មូស្គូ៖ ក្រុមឃ្លាំមើលសិទ្ធិមនុស្សក្នុងប្រទេសរុស្ស៊ី បាននិយាយថា ក្នុងចំណោមមនុស្សជាង១,៣០០នាក់ ដែលត្រូវបានឃុំខ្លួននៅទូទាំងប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ ក្នុងតវ៉ាប្រឆាំងសង្រ្គាមទូទាំងប្រទេស ពេលនះបាតុករមួយចំនួនត្រូវបានបញ្ជូនឲ្យចូលធ្វើទាហាន បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានប្រកាសពីការប្រមូលទ័ពបន្ថែមទៀត ដើម្បីវាយឈ្លានពានប្រទេសអ៊ុយក្រែន។
អ្នកនាំពាក្យរបស់ក្រុមឃ្លាំមើលសិទ្ធិមនុស្ស លោកស្រី ម៉ារីយ៉ា គូសណេតសូវ៉ា (Maria Kuznetsova) បាននិយាយថា យ៉ាងហោចណាស់នៅតាមប៉ុស្តិ៍ប៉ូលីសចំនួនបួន ដែលឃុំខ្លួនបាតុករក្នុងទីក្រុងមូស្គូ បានបញ្ជូនខ្លួនបាតុករឲ្យទៅចូលបម្រើកងទ័ពរបស់ប្រទេសរុស្ស៊ី។
លោកស្រីបាននិយាយថា អ្នកជាប់ឃុំម្នាក់ ត្រូវបាននគរបាលគំរាមកំហែងថា នឹងការកាត់ទោសពីបទបដិសេធមិនព្រមចូលធ្វើទាហាន ដោយត្រូវដាក់ទោសជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ។
យោងតាមមេដឹកនាំបាតុករ បានឲ្យដឹងថា ក្នុងចំណោមមនុស្សជាង១,៣០០នាក់ ដែលត្រូវបានឃុំខ្លួននៅទូទាំងប្រទេស មានមនុស្សជាង៥០០នាក់ នៅក្នុងទីក្រុងមូស្គូ និងជាង៥២០នាក់ នៅក្នុងទីក្រុងសេនភីធើស្ប៊ើក ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលថ្ងៃពុធ បានបញ្ជាឲ្យចល័តទ័ពរបស់រុស្ស៊ី ថែមទៀត ដើម្បីធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ដោយព្រមានប្រទេសលោកខាងលិចថា ប្រសិនបើប្រទេសរុស្ស៊ី នៅតែរងការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ នោះទីក្រុងមូស្គូនឹងឆ្លើយតបដោយប្រើកម្លាំងទ័ពដ៏ធំ។
លោកបាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ទៅកាន់ប្រទេសជាតិថា «ប្រសិនបើបូរណភាពទឹកដីនៃប្រទេសរបស់យើងត្រូវបានគំរាមកំហែង យើងនឹងប្រើគ្រប់មធ្យោបាយដែលមាន ដើម្បីការពារប្រជាជនរបស់យើង ហើយនេះមិនមែនជាការនិយាយកុហកទេ ព្រោះរុស្ស៊ីមានអាវុធច្រើនណាស់»។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បាននិយាយថា ការចល័តបន្ថែមនេះនឹងរួមមានទាហានបម្រុងចំនួន៣០០,០០០នាក់ បូកជាមួយទាហានមានបទពិសោធន៍ពីមុនផងដែរ។
ការចល័តទ័ពបន្ថែមរបស់លោក វ៉្លាឌីមៀ ពូទីន ធ្វើឲ្យជម្លោះលើអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរ ហើយកើតឡើងនៅពេលទាហានរុស្ស៊ីត្រូវប្រយុទ្ធនឹងការវាយបករបស់អ៊ុយក្រែន ដែលបានបង្ខំឲ្យកងទ័ពរបស់ខ្លួនចុះចាញ់ និងដកទ័ពចេញទឹកដីអ៊ុយក្រែន ដែលខ្លួនបានឈ្លានពានកាន់កាប់។
លោកបាននិយាយថា ការចល័តយោធាមួយផ្នែកនៃទាហានបម្រុងចំនួន២លាននាក់ គឺដើម្បីការពារប្រទេសរុស្ស៊ី និងទឹកដីរបស់ខ្លួន ដោយលើកហេតុផលថា លោកខាងលិចមិនចង់ឲ្យប្រទេសអ៊ុយក្រែនមានសន្តិភាពឡើយ។
លោកបាននិយាយទៀតថា សហរដ្ឋអាមេរិក អង់គ្លេស និងអង្គការណាតូ កំពុងជំរុញប្រទេសអ៊ុយក្រែនឲ្យ «បង្វែប្រតិបត្តិការយោធាមកកាន់ទឹកដីរបស់យើង» ដោយមានគោលបំណង «ប្លន់ប្រទេសរបស់យើងទាំងស្រុង»។
យោធាអ៊ុយក្រែន បានវាយប្រហារជាបណ្តើរៗទៅលើគោលដៅនានា នៅក្នុងប្រទេសរុស្ស៊ី ដោយប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ ដែលផ្គត់ផ្គង់ដោយអាមេរិក និងលោកខាងលិច។
លោក វ៉្លាឌីមៀ ពូទីន បាននិយាយដោយលើកឡើងពីរោងចក្រថាមពលនុយក្លេអ៊ែរ របស់អ៊ុយក្រែន ដែលជារោងចក្រធំបំផុតនៅអឺរ៉ុបថា ជាការគំរាមកំហែងនុយក្លេអ៊ែរ មកលើប្រទេសរុស្ស៊ី។
លោកបានចោទប្រកាន់ថា មានអ្នកដឹកនាំប្រទេសសមាជិកអង្គការណាតូឲ្យធ្វើសេចក្តីថ្លែងការណ៍ អំពីលទ្ធភាពប្រើប្រាស់អាវុធប្រល័យលោកមកលើរុស្ស៊ី គឺអាវុធនុយក្លេអ៊ែរ។
លោក វ៉្លាឌីមៀ ពូទីន បានចោទប្រកាន់ថា «ចំពោះអ្នកដែលអនុញ្ញាតឲ្យអ្នកធ្វើសេចក្តីថ្លែងការណ៍បែបនេះ ទាក់ទងនឹងប្រទេសរុស្ស៊ី ខ្ញុំចង់រំលឹកអ្នកថា ប្រទេសរបស់យើងក៏មានមធ្យោបាយសម្រាប់បំផ្លិចបំផ្លាញដែរ ហើយអាវុធខ្លះគឺទំនើបជាងអាវុធរបស់បណ្តាប្រទេសជាសមាជិកអង្គការណាតូ»។
លោកបានរំលឹកឡើងវិញនូវគោលបំណងរបស់លោក គឺដើម្បីរំដោះតំបន់ឧស្សាហកម្មដ៏សំខាន់ នៅក្នុងតំបន់ដូនបាស (Donbas) ស្ថិតនៅភាគខាងកើតអ៊ុយក្រែន ដោយលើកហេតុផលថា ប្រជាជនភាគច្រើនរស់នៅក្នុងតំបន់នោះ មិនចង់រស់នៅក្រោមនឹងត្រួតត្រារបស់អ៊ុយក្រែននោះទេ។
នៅមុនពេលលោក វ៉្លាឌីមៀ ពូទីន ថ្លែងសុន្ទរកថាតាមទូរទស្សន៍នេះ មេដឹកនាំមកពីជុំវិញពិភពលោក ដែលជួបប្រជុំគ្នានៅអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក បាននាំគ្នាបរិហារការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងអំពីផែនការរបស់ក្រុមបំបែកខ្លួនគាំទ្រដោយរុស្ស៊ីចំនួនបួន ដើម្បីធ្វើប្រជាមតិកាត់ដីអ៊ុយក្រែនចូលរួមជាមួយរុស្ស៊ី។
ក្រុមមេដឹកនាំគាំទ្ររុស្ស៊ី បានប្រកាសការបោះឆ្នោតធ្វើប្រជាមតិ នៅថ្ងៃទី២៣ និងថ្ងៃទី២៧ ខែកញ្ញា នៅក្នុងតំបន់រុស្ស៊ីចូលត្រួតត្រាបាន គឺមានខេត្តលូហាន់ ខេត្តដូណែត ខេត្តឃើសុន និងខេត្តហ្សាប៉ូរីហ្សា ដែលមានប្រជាជនប្រហែល១៥ភាគនៃទឹកដីអ៊ុយក្រែនទាំងមូល៕