ទីក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) កាលពីថ្ងៃម្សិលមិញ បានអំពាវនាវឲ្យមេដឹកនាំពិភពលោក រួបរួមគ្នាប្រឆាំងនឹងសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន និងដកហូតអំណាចវេតូរបស់រុស្ស៊ី នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ក្នុងសុន្ទរកថាពីចម្ងាយ ហើយចាកផ្សាយនៅក្នុងមហាសន្និបាតលើកទី៧៧ របស់អង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក លោកបានមានប្រសាសន៍ប្រាប់មេដឹកនាំមកពីជុំវិញពិភពលោកថា «ឧក្រិដ្ឋកម្មកំពុងកើតមានចំពោះប្រជាជនអ៊ុយក្រែន ហើយយើងទាមទារឲ្យមានការផ្តន្ទាទោស»។
លោកបាននិយាយថា ការឈ្លានពានរបស់រុស្សីលើរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ បានធ្វើឲ្យខូចសណ្តាប់ធ្នាប់ពិភពលោក។
លោកបានបន្ថែមថា «ដរាបណាជនឈ្លានពាន គឺជាភាគីនៃការសម្រេចចិត្តនៅក្នុងអង្គការអន្តរជាតិ អ្នកគួរតែឈប់នៅក្បែរ រហូតដល់ជននោះបញ្ឈប់ការឈ្លានពាន។ ប្រសិនបើជនឈ្លានពាន គឺជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ យើងត្រូវដកសិទ្ធិបោះឆ្នោត ដកសិទ្ធិធ្វើប្រតិភូកម្ម និងដកសិទ្ធិវេតូ»។
លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយបន្តទៀតថា «អ៊ុយក្រែនចង់បានសន្តិភាព អឺរ៉ុបចង់បានសន្តិភាព ពិភពលោកចង់បានសន្តិភាព ហើយយើងបានដឹងថា នរណាជាមនុស្សចង់បានសង្រ្គាម។ មានតែមនុស្សម្នាក់ប៉ុណ្ណោះ ក្នុងចំណោមរដ្ឋសមាជិកទាំងអស់របស់អង្គការសហប្រជាជាតិ»។
លោកក៏បានព្យាករណ៍ថា រុស្ស៊ីមានបំណងប្រើប្រាស់រដូវរងាខាងមុខនេះ ដើម្បីរៀបចំបង្កើនកងទ័ពសម្រាប់ការវាយលុកជាថ្មី លើទឹកដីអ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) កាលពីព្រឹកថ្ងៃពុធ បានប្រកាសពីការចបង្កើនទ័ពបន្ថែម ដើម្បីគាំទ្រសកម្មភាពឈ្លានពាន ហើយបានលើកឡើងពីលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងសង្គ្រាមអ៊ុយក្រែន។
នៅក្នុងសុន្ទរកថានេះដែរ លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី ក៏បានរិះគន់គំនិតរក្សាអព្យាក្រឹតភាព ចំពោះជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយលោកព្រមានថា ការព្រងើយកន្តើយចំពោះសង្គ្រាមនេះ គឺជាការបណ្តោយឲ្យមានសង្គ្រាម។
លោកបាននិយាយថា បើអ្នកនិយាយអំពីអព្យាក្រឹតភាព នៅពេលតម្លៃមនុស្ស និងសន្តិភាព កំពុងរងការវាយប្រហារ ដូច្នេះមានន័យថា គឺជាការនិយាយអំពីភាពព្រងើយកន្តើយ និងមិនខ្វល់អំពីសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែគិតតែពីខ្លួនឯង។
នៅក្នុងសុន្ទរកថាដដែល លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី ក៏បានអំពាវនាវដល់ប្រទេសជាមិត្ត ឲ្យបន្តគាំទ្រការប្រយុទ្ធរបស់អ៊ុយក្រែន តាមរយៈផ្តល់ជំនួយយោធាដល់ទាហានអ៊ុយក្រែន ហើយបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី រួមទាំងដាក់រុស្ស៊ី ឲ្យនៅឯកោលើឆាកអន្តរជាតិ។
លោកប្រធានាធិបតីបានបញ្ជាក់ថា «សម្រាប់ពួកយើង នេះគឺជាសង្រ្គាមសម្រាប់អាយុជីវិត។ នោះហើយជាមូលហេតុ ដែលយើងត្រូវការជំនួយផ្នែកការពារ – ដូចជាអាវុធ ឧបករណ៍យោធា និងគ្រាប់ផ្លោង។ សព្វាវុធវាយលុករយៈចម្ងាយឆ្ងាយ គឺគ្រប់គ្រាន់ដើម្បីរំដោះទឹកដីរបស់យើង ចំណែកប្រព័ន្ធការពារដ៏សំខាន់ជាងនេះទៅទៀត គឺប្រព័ន្ធការពារដែនអាកាស។ ហើយយើងក៏ត្រូវការជំនួយផ្នែកហិរញ្ញវត្ថុ ដើម្បីរក្សាស្ថិរភាពផ្ទៃក្នុង និងបំពេញកាតព្វកិច្ចសង្គមជូនប្រជាជនរបស់យើង»។
លោកបានបន្ថែមថា លក្ខខណ្ឌចុងក្រោយសម្រាប់ស្វែងរកសន្តិភាព គឺការប្តេជ្ញាចិត្តពីអ៊ុយក្រែន និងពីពិភពលោក៕