ទីក្រុងគៀវ៖ កងទ័ពអ៊ុយចាប់ផ្តើមស៊ើបអង្កើត ដើម្បីបោសសម្អាតមនុស្សរស់នៅក្នុងទីក្រុង ដែលខ្លួនទើបដណ្តើមបានពីទាហានរុស្ស៊ី កាលពីសប្តាហ៍មុន ដោយជាប់សង្ស័យមាននិន្នាការរួមគំនិតជាមួយបរទេសឈ្លានពាន។

អភិបាលក្រុង អ៊ីស្យ៉ុម (Izyum) លោក វ៉ាល្លើរី ម៉ាឆេនកូ (Valery Marchenko) បាននិយាយកាលពីថ្ងៃចន្ទថា ក្នុងអំឡុងពេលស៊ើបសង្កេតនេះ ទាហានអ៊ុយក្រែន នឹងស្វែងរកទាហានរុស្ស៊ី ដែលអាចសម្ងំលាក់ខ្លួននៅក្នុងទីក្រុង ក៏ដូចជាអ្នកជាប់សង្ស័យរួមគំនិតរាយការណ៍សម្ងាត់ឲ្យរុស្ស៊ី។

អភិបាលក្រុងបាននិយាយថា «យោធាកំពុងធ្វើការបោសសម្អាត ដោយដើរល្បាតជុំវិញទីក្រុង ដើម្បីស្វែងរកទាហានសត្រូវ ដែលអាចលាក់ខ្លួននៅក្នុងផ្ទះរបស់ប្រជាជន»។

អភិបាលក្រុងបានបន្ថែមថា បន្ទាប់ពីកងទ័ពបានបោសសម្អាតទាហានរុស្ស៊ីលាក់ខ្លួនរួចរាល់ និងបន្តស្វែងរកអ្នករួមគំនិតជាមួយរុស្ស៊ី។

លោកបានបញ្ជាក់ថា ការងារនេះអាចចំណាយពេលរហូតដល់ដប់ថ្ងៃ។ បន្ទាប់ពីនោះ ជនស៊ីវិល ដែលបានភៀសខ្លួនចេញពីទីក្រុង នឹងអនុញ្ញាតឲ្យត្រឡប់ចូលមកវិញ។

កាលពីសប្តាហ៍មុន ការិយាល័យស៊ើបអង្កេតរបស់អ៊ុយក្រែន បាននិយាយថា ខ្លួននឹងធ្វើប្រតិបត្តិការស្រដៀងគ្នានេះដែរ នៅក្នុងទីក្រុង បាឡាក្លីយ៉ា (Balakleya) ជាទីក្រុងមួយផ្សេងទៀត នៅក្នុងតំបន់ ខាកៀវ (Kharkiv) ដែលនាពេលថ្មីៗនេះ ត្រូវបានកងទ័ពអ៊ុយក្រែនដណ្តើមយកមកវិញ។

ទីក្រុងទាំងពីរនេះ គឺការជាមជ្ឈមណ្ឌលដឹកជញ្ជូនភស្តុភាផ្គត់ផ្គង់ទៅសមរភូមិមុខរបស់រុស្ស៊ី នៅតំបន់ លូហាន់ (Luhansk) និងតំបន់ ដូណែត (Donetsk) ហើយក៏ជាទីតាំងសម្រាប់បាញ់ផ្លោងស្ទើរតែរាល់ថ្ងៃ ដាក់ទីក្រុង ខាកៀវ ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន។

អ៊ុយក្រែន​ក៏ដណ្តើម​បាន​មកវិញ​នូវ​តំបន់ត្រួតត្រា និង​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​មួយ​ចំនួន​ នៅ​តាម​ព្រំដែន​រុស្ស៊ី ដែលជាផ្លូវផ្គត់ផ្គង់ភស្តុភាដល់ទាហានជួរមុខ។

ជ័យជម្នះរបស់កងទ័ពអ៊ុយក្រែន ដណ្តើមបានផ្ទៃដីប្រហែល៦,០០០គីឡូម៉ែត្រក្រឡា ដែលទាហានរុស្ស៊ីគ្រប់គ្រងចាប់តាំងពីផ្ទុះសង្គ្រាម។

ចំណែកអង្គភាពនគរបាលអ៊ុយក្រែនវិញ ក៏ចាប់ផ្តើមវិលត្រឡប់ទៅកាន់គោលដៅផងដែរ ខណៈមេដឹកនាំអ៊ុយក្រែន លើកទឹកចិត្តឲ្យអ្នកស្រុករាយការណ៍អំពីឧក្រិដ្ឋកម្មសង្គ្រាម ដែលប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ី។

លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយកាលពីចុងសប្តាហ៍មុនថា «ខ្ញុំកំពុងតែសុំឲ្យប្រជាជនអ៊ុយក្រែន នៅក្នុងតំបន់រំដោះ សូមជូនដំណឹងដល់កងកម្លាំងរបស់យើងអំពីឧក្រិដ្ឋកម្មប្រព្រឹត្តឡើងដោយទាហានរុស្ស៊ី នៅលើទឹកដីអ៊ុយក្រែន»។

ចំណែកប្រធានក្រុមប្រឹក្សាក្រុង ម៉ាក់ស៊ីម ស្ត្រេលនីកូវ (Maksim Strelnikov) បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា យ៉ាងហោចណាស់ជនស៊ីវិលមួយពាន់នាក់ បានស្លាប់នៅក្នុងទីក្រុងអ៊ីស្យ៉ុម ហើយភាគច្រើនដោយសារតែពួកគេខ្វះលទ្ធភាពទទួលបានការថែទាំសុខភាព។

មន្ត្រីអ៊ុយក្រែន បានប្រកាសថា ការស្តារអំណាចរដ្ឋបាលមូលដ្ឋានឡើងវិញ ត្រូវអនុវត្តដោយផ្តន្ទាទោសមន្ត្រី និងសមត្ថកិច្ច ដែលជាប់សង្ស័យពីបទរួមគំនិតជាមួយជនជាតិរុស្ស៊ី។

ការិយាល័យអគ្គព្រះរាជអាជ្ញាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទថា លោក រ៉ូម៉ាន ឌូឌីន (Roman Dudin) មន្ត្រីចារកម្មកំពូលប្រចាំក្រុងខាកៀវ រួមទាំងមន្ត្រីចារកុំ្មអ៊ុយក្រែនមួយចំនួនទៀត ត្រូវតុលាការចោទប្រកាន់ពីបទក្បត់ជាតិ។

អ្នកវិភាគបាននិយាយថា ទន្ទឹមនឹងនោះ ការស្តារសេដ្ឋកិច្ចឡើងវិញ គឺអាចធ្វើទៅបានតាមរយៈការអន្តរាគមន៍ពីរដ្ឋាភិបាលដោយផ្ទាល់ប៉ុណ្ណោះ។

កងទ័ពរុស្ស៊ី បានសងសឹកអ៊ុយក្រែន ដោយវាយប្រហារស្ថានីយថាមពលនៅទូទាំងប្រទេសអ៊ុយក្រែន ដែលនាំឲ្យមានការដាច់ភ្លើងនៅក្នុងតំបន់ចំនួនប្រាំ កាលពីថ្ងៃអាទិត្យ និងព្រឹកថ្ងៃចន្ទ
ដើម្បីផ្តាច់ភ្លើង ផ្តាច់ទឹក ផ្តាច់ប្រព័ន្ធទូរស័ព្ទដៃ និងផ្តាច់ខ្សែរថភ្លើង៕

 

By Ana

You missed