ទីក្រុងគៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី កាលពីម្សិលមិញ បានជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នា ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់តំបន់រំដោះ ពីកងទ័ពឈ្លានពានរុស្ស៊ី។
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានប្រធានាធិបតី បានឲ្យដឹងថា «រថយន្តមួយគ្រឿងបានបុកជាមួយរថយន្តក្បួនដឹកប្រធានាធិបតី អ៊ុយក្រែន និងរថយន្តអមដំណើរមួយគ្រឿងទៀត»។
ក្រុមគ្រូពេទ្យអមដំណើរ លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បានជួយសង្គ្រោះបន្ទាន់ដល់អ្នកបើកបររថយន្ត ដែលរងរបួស ហើយបានបញ្ជូនគាត់តាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យ។
របាយការណ៍ដដែលបានបញ្ជាក់ថា «ក្រុមវេជ្ជបណ្ឌិតបានពិនិត្យលោកប្រធានាធិបតី និងមិនបានរកឃើញរបួសធ្ងន់ធ្ងរទេ។ សមត្ថកិច្ចអ៊ុយក្រែនកំពុងតែស៊ើបអង្កេតពីមូលហេតុពិតប្រាកដនៃឧបទ្ទវហេតុនេះ។
កាលពីព្រឹកថ្ងៃពុធ លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បានធ្វើដំណើរទៅមើលទីក្រុង អ៊ីស្យ៉ុម (Izium) ដែលទើបរំដោះបាននៅក្នុងតំបន់ភាគឦសាននៃទីក្រុងខាកៀវ (Kharkiv) បន្ទាប់ពីកងកម្លាំងយោធារបស់ប្រទេសអ៊ុយក្រែន វាយដណ្តើមយកមកវិញពីទាហានរុស្ស៊ីឈ្លានពាន។
រូបថតនៅលើទំព័រហ្វេសប៊ុករបស់អង្គភាពកងទ័ពអ៊ុយក្រែន បានបង្ហាញលោកប្រធានាធិបតី នៅក្នុងពិធីលើកទង់ជាតិអ៊ុយក្រែន ពីលើអគាររដ្ឋបាលរបស់ទីក្រុង អ៊ីយ្យ៉ុម ដែលទទួលរងការបំផ្លិញបំផ្លាញពីកងទ័ពរុស្ស៊ី ដោយមានអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន អមដំណើរផងដែរ។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បានមានប្រសាសន៍ដោយការឈឺចាប់ថា «ពីមុន ពេលយើងក្រឡេកមើលមេឃ គឺយើងតែងតែសម្លឹងមើលមេឃពណ៌ខៀវស្រឡះ។ ថ្ងៃនេះ នៅពេលយើងក្រឡេកមើលមេឃ យើងកំពុងស្វែងរករបស់តែមួយគត់ គឺទង់ជាតិអ៊ុយក្រែន»។
លោកប្រធានាធិបតីបានមានប្រសាសន៍ទៀតថា «ទង់ជាតិពណ៌ខៀវលឿងរបស់យើងកំពុងបក់រវិចៗ នៅក្នុងទីក្រុង អ៊ីយ្យ៉ុម ដែលទើបរំដោះបាន។ ទង់ជាតិនេះនឹងបក់រវិចៗនៅគ្រប់ទីក្រុង និងភូមិរបស់អ៊ុយក្រែន។ យើងកំពុងធ្វើដំណើរក្នុងទិសដៅតែមួយ គឺឆ្ពោះទៅមុខ និងឆ្ពោះទៅរកជ័យជម្នះ»។
ក្នុងរយៈពេលប៉ុន្មាថ្ងៃកន្លងមកនេះ កងទ័ពអ៊ុយក្រែន បានរុលទៅកាន់ព្រំដែនភាគឦសាន ជាប់នឹងរុស្ស៊ី ហើយបានអះអាងថា កងទ័ពអ៊ុយក្រែន បានដំណ្តើមមកវិញនូវផ្ទៃដីជិត១,០០០គីឡូម៉ែត្រក្រឡា ព្រមទាំងចាប់បានទាហានរុស្ស៊ីជាច្រើននាក់ ធ្វើជាឈ្លើយសឹក។
អភិបាលតំបន់ ខាកៀវ បាននិយាយថា «នៅចំណុចខ្សែត្រៀមជួរមុខមួយចំនួន អ្នកការពារជាតិរបស់យើង បានទៅដល់ព្រំដែនជាមួយសហព័ន្ធរុស្ស៊ី»។
អ្នកនាំពាពាក្យផ្នែកស៊ើបការណ៍សម្ងាត់របស់យោធាអ៊ុយក្រែន បាននិយាយថា ទាហានរុស្ស៊ីកំកំពុងតែចុះចាញ់យ៉ាងច្រើន ហើយខ្លះបាននិយាយសារភាពថា «ពួកគេយល់ពីក្តីអស់សង្ឃឹមដោយសារស្ថានភាពចាញ់សង្គ្រាម»។
លោកអភិបាលក្រុង អ៊ីស្យ៉ុម បាននិយាយនៅដើមសប្តាហ៍នេះថា ទាហានអ៊ុយក្រែនកំពុងបើកការស៊ើបអង្កេតស្វែងរកទាហានរុស្ស៊ី ដែលអាចសម្ងំលាក់ខ្លួននៅតាមផ្ទះប្រជាជន ក៏ដូចជាអ្នកជាប់សង្ស័យរួមគំនិតរាយការណ៍សម្ងាត់ឲ្យរុស្ស៊ី។
លោកបានបញ្ជាក់ថា ការងារបោសម្អាតមនុស្សក្បត់នេះ អាចចំណាយពេលរហូតដល់ដប់ថ្ងៃ។ បន្ទាប់ពីនោះ ជនស៊ីវិល ដែលបានភៀសខ្លួនចេញពីទីក្រុង នឹងអនុញ្ញាតឲ្យត្រឡប់ចូលមកវិញ។
ចំណែកទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា មានឈ្លើយសឹករុស្ស៊ីច្រើនណាស់ រកកន្លែងដាក់មិនបានទេ។ អ្នកនាំពាក្យផ្នែកចារកម្មយោធាអ៊ុយក្រែន បាននិយាយទៀតថា ឈ្លើយសឹករុស្ស៊ី ត្រូវចាប់ខ្លួនបាននោះ រួមមានមន្ត្រីជាន់ខ្ពស់រុស្ស៊ីផងដែរ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយថា អ៊ុយក្រែនចាំបាច់ណាស់ត្រូវការពារឲ្យបាននូវទឹកដី ដែលទើបដណ្តើមបានមកវិញ និងប្រុងប្រយ័ត្នចំពោះការវាយបកមកវិញរបស់រុស្ស៊ី ដែលអាចកើតមានលើបណ្តាញផ្គត់ផ្គង់ភស្តុភាអ៊ុយក្រែន។
មានសេចក្តីរាយការណ៍មកថា ក្រោយពីទាហានរុស្ស៊ីបាក់ទ័ពរត់ចោលខ្សែត្រៀមរួចមក កងទ័ពអ៊ុយក្រែន បានបន្តដេញតាមពីក្រោយ ព្រមទាំងបាញ់ផ្លោងចូលទៅក្នុងទឹកដីរុស្ស៊ីផងដែរ ដើម្បីសម្លុតទាហានរុស្ស៊ីឲ្យខ្លាចបាក់ស្បត។
ការផ្លាស់ប្តូរភ្លាមៗនូវស្ថានភាពសង្គ្រាម និងជ័យជម្នះរបស់កងទ័ពអ៊ុយក្រែន ទទួលបាននូវការគាំទ្រពីអ្នកសង្កេតការណ៍អន្តរជាតិ ហើយបានព្រមានថា ពេលវេលាដ៏អាក្រក់នៅខាងមុខសម្រាប់កងទ័ពរុស្ស៊ី ជិតចូលមកដល់ហើយ គឺផ្ទុយស្រឡះពីថ្ងៃដំបូងនៃសង្រ្គាម នៅពេលទាហានរុស្ស៊ីកំពុងលើកទ័ពឆ្ពោះទៅកាន់ទីក្រុងកៀវ៕