អ៊ីស្តាន់ប៊ុល៖ ប្រធានាធិបតីទួរគី លោក រ៉េស៊ីប តៃយីប អេឌូហ្គាន់ (Recep Tayyip Erdogan) បានអះអាងថា លោកជឿលើប្រធានាធិបតីរុស្ស៊ី កំពុងតែរកវិធីដើម្បីបញ្ចប់សង្រ្គាម នៅក្នុងអ៊ុយក្រែន ឲ្យបានឆាបរហ័ស នាពេលខាងមុខនេះ។
លោកបានយល់បែបនេះ ក្រោយពីការជួបពិភាក្សាគ្នា នាពេលថ្មីៗនេះ ជាមួយលោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) គឺលោកចង់បញ្ចប់សង្គ្រាមនេះឲ្យបានឆាប់កាន់តែល្អ ខណៈកងទ័ពអ៊ុយក្រែន កំពុងវាយដណ្តើមយកទឹកដីមកវិញ។
ទោះបីជាប្រធានាធិបតីរុស្ស៊ី ចង់បញ្ចប់សង្គ្រាមឲ្យបានឆាប់ក៏ដោយ មេដឹកនាំទួរគី បានបង្ហើបថា អ្វីៗមានបញ្ហាច្រើនណាស់សម្រាប់ប្រទេសរុស្ស៊ី។
លោក រ៉េស៊ីប តៃយីប អេឌូហ្គាន់ បាននិយាយអំពីការពិភាក្សាគ្នាយ៉ាងច្រើន ជាមួយលោក វ៉្លាឌីមៀ ពូទីន នៅក្នុងកិច្ចប្រជុំកំពូលមួយ នៅប្រទេសអូបេគីស្ថាន កាលពីសប្តាហ៍មុន។
នៅក្នុងបទសម្ភាសន៍ជាមួយ ទូរទស្សន៍អាមេរិក មេដឹកនាំទួរគី បាននិយាយថា លោកមានអារម្មណ៍ថា ប្រធានាធិបតីរុស្ស៊ីចង់បញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័ស។
លោក រ៉េស៊ីប តៃយីប អេឌូហ្គាន់ បាននិយាយទៀតថា «គាត់ពិតជាបង្ហាញឲ្យខ្ញុំដឹងថា គាត់សុខចិត្តបញ្ចប់រឿងនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះជាការគិតរបស់ខ្ញុំ ព្រោះផ្លូវកំពុងតែដើរឥឡូវនេះ មានបញ្ហាច្រើនណាស់»។
លោកក៏បាននិយាយផងដែរថា «អ្នកទោសសង្គ្រាមប្រមាណ២០០នាក់នឹងត្រូវបានផ្លាស់ប្តូរគ្នាជាមួយអ៊ុយក្រែន នៅក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតបន្ថែមទៀតថា តើនរណាខ្លះនឹងត្រូវរួមបញ្ចូលក្នុងការដោះដូរអ្នកទោសនោះទេ។
លោក រ៉េស៊ីប តៃយីប អេឌូហ្គាន់ បានព្យាយាមម្តងហើយម្តងទៀត ដើម្បីសម្រុះសម្រួលបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែលោករក្សាជំហរមានតុល្យភាព ក្នុងនាមជាសម្រាប់ឥសមាជិកណាតូ ដោយប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើប្រទេសរុស្ស៊ី។
លោកបានជួយអង្គការសហប្រជាជាតិ ក្នុងការសម្របសម្រួលនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន ហើយបាននិយាយកាលពីសប្តាហ៍មុនថា លោកកំពុងព្យាយាមរៀបចំកិច្ចចរចាបទឈប់បាញ់ដោយផ្ទាល់។
ទន្ទឹមនឹងនេះ ពីរខែបន្ទាប់ពីកងកម្លាំងរុស្ស៊ីបានដណ្តើមកាន់កាប់តំបន់ភាគខាងកើតទាំងមូល នៃទីក្រុងលូហាន់ (Luhansk) កងទ័ពអ៊ុយក្រែន ក៏ចាប់ផ្តើមដណ្តើមយកទឹកដីមកវិញ បានយ៉ាងច្រើនផងដែរ នាពេលថ្មីៗកន្លងមកនេះ។
កាលពីដើមខែនេះ លោក រ៉េស៊ីប តៃយីប អេឌូហ្គាន់ បានចោទប្រកាន់លោកខាងលិចថា បានអនុវត្តគោលនយោបាយញុះញង់ ឲ្យស្អប់ខ្ពើមប្រទេសរុស្ស៊ី ហើយបានព្រមានថា ដូច្នេះសង្រ្គាមទំនងជាមិនបញ្ចប់នៅក្នុងឆាប់ៗនោះទេ។
កាលពីសប្តាហ៍មុន មេដឹកនាំរុស្ស៊ី បាននិយាយថា លោកបើកចំហដើម្បីជួបចរចាជាមួយប្រធានាធិបតីអ៊ុយក្រែន។ មេដឹកនាំរុស្ស៊ី ក៏បានប្រាប់នាយករដ្ឋមន្រ្តីឥណ្ឌាថា លោកចង់បញ្ចប់ការប្រយុទ្ធគ្នាឲ្យបានកាន់ឆាប់កាន់តែល្អ។
ទោះជាយ៉ាងណាក៏ដោយ មេដឹករុស្ស៊ីរូបនេះ មិនបានចង្អុលបង្ហាញណាមួយដែលថា ខ្លួនបានត្រៀមលក្ខណៈដើម្បីទទួលយកការទាមទាររបស់មេដឹកនាំអ៊ុយក្រែន ដែលសុំឲ្យរុស្ស៊ីដកខ្លួនចេញពីទឹកដីអ៊ុយក្រែនទាំងអស់ រួមទាំងតំបន់ដែលរុស្ស៊ី បានរឹបអូស កាលពីឆ្នាំ២០១៤ផងដែរ។
ឧបទ្វីបគ្រីមៀ របស់អ៊ុយក្រែន ត្រូវបានរុស្ស៊ីដណ្តើមយក ដាក់បញ្ចូលជាទឹកដីរបស់ខ្លួន ហើយឥឡូវនេះអតីតប្រធានាធិបតី លោក ឌីមីទ្រី ម៉េតវីដេវ (Dmitry Medvedev) បាននិយាយថា ក្រុមមេដឹកនាំបំបែកខ្លួន ដែលគាំទ្រដោយរុស្ស៊ី គួរតែរៀបចំធ្វើប្រជាមតិ ដាក់បញ្ចូលទឹកដីខេត្តលូហាន់ (Luhansk និងខេត្ត ដូណែត (Donetsk) នៅក្នុងតំបន់ដូនបាស់ (Donbas) ឲ្យភ្ជាប់ជាមួយទឹកដីរុស្ស៊ី ។
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាក់ម្តងហើយម្តងទៀតថា ការរំដោះយកតំបន់ពីអ៊ុយក្រែន គឺជាគោលដៅចម្បងរបស់រុស្ស៊ី។ ចំណែកលោក ឌីមីទ្រី ម៉េតវីដេវ ដែលឥឡូវនេះជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បាននិយាយថា ការធ្វើប្រជាមតិនៅតំបន់ដូនបាស់ គឺជាករណីចាំបាច់បំផុតសម្រាប់រុស្ស៊ី។
មេដឹកនាំបំបែកខ្លួន ដែលគាំទ្រដោយរុស្ស៊ី នៅក្នុងខេត្តលូហាន់ និងខេត្តដូណែត ក៏បានអំពាវនាវឲ្យមានការបោះឆ្នោតប្រជាមតិជាបន្ទាន់ ផងដែរ៕