ព្យុងយ៉ាង៖ កូរ៉េខាងជើងនៅថ្ងៃនេះ បានបដិសេធថា ខ្លួនមិនដែលលក់សព្វាវុធទៅឱ្យរុស្ស៊ីទេ ហើយមិនមានគម្រោងលក់ឲ្យរុស្ស៊ី នៅពេលអនាគត បន្ទាប់ពីមានរបាយការណ៍របស់សហរដ្ឋអាមេរិកថា រដ្ឋាភិបាលទីក្រុងមូស្គូកំពុងងាកទៅរកទីក្រុងព្យុងយ៉ាង ដើម្បីបំពេញឃ្លាំងស្តុកទុកអាវុធ។
កន្លងមកថ្មីៗនេះ មន្ត្រីអាមេរិក បាននិយាយចោទប្រកាន់ថា រុស្ស៊ីអាចទិញគ្រាប់រ៉ុក្កែត និងកាំភ្លើងផ្លោងពីប្រទេសកូរ៉េខាងជើង ដើម្បីយកទៅប្រើប្រាស់នៅក្នុងចម្បាំងនៅប្រទេសអ៊ុយក្រែន។
មន្ត្រីអាមេរិកបាននិយាយថា រុស្ស៊ីកំពុងទិញអាវុធពីកូរ៉េ និងទិញសព្វាវុធរបស់អ៊ីរ៉ង់ ដោយសារទណ្ឌកម្មរបស់លោកខាងលិចកំពុងរារាំងការព្យាយាមឈ្នំរបស់រុស្ស៊ី ក្នុងសង្គ្រាមអ៊ុយក្រែន ប៉ុន្តែរដ្ឋាភិបាលទីក្រុងម៉ូស្គូ បានបដិសេធរបាយការណ៍នោះ។
នាថ្ងៃព្រហស្បតិ៍នេះ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដោយដកស្រង់មន្ត្រីការពារជាតិកូរ៉េខាងជើងម្នាក់ មិនបញ្ចេញឈ្មោះ បាននិយាយថា «យើងមិនដែលបាននាំចេញអាវុធ ឬគ្រាប់រំសេវទៅកាន់ប្រទេសរុស្ស៊ីទេ ហើយយើងនឹងមិនមានគម្រោងនាំចេញដែរ»។
មន្ត្រីដដែលនេះបានបដិសេធថា វាជាការចោទប្រកាន់ពីសហរដ្ឋអាមេរិក និងពីកងកម្លាំងអមិត្ត ផ្សេងទៀត ព្រមទាំងការផ្សព្វផ្សាយពាក្យចចាមអារ៉ាម ដើម្បីបម្រើគោលដៅនយោបាយ និងយោធារបសខ្លួន។
កាលពីដើមខែកញ្ញា ឆ្នាំ២០២២នេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា ការទិញអាវុធកូរ៉េខាងជើងពីសំណាក់រុស្ស៊ី អាចរួមបញ្ចូលគ្រាប់រ៉ុក្កែត និងគ្រាប់កាំភ្លើងធំរាប់លានគ្រាប់ សម្រាប់ផ្គត់ផ្គង់ដល់សង្គ្រាមនៅអ៊ុយក្រែន។
ប៉ុន្តែអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក ចន ឃើប៊ី (John Kirby) ក្រោយមកបានលេចចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ការទិញមិនទាន់ច្បាស់លាស់ ហើយមិនទាន់មានភស្តុតាងណាមួយ ដែលបង្ហាញថាអាវុធរបស់កូរ៉េខាងជើងត្រូវប្រើប្រាស់ក្នុងសង្គ្រាមអ៊ុយក្រែននោះទេ។
ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន តាំងពីខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហាញឲ្យឃើញនូវការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់យោធារបស់ខ្លួន បើទោះបីបានប្រើប្រាស់អាវុធទំនើបៗ ដូចជាកាំជ្រួចហោះក្នុចម្ងាយឆ្ងាយក៏ដោយ។ ចំណែកកងកម្លាំងអ៊ុយក្រែនវិញ ដែលប្រើប្រាស់អាវុធនាំចូលពីលោកខាងលិច នៅក្នុងប៉ុន្មានខែថ្មីៗនេះ បានធ្វើឲ្យទាហានរុស្ស៊ីរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
កាលពីខែកក្កដា ប្រទេសកូរ៉េខាងជើង គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនទៀត ដែលបានទទួលស្គាល់ជាផ្លូវការនូវតំបន់បំបែកខ្លួនពីរនៅភាគខាងកើតអ៊ុយក្រែន គាំទ្រដោយរុស្ស៊ី ហើយជាការសងសឹកវិញ រដ្ឋាភិបាលអ៊ុយក្រែន បានកាត់ផ្តាច់ទំនាក់ទំនងការទូតទាំងអស់ជាមួយក្រុងព្យុងយ៉ាង។
កាលពីដើមខែនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានប្តេជ្ញាថា នឹងពង្រីកទំនាក់ទំនងទ្វេភាគីដ៏ទូលំទូលាយ និងប្រកបការស្ថាបនា ជាមួយកូរ៉េខាងជើង៕