វ៉ាស៊ីនតោន៖ នាយឧត្តមសេនីយ៍យោធាចូលនិវត្តន៍របស់អាមេរិក បានព្យាករណ៍ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងដឹកនាំការឆ្លើយតបដ៏ខ្លាំងក្លា ចំពោះការវាយប្រហារដោយនុយក្លេអ៊ែរណាមួយ របស់រុស្ស៊ី នៅអ៊ុយក្រែន ដោយវាយកម្ទេចកងកម្លាំង និងមូលដ្ឋានយោធាទាំងអស់របស់រុស្ស៊ីតែម្តង។
លោក ដេវីដ ផេត្រេស (David Petraeus) ដែលធ្លាប់បានបម្រើការជានាយកភា្នក់ងារចារកម្មអាមេរិក សេអ៊ីអា មួយរយៈខ្លី កាលសង្គ្រាមក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យថា «យើងនឹងឆ្លើយតបដោយ
ដឹកនាំអង្គការណាតូឲ្យប្រើប្រាស់កម្លាំងរួម ដើម្បីកម្ទេចចោលកងទ័ពរបស់រុស្ស៊ីទាំងអស់ ដូចយើងធ្លាប់មើលឃើញ និងអាចកំណត់បាន នៅលើសមរភូមិអ៊ុយក្រែន នៅឧបទ្វីបគ្រីមៀ និងកម្ទេចចោលនាវាចម្បាំងទាងំអស់របស់រុស្ស៊ី ឈរជើងនៅសមុទ្រខ្មៅ»។
ទោះអះអាងបែបនេះក៏ដោយ លោកឧត្តមសេនីយ មិនបានផ្តល់ព័ត៌មានជាក់លាក់ណាមួយអំពីរបៀបកងកម្លាំងណាតូអាចយកឈ្នះលើទាហានដ៏ស្រួលនោះទេ ហើយបាននិយាយថា លោកក៏មិនដឹងអំពីផែនការរបស់ប្រធានាធិបតីអាមរិក លោក ចូន បាយដិន (Joe Biden) ត្រៀមចាត់វិធានការចំពោះរុស្ស៊ីបែបណាឡើយ។
លោក ដេវីដ ផេត្រេស បាននិយាយបន្ថែមថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គួរតែជៀសវាងការប្រើអាវុធនុយក្លេអ៊ែរតបតទៅរុស្ស៊ីវិញ ប៉ុន្តែត្រូវចាត់ទុកថា ការប្រើអាវុធនុយក្លេអ៊ែរ ជារឿងមិនអាចទទួលយកបានទេ។
ការលើកឡើងបែបនេះរបស់មន្ត្រីយោធាជាន់ខ្ពស់អាមេរិក ឆ្លុះបញ្ចាំងឲ្យឃើញថា អាមេរិកនឹងចេញមុខធ្វើសង្គ្រាមដោយផ្ទាល់ជាមួយប្រទេសរុស្ស៊ី ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោក ដូចប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានព្រមានកាលពីខែមុនថា រដ្ឋាភិបាលទីក្រុងម៉ូស្គូនឹងប្រើប្រាស់គ្រប់លទ្ធភាពទាំងអស់ ដើម្បីការពាររុស្ស៊ី និងប្រជាជនរបស់ខ្លួន ប្រសិនបើបូរណភាពទឹកដីរបស់ខ្លួនស្ថិតក្នុងគ្រោះថ្នាក់។
ការនិយាយព្រមានរបស់ប្រធានាធិបតីរុស្ស៊ី ត្រូវបានមន្ត្រីសេតវិមានបកស្រាយថា វាជាការគំរាមកំហែងចង់ប្រើអាវុធនុយក្លេអ៊ែប្រឆាំងនឹងអ៊ុយក្រែន ហើយអាមេរិកព្រមានតបវិញ ដោយការគំរាមកំហែងពីផលវិបាកដ៏មហន្តរាយធ្ងន់ធរបំផុត។
ការព្យាករណ៍របស់លោកឧត្តមសេនីយ៍ចូលនិវត្តន៍រូបនេះ គឺស្រដៀងគ្នានឹងការព្យាករណ៍របស់ឧត្តមសេនីយ៍អាមេរិកចូលនិវត្តន៍ដទៃទៀត ដែលពីកាលពីខែមុន ក៏បានអះអាងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនអាចឆ្លើយតបទៅនឹងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន ដោយរួមគ្នាជាមួយសម្ព័ន្ធមិត្តណាតូ ដើម្បីវាយកម្ទេចមូលដ្ឋានទ័ពរុស្ស៊ីទាំងអស់ ដូចជាមូលដ្ឋានឈរជើងនៅឧបទ្វីបគ្រីមៀ ឬបំផ្លាញចោលនាវាចម្បាំងរុស្ស៊ីឈរជើងនៅសមុទ្រខ្មៅ។
អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវីដេវ (Dmitry Medvedev) ធ្លាប់បាននិយាយថា រដ្ឋាភិបាលទីក្រុងមូស្គូ នឹងសម្រេចប្រើអាវុធណាមួយ ដែលខ្លួនយល់ថា ដល់ពេលប្រើវាដើម្បីការពារប្រជាជនខ្លួន។
ដោយនិយាយមិនចាំឈ្មោះ លោកបានព្រមានតបវិញថា «មនុស្សឆ្កួត ដែលជាឧត្តមសេនីយ៍ចូលនិវត្តន៍ មិនគួរប្រឹងគំរាមកំហែងរដ្ឋាភិបាលទីក្រុងមូស្គូទេ ដោយអះអាងថា ទាហានណាតូអាចវាយប្រហារឧបទ្វីបគ្រីមៀ»។
លោក ឌីមីទ្រី ម៉េដវីដេវ បានព្រមានអាមេរិក និងសម្ព័ន្ធមិត្តនៅអឺរ៉ុនថា «មីស៊ីលល្បឿនលឿនជាងសំឡេងរបស់រុស្ស៊ី ប្រាកដជាអាចវាយប្រហារចំគោលដៅនៅអឺរ៉ុប និងអាមេរិកបានលឿនបំផុត។ ស្ថាប័នអង្គការលោកខាងលិច និងពលរដ្ឋណាតូ ត្រូវយល់ថា រុស្ស៊ីបានជ្រើសរើសផ្លូវរបស់ខ្លួនរួចហើយ និងគ្មានផ្លូវត្រឡប់ក្រោយវិញទេ»៕