សាម៉ាកាន់៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) នឹងពិភាក្សាគ្នាលម្ពិតអំពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាបញ្ហាជម្លោះកោះតៃវ៉ាន់ នៅពេលមេដឹកនាំទាំងពីរជួបគ្នានៅទីក្រុងសាម៉ាកន់ ប្រទេសអ៊ូសបេគីស្ថាន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ។

ជំនួយការប្រធានាធិបតីរុស្ស៊ី លោក យូរី អ៊ូសាកូវ (Yury Ushakov) បាននិយាយកាលពីថ្ងៃអង្គារថា មេដឹកនាំ​ទាំង​ពីរ​នឹង​ជួប​ពិភាក្សា​គ្នា​ ដាច់ដោយឡែក ក្រៅកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ ប្រារព្ធឡើនាទីក្រុងសាម៉ាកាន់ ដែលមានមេដឹកមកពីបណ្តាប្រទេសផ្សេងទៀតចូលរួម។

លោកបានបញ្ជាក់ថា «ដោយមើលឃើញពីស្ថានភាពអន្តរជាតិបច្ចុប្បន្ន កិច្ចប្រជុំនេះពិតជាមានលក្ខណៈពិសេសប្លែក។ មេដឹកនាំទាំងពីរនឹងលើកអំពីរបៀបវារៈប្រជុំទ្វេភាគី ក៏ដូចជាប្រធានបទសំខាន់ៗជុំវិញបញ្ហាក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ»។

​គេ​រំពឹង​ថា​ ប្រធានបទ​ធំមួយ​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​របស់មេដឹកនាំទាំងពីរ ​គឺ​សង្គ្រាម​អ៊ុយក្រែន អាចត្រូវលោក វ៉្លាឌីមៀ ពូទីន និងលោក ស៊ី ជីនភីង លើកមកពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ។

លោក យូរី អ៊ូសាកូវ ក៏​បាន​កត់​សម្គាល់ផងដែរ​ថា រដ្ឋាភិបាលទីក្រុង​ប៉េកាំងកំពុងតែ​អនុវត្ត​គោល​នយោបាយ​ប្រកប​ដោយ​តុល្យភាព​យ៉ាង​ខ្លាំង​ លើ​បញ្ហាសង្គ្រាមនៅអ៊ុយក្រែន​នេះ។

លោកពន្យល់បន្ថែមថា រដ្ឋាភិបាលចិន បានបញ្ជាក់ជំហររួចហើយថា ខ្លួនយល់យ៉ាងច្បាស់អំពីហេតុផល ដែលបង្ខំឲ្យរុស្ស៊ីធ្វើប្រតិបត្តិការយោធាពិសេស ប្រឆាំងនឹងរដ្ឋាភិបាលអ៊ុយក្រែន។

លោកជំនួយ​ការ​ប្រធានាធិបតី​រុស្ស៊ីរូបនេះ បាន​បន្ត​ទៀតថា កិច្ច​ពិភាក្សា​រវាង​មេដឹកនាំ​ទាំង​ពីរ​នឹងបង្កើតបាន​ជា​ទំនាក់ទំនងផ្ទាល់ខ្លួន ដែលគេរំពឹងទុកជាយូរមកហើយ បន្ទាប់ពីបុរសពីររូបនេះ បានជួបគ្នា នៅខែកុម្ភៈ ឆ្នាំ២០២២ ឯពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងា នៅក្នុងប្រទេសចិន។

ដោយមើលឃើញពីទំនាក់ទំនងដ៏កក់ក្តៅ នាពេលបច្ចុប្បន្នរវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងប៉េកាំង លោក យូរី អ៊ូសាកូវ បានរំពឹងទុកថា ភាគីទាំងពីរនឹងវាយតម្លៃជាវិជ្ជមាននូវភាពជាដៃគូយុទ្ធសាស្ត្រ ក្នុង​នាម​ជា​ប្រទេសចួលរួមបង្កើតសណ្តាប់ធ្នាប់​ពិភពលោកថ្មីបែប​ពហុប៉ូល។

ក្នុងជំនួបនេះ លោក វ៉្លាឌីមៀ ពូទីន និងលោក ស៊ី ជីនភីង ក៏គ្រោងនឹងពិភាក្សាគ្នាអំពីបញ្ហាដែនដីកោះតៃវ៉ាន់ បន្ទាប់ពីប្រធានសភាប្រជាជនចិន លោក លី ឆានស៊ូ (Li Zhanshu) បានជួបមន្ត្រីជាន់ខ្ពស់រុស្ស៊ី នៅក្នុងជំនួបនាពេលថ្មីៗនេះ ឯវេទិកាសេដ្ឋកិច្ច នាទីក្រុង វ៉្លាឌីវ៉ូស្តុក (Vladivostok) ស្ថិតនៅភាគខាងកើតរុស្ស៊ី។

ភាពតានតឹងជុំវិញបញ្ហាកោះតៃវ៉ាន់ កំពុងតែកើនឡើងរៀងរាល់ថ្ងៃ ចាប់តាំងពីប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) ធ្វើទស្សនកិច្ចក្រុង​តៃប៉ិ កាលពីដើម​ខែ​សីហា ឆ្នាំ២០២២ ហើយ​បង្កឲ្យរដ្ឋាភិបាល​ក្រុង​ប៉េកាំង ច្រឡោតខឹងរដ្ឋាភិបាលអាមេរិកយ៉ាងខ្លាំង។

នៅក្នុងជំនួបនេះដែរ លោក យូរី អ៊ូសាកូវ បាននិយាយបង្ហើបថា មេដឹកនាំប្រទេសចិន និងមេដឹកនាំប្រទេសរុស្ស៊ី មិនមានគម្រោងចុះហត្ថលេខាលើឯកសារណាមួយឡើយ ដោយលោកលើកហេតុផលថា វាគ្រាន់តែជាកិច្ច​ពិភាក្សាការងារ​របស់​ថ្នាក់​ដឹក​នាំ។

កិច្ចប្រជុំកំពូលនាទីក្រុង សាម៉ាកាន់ ក្នុងថ្ងៃនេះ នឹងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងប្រមុខរដ្ឋមួយចំនួន រួមទាំងប្រធានាធិបតីទួរគី លោក រ៉េស៊ីប តៃយីប អេឌូហ្គាន់ (Recep Tayyip Erdogan) ដែលត្រូវបានគេរាយការណ៍ថា មានបំណងចង់ដើរតួសម្របសម្រួល ដើម្បីបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន៕

By Ana

You missed