាល់ថា មីស៊ីលផ្លោងមានបញ្ហា​បច្ចេកទេស ហើយ​ធ្លាក់​ពីលើ​មេឃ ចូលទីប្រជុំជនមួយ ស្ថិតនៅចម្ងាយប្រហែល៩០គីឡូម៉ែត្រ ពីព្រំដែនជាមួយកូរ៉េខាងជើង។

ប៉ុន្តែពុំមានអ្នកស្លាប់ ឬរងរបួសបណ្តាលមកពីការធ្លាក់មីស៊ីលនេះទេ ទោះបីជាមានសំឡេងផ្ទុះខ្លាំង នៅឯមូលដ្ឋានទ័ពអាកាសក៏ដោយ ហើយបាន​និយាយទៀត​ថា ពួកគេកំពុងតែកំណត់​ពី​មូលហេតុ​នៃ​ការធ្លាក់មី​ស៊ី​ល​នេះ​។

ឃ្លីបវីដេអូបង្ហាញ​ពី​ការ​ឆេះ​ដ៏​ធំ​មួយ​ នៅ​មូលដ្ឋាន​ទ័ព​អាកាស​ក៉រ៉េខាងត្បូង ត្រូវបាន​ផ្សព្វផ្សាយតាមបណ្តាញសង្គមរាប់​ម៉ោង​មុនមន្ត្រីរដ្ឋាភិបាលចេញមុខធ្វើអត្ថាធិប្បាយអំពីការធ្លាក់នេះ ដោយធ្វើឲ្យមានការភ័យខ្លាចចំពោះការវាយប្រហារពីកូរ៉េខាងជើង បន្ទាប់ពីការបាញ់បង្ហោះមីស៊ីលអន្តរទ្វីប ហោះរំលងប្រទេសជប៉ុន។

មន្ត្រីយោធាកូរ៉េខាងត្បូង បានសុំទោសជាសាធារណៈបន្ទាប់ពីបរាជ័យក្នុងការបាញ់មីស៊ីល ក្នុងអំឡុងពេលធ្វើសមយុទ្ធរួមគ្នាជាមួយសហរដ្ឋអាមេរិក ដែលបង្កឲ្យមានការភ្ញាក់ផ្អើលក្នុងចំណោមប្រជាជនកូរ៉េ ព្រោះកំពុងតែខ្លាចកូរ៉េខាងជើងស្រាប់។

ប្រជាពលរដ្ឋកូរ៉េ រស់នៅក្បែរកន្លែងធ្លាក់មីស៊ីល បាន​រាយការណ៍​ថា​ ពួកគេបាន​ឮ​សំឡេង​ផ្ទុះដ៏ខ្លាំង និង​ឃើញ​អណ្តាតភ្លើង​សន្ធោសន្ធៅភ្លឺពេញមួយ​យប់។

ការបាញ់មីស៊ីលនេះ​ គឺជា​ការ​ឆ្លើយ​តប​នឹង​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើងហោះរំលងពី​លើ​ប្រទេស​ជប៉ុន​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ដែលកន្លងមកយោធាកូរ៉េខាងត្បូង សហការជាមួយយោធាអាមេរិក ក៏ធ្លាប់បានបាញ់កាំជ្រួចផ្លោងចូលទៅក្នុងសមុទ្រខាងកើត ប្រទេសជប៉ុនដែរ។

មន្ត្រីយោធាកូរ៉េខាងត្បូង ក៏បាននិយាយផងដែរថា មីស៊ីលឈ្មោះ យុនមូ-២ ( Hyunmoo-2) មានផ្ទុកក្បាលគ្រាប់ ប៉ុន្តែវាមិនបានផ្ទុះទេ នៅពេលធ្លាក់នោះ។

ក្រោយពីធ្លាក់មីស៊ីលភ្លាមៗ មន្ត្រីយោធាកូរ៉េខាងត្បូង មិនបានចេញមកបកស្រាយប្រាប់ប្រជាជនឡើយ ដោយធ្វើឲ្យពួកគេភ័យពេញមួយយប់ ហើយនាំគ្នាបង្ហោះរូបថតអណ្តាតភ្លើងនៅលើបណ្តាញសង្គម ដោយងឿងឆ្ងល់ថា តើមានរឿងអ្វីកើតឡើង ចំពោះ
ភ្លើង​ឆេះ​យ៉ាង​សនសន្ធោសន្ធៅ ព្រមទាំងមាន​ផ្សែង​ហុយមើលឃើញពី​ចម្ងាយ៕

 

By Ana

You missed