មូស្គូ៖ ប្រជាពលរដ្ឋរុស្ស៊ី ភាគច្រើនជាបុរសពេញវ័យ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានសម្រុកចេញដំណើរឆ្លងតាមព្រំដែនរុស្ស៊ី និងតាមជើងយន្តហោះ ទៅកាន់បរទេស ដើម្បីគេចចេញពីការបង្ខំឲ្យចូលបម្រើកងទ័ពទៅច្បាំងនៅសង្គ្រាមអ៊ុយក្រែន។
សកម្មភាពសម្រុកគេចខ្លួនចេញពីប្រទេសនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានប្រកាសពីការចល័តទ័ព និងប្រមូលទ័ពបន្ថែម ឲ្យបានចំនួន៣សែននាក់ ឲ្យទៅច្បាំងក្នុងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។
នៅតាមព្រំដែនជាមួយប្រទេសហ្សកហ្ស៊ី ក្បួនរថយន្តជនជាតិរុស្ស៊ី មានប្រវែងរាប់គីឡូម៉ែត្របានតម្រង់ជួរគ្នា ដើម្បីធ្វើដំណើរចាកចេញពីប្រទេសរបស់ខ្លួន ដោយសារមិនចង់ចូលបម្រើកងទ័ព តាមបញ្ជារបស់រដ្ឋាភិបាល។
បុរសម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ដោយមិនបាច់វេចខ្ចប់អ្វីច្រើន គាត់បានយកលិខិតឆ្លងដែន រួចបើករថយន្តសំដៅទៅកាន់ព្រំដែនប្រទេសហ្សកហ្ស៊ី បន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ព្រោះគាត់ខ្លាចគេចាប់បញ្ជូនទៅធ្វើសង្រ្គាម។
ជួរក្បួនរថយន្តរងចាំនៅប៉ុស្តិ៍ត្រួតពិនិត្យតាមព្រំដែនរុស្ស៊ី ជាមួយហ្សកហ្ស៊ី អាចមានប្រវែងប្រហែល៥គីឡូម៉ែត្រ ចំណែកអ្នកផ្សេងទៀតបាននិយាយថា អ្នកធ្វើដំណើរខ្លះបានចំណាយពេលរហូតដល់ប្រាំពីរម៉ោង ដើម្បីរងចាំឆ្លងព្រំដែន។
ឃ្លីបវីដេអូ បង្ហោះលើបណ្តាញទំនាក់ទំនងសង្គម បង្ហាញឲ្យឃើញអ្នកបើកបររថយន្តមួយចំនួន បានទុករថយន្តចោលនៅតាមដងផ្លូវ រួចដើរឆ្លងដែនចូលទៅក្នុងទឹកដីហ្សកហ្ស៊ី ទើបធ្វើឲ្យស្ទះចរាចរណ៍។
ហ្សកហ្ស៊ី គឺជាប្រទេសជិតខាងរបស់រុស្ស៊ី ដែលជនជាតិរុស្សី អាចចេញចូលបានដោយមិនចាំបាច់សុំទិដ្ឋាការ។ ប្រទេសហ្វាំងឡង់ ដែលមានព្រំដែនប្រវែង១,៣០០គីឡូម៉ែត្រ ជាមួយរុស្ស៊ី ត្រូវការទិដ្ឋាការសម្រាប់អ្នកធ្វើដំណើរឆ្លងព្រំដែន ហើយបាននិយាយថា ក្នុងមួយយប់មានអ្នកធ្វើដំណើរឆ្លងដែនច្រើនណាស់។
ចំណែកគោលដៅផ្សេងទៀត ដែលជនជាតិរុស្ស៊ី បានគេចចេញពីប្រទេសតាមរយៈការធ្វើដំណើរផ្លូវអាកាសមាន ដូចជាទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ទីក្រុងបែលក្រាដ ប្រទេសហ្សើប និងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ រីឯតម្លៃសំបុត្រយន្តហោះ បានឡើងថ្លៃភ្លាមៗ បន្ទាប់ពីការប្រកាសបទបញ្ជាកេណ្ឌទ័ពរបស់លោក វ្ល៉ាឌីមៀ ពូទីន។
ប្រព័ន្ធផ្សព្វផ្សាយទួរគី បានធ្វើសេចក្តីរាយការណ៍ថា ការលក់សំបុត្រជើងហោះហើរចេញពីប្រទេសរុស្ស៊ី បានកើនឡើងយ៉ាងគំហុក ខណៈតម្លៃសំបុត្រជើងហោះហើរទៅកាន់គោលដៅផ្សេងទៀត ដែលមិនទាមទារទិដ្ឋាការឆ្លងដែន បានឡើងថ្លៃដល់រាប់ពាន់ដុល្លារក្នុងមួយជើង។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសអាល្លឺម៉ង់ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអាល្លឺម៉ង់ទទួលស្វាគមន៍ជនជាតិរុស្ស៊ី ដែលរត់គេចចេញពីប្រទេសដោយសារមិនចង់ចូលបម្រើកងទ័ព តាមបទបញ្ជាកេណ្ឌទ័ពរបស់លោក វ្ល៉ាឌីមៀ ពូទីន។
ប្រតិកម្មនឹងការសម្រុករត់គេចចេញពីប្រទេសនេះ រដ្ឋាភិបាលរុស្ស៊ីបាននិយាយបកស្រាយថា ក្រសួងការពារជាតិរុស្ស៊ី កោះហៅតែមនុស្សណា ដែលធ្លាប់បានបំពេញកាតព្វកិច្ចយោធា និងមានជំនាញពិសេស ព្រមទាំងមានបទពិសោធន៍ប្រយុទ្ធក្នុងសង្គ្រាមប៉ុណ្ណោះ។
តាមច្បាប់កាតព្វកិច្ចកងទ័ពរបស់រុស្ស៊ី មនុស្សពេញវ័យណាម្នាក់ព្យាយាមគេចវេសមិនបំពេញកាទព្វកិច្ចកងទ័ព គឺជាបទល្មើសព្រហ្មទណ្ឌ៕