មូស្គូ៖ នគរបាលរុស្ស៊ី កាលពីម្សិលមិញ បានចាប់ខ្លួនបាតុកររាប់រយនាក់ ដែលប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីណ ក្នុងការប្រមូលទាហានបន្ថែមរាប់សែននាក់ទៀត ដើម្បីបញ្ជូនទៅច្បាំងធនៅសង្គ្រាមអ៊ុយក្រែន។

អង្គការសិទ្ធិមនុស្សរុស្ស៊ី បានរាយការណ៍ថា បាតុករយ៉ាងហោចណាស់ចំនួនជាង១,៣០០នាក់ ត្រូវបានចាប់ខ្លួន​ ​នៅពេលពួកគេប្រមូលផ្តុំគ្នាតវ៉ា ​នៅ​ទីក្រុងសេនភីធើស្ប៊ើក និងនៅទីក្រុងមូស្គូ។

កាលពីព្រឹកម្សិលមិញ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លឌីមៀ ពូទីន បានបញ្ជាឲ្យបញ្ជូនទ័ពបន្ថែមទៀតទៅកាន់សង្គ្រាមអ៊ុយក្រែន ដែលរួមមានទាហានបម្រុងចំនួន៣សែននាក់ ដើម្បីពង្រឹងកងកម្លាំងទ័ពរបស់រុស្ស៊ី ដែលបានទទួលរងគ្រោះនៅសមរភូមិ ក្រោមការវាយបកយ៉ាងខ្លាំងក្លាពីទាហានអ៊ុយក្រែន។

ការប្រកាសប្រមូលទ័ពបន្ថែមនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីតំបន់ទាហានរុស្ស៊ីកាន់កាប់ នៅក្នុងអ៊ុយក្រែន បានប្រកាសការបោះឆ្នោតប្រជាមតិ ស្តីពីការចូលរួមជាមួយរុស្ស៊ី។

នៅក្នុងសុន្ទរកថាថ្លែងតាមទូរទស្សន៍ជូនជនរួមជាតិ លោក វ៉្លាឌីមៀ ពូទីន បានសង្កត់ធ្ងន់ថា លោកនឹងប្រើប្រាស់ គ្រប់មធ្យោបាយដែលមាន ដើម្បីការពារទឹកដីរុស្ស៊ី ដោយលោកបញ្ជាក់ថា វាអាចពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ។

ការិយាល័យរដ្ឋអាជ្ញាក្រុងមូស្គូ នៅថ្ងៃពុធនេះ បានព្រមានថា ការអំពាវនាវឲ្យចូលរួមការតវ៉ាតាមដងផ្លូវដោយគ្មានការអនុញ្ញាត អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ។ ក្រុមអ្នកតវ៉ាខុសច្បាប់អាចត្រូវកាត់ទោសពីបទបង្ខូចកិត្តិយសកងកម្លាំងប្រដាប់អាវុធ ឬពីបទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ អំពីប្រតិបត្តិការយោធារបស់រុស្ស៊ី នៅអ៊ុយក្រែន។

ការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងរបស់អាជ្ញាធររុស្ស៊ី ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត អំពីសង្គ្រាមអ៊ុយក្រែន និងការរំខានពីនគរបាលរុស្ស៊ី ចំពោះសកម្មជនប្រឆាំងលោក វ៉្លាឌីមៀ ពូទីន បានធ្វើឲ្យការតវ៉ាជាសាធារណៈប្រឆាំងសង្គ្រាម កម្រកើតមានណាស់នៅក្នុងប្រទេសរុស្ស៊ី។

បទបញ្ជាចល័តបន្ថែមរបស់ប្រធានាធិបតីរុស្ស៊ី បានកើតឡើង បន្ទាប់ពីរុស្ស៊ីបានខាតបង់យ៉ាងធ្ងន់ធ្ងរ នៅក្នុងសង្គ្រាមអ៊ុយក្រែន ដែលកងទ័ពអ៊ុយក្រែនបានវាយដណ្តើមយកមកវិញនូវផ្ទៃដីដ៏ធំ នៅភាគខាងកើតអ៊ុយក្រែន។

យុវជន​រុស្ស៊ី​ បាននិយាយ​ប្រាប់ប្រព័ន្ធផ្សព្វផ្សាយបរទេសថា ពួកគេ​ភ័យ​ខ្លាច​​ចំពោះ​ការ​ហៅឲ្យចូលបម្រើកងទ័ព ដើម្បីទៅច្បាំងនៅក្នុងសង្គ្រាមអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឲ្យចល័តទ័ពរបស់រុស្ស៊ី ថែមទៀត ដើម្បីធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ដោយព្រមានប្រទេសលោកខាងលិចថា ប្រសិនបើប្រទេសរុស្ស៊ី នៅតែរងការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ នោះទីក្រុងមូស្គូនឹងឆ្លើយតបដោយប្រើកម្លាំងទ័ពដ៏ធំ។

លោកបាននិយាយថា «ប្រសិនបើបូរណភាពទឹកដីនៃប្រទេសរបស់យើងត្រូវបានគំរាមកំហែង យើងនឹងប្រើគ្រប់មធ្យោបាយដែលមាន ដើម្បីការពារប្រជាជនរបស់យើង ហើយនេះមិនមែនជាការនិយាយកុហកទេ ព្រោះរុស្ស៊ីមានអាវុធច្រើនណាស់»។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បាននិយាយថា ការចល័តបន្ថែមនេះនឹងរួមមានទាហានបម្រុងចំនួន៣០០,០០០នាក់ បូកជាមួយទាហានមានបទពិសោធន៍ពីមុនផងដែរ។

ការចល័តទ័ពបន្ថែមរបស់លោក វ៉្លាឌីមៀ ពូទីន ធ្វើឲ្យជម្លោះលើអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរ ហើយកើតឡើងនៅពេលទាហានរុស្ស៊ីត្រូវប្រយុទ្ធនឹងការវាយបករបស់អ៊ុយក្រែន ដែលបានបង្ខំឲ្យកងទ័ពរបស់ខ្លួនចុះចាញ់ និងដកទ័ពចេញទឹកដីអ៊ុយក្រែន ដែលខ្លួនបានឈ្លានពានកាន់កាប់៕

 

 

By Ana

You missed