សៅប៉ូឡូ៖ ប្រទេសប្រេស៊ីល បានប្រកាសថា ខ្លួនកំពុងហាមឃាត់ការលក់ទូរស័ព្ទ iPhone ដែលមិនមានប្រដាប់បញ្ចូលថ្ម ដោយចាត់ទុកថា ការលក់បែបនេះ គឺជាការលក់ផលិតផលមិនទាន់សម្រេច និងធ្វើឲ្យពិបាកដល់អ្នកទិញទៅប្រើប្រាស់។

នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអង្គារ ក្រសួងយុត្តិធម៌ និងសន្តិសុខសាធារណៈរបស់ប្រទេសប្រេស៊ីល បាននិយាយថា ខ្លួនបានពិន័យក្រុមហ៊ុន Apple ជាទឹកប្រាក់ចំនួន២.៣ដុល្លារ ដោយសារលក់ទូរស័ព្ទគ្មានប្រដាប់បញ្ចូលថ្ម។

ទីភ្នាក់ងារការពារអ្នកប្រើប្រាស់របស់ប្រទេសប្រេស៊ីល បាននិយាយថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន Apple មិនដាក់បញ្ចូលប្រដាប់បញ្ចូលថ្ម នៅក្នុងប្រអប់ទូរស័ព្ទ iPhone ប្រភេទថ្មី គឺជាការរើសអើងចំពោះអ្នកប្រើប្រាស់ ដោយប្រៀបបាននឹងការលក់ផលិតផលមិនទាន់សម្រេច។

ក្រុមហ៊ុន Apple របស់អាមេរិក បានប្រកាសថា ខ្លួននឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងបម្រាមនេះ។

ក្រុមហ៊ុនបានប្រាប់អ្នកសារព័ត៌មាននៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួននឹងធ្វើការជាមួយអាជ្ញាធរប្រេស៊ីល ដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែបានបន្ថែមថា កន្លងមកខ្លួនបានប្តឹងឧទ្ធរណ៍ឈ្នះសាលក្រមរបស់តុលាការជាច្រើនដង នៅក្នុងប្រទេសប្រេស៊ីល ចំពោះបញ្ហាស្រដៀងគ្នានេះ។

ក្រុមហ៊ុន Apple បាននិយាយថា «យើងជឿជាក់ថា អតិថិជនរបស់យើងមានជម្រើសផ្សេងៗចំពោះការសាកថ្ម និងខ្សែបញ្ចូលថ្ម»។

ការផាកពិន័យ និងចេញបម្រាម លើការលក់ទូរស័ព្ទ iPhone ដោយគ្មានប្រដាប់បញ្ចូលថ្ម ត្រូវបានប្រកាសមួយថ្ងៃមុនពេលកក្រុមហ៊ុន Apple ចាប់ផ្តើមបង្ហាញផលិតផលទូរស័ព្ទ iPhone ម៉ូដែលថ្មី ប្រភេទ14, 14 Pro និង Apple Watch Ultra។

ទីភ្នាក់ងារការពារអ្នកប្រើប្រាស់របស់ប្រស៊ីល បានពិន័យក្រុមហ៊ុន Apple ជាទឹកប្រាក់ចំនួន២.៣លានដុល្លារ កាលពីឆ្នាំមុន ដោយនិយាយថា ការលក់ទូរស័ព្ទ iPhone 12 និងគ្រប់ម៉ូដែលចាប់តាំងពីពេលនោះមក គឺបំពានច្បាប់ការពារអ្នកប្រើប្រាស់ ដោយសារតែមិនមានភ្ជាប់មកជាមួយនូវប្រដាប់បញ្ចូលថ្ម នៅក្នុងប្រអប់ទូរស័ព្ទ។

ក្រុមហ៊ុន Apple បានឈប់ដាក់រួមបញ្ចូលប្រដាប់បញ្ចូលថ្ម និងកាសត្រចៀក នៅក្នុងប្រអប់ iPhone ចាប់តាំងពីការដាក់បង្ហាញទូរស័ព្ទ iPhone 12 ក្នុងឆ្នាំ២០២០។

ក្រុមហ៊ុនបាននិយាយទៀតថា ការផ្លាស់ប្តូរបានកើតឡើងយូរមកហើយ បន្ទាប់ពីដកប្រដាប់បញ្ចូលថ្មចេញពីប្រអប់ Apple Watch ម៉ូដែលថ្មី ដើម្បីជួយធ្វើឲ្យការវេចខ្ចប់មានរូបរាងតូចជាងមុន។

លោកស្រី លីសា ជែកសុន (Lisa Jackson) អនុប្រធានផ្នែកបរិស្ថាន គោលនយោបាយ និងគំនិតផ្តួចផ្តើមសង្គមរបស់ក្រុមហ៊ុន Apple បាននិយាយនៅក្នុងសុន្ទរកថា នៅខែកញ្ញា ឆ្នាំ២០២០ថា «ពេលខ្លះវាមិនមែនជារឿង យើងចេះតែធ្វើនោះតាមតែចិត្តចង់នោះទេ ប៉ុន្តែវារឿង យើងសម្រេចមិនរាប់បញ្ចូល»។

ទីភ្នាក់ងារការពារអ្នកប្រើប្រាស់ប្រេស៊ីល ដែលបានកសាងសំណុំរឿងប្រឆាំងនឹងការផ្លាស់ប្តូរ កាលពីឆ្នាំមុន បាននិយាយថា ទឡ្ហីករណ៍របស់ក្រុមហ៊ុន Apple សម្រាប់ការដកប្រដាប់បញ្ចូលថ្មចេញពីប្រអប់ទូរស័ព្ទ iPhone ដោយយកហេតុផលបរិស្ថានមកសំអាង គឺមិនអាចទទួលយកបានទេ។

ទីភ្នាក់ងារនេះបាននិយាយថា មិនមានភស្តុតាងដែលថា ការដកប្រដាប់បញ្ចូលថ្មចេញពីប្រអប់ទូរស័ព្ទ គឺមានអត្ថប្រយោជន៍ដល់បរិស្ថាននោះទេ។

យោងតាមក្រសួងយុត្តិធម៌របស់ប្រទេសប្រេស៊ីលបានឲ្យដឹងថា ការលើកឡើងរបស់ទីភ្នាក់ងារការពារអ្នកប្រើប្រាស់ គឺក្រុមហ៊ុនគួរពិចារណារកជម្រើសផ្សេង ដើម្បីកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន ហើយមិនដាក់បន្ទុកមកលើអ្នកប្រើប្រាស់ ដូចជាការប្រើប្រាស់ខ្សែ USB និងឆ្នាំងសាក អាចកាត់បន្ថយកាកសំណល់អេឡិចត្រូនិច។

ក្រុមហ៊ុន Apple បានទទួលរងការ​រិះ​គន់​យ៉ាងខ្លាំងចំពោះ​ផលិត​ផល​សាក​ថ្ម​ផ្តាច់​មុខ ​ដូច​ជា​ខ្សែ​បញ្ចូលថ្ម iPhone ជាដើម គឺជាការបង្ខំអ្នកប្រើប្រាស់ឲ្យទិញផលិតផលទីពីរ បន្ទាប់ពីទិញទូរស័ព្ទ iPhone ម៉ូដែលថ្មីរួចហើយ។

ទីភ្នាក់ងារការពារអ្នកប្រើប្រាស់របស់ប្រេស៊ីល បាននិយាយទៀតថា ប្រដាប់បញ្ចូលថ្មគួរតែជាផ្នែកនៃផលិតផល ព្រោះវាជាតម្រូវការធ្វើឲ្យទូរស័ព្ទដំណើរ បើមិនដូច្នោះទេ វាគឺជាផលិតផលមិនទាន់សម្រេច ដោយសារគ្មានប្រដាប់បញ្ចូលថ្ម ថ្មគ្មានថាមពល ទូរស័ព្ទប្រើមិនកើត៕

 

 

By Ana

You missed