អ៊ុយក្រែន៖ មេដឹកនាំទួរគី និងប្រមុខអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នានៅប្រទេសអ៊ុយក្រែន ជាមួយប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី​ (Volodymir Zelensky)  កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដើម្បីកាត់បន្ថយសង្រ្គាម ដែលបានកើតឡើងជិតប្រាំមួយខែហើយ  ប៉ុន្តែ​ផ្តល់លទ្ធផល​បន្តិច​បន្តួច​បំផុត។

ប្រធានាធិបតីទួរគី លោក រ៉េសេប តាយយីប អេដូហ្គាន់ (Recep Tayyip Erdogan) បាននិយាយថា លោកនឹងតាមដានជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ដោយហេតុថា បញ្ហាភាគច្រើនតម្រូវឲ្យមានការឯកភាពពីរុស្ស៊ីផងដែរ

កិច្ចប្រជុំកម្រិតខ្ពស់នេះ ក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក រ៉េសេប តាយយីប អេដូហ្គាន់ ទៅកាន់ប្រទេសអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម ហើយក៏ជាលើកទីពីរ របស់លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលគេសង្ឃឹមថា ទោះបីមិនអាចរកសន្តិភាពបានក៏ដោយ យ៉ាងហោចណាស់ក៏បានលើកពីបញ្ហាខ្លះដែរ។

កិច្ចប្រជុំនៅទីក្រុង អិលវីវ (Lviv) ភាគខាងលិចអុយក្រែន មេដឹកនាំទាំងបីរូប ក៏បានពិភាក្សាគ្នាអំពីការផ្លាស់ប្តូរអ្នកទោសសង្រ្គាម និងរៀបចំឲ្យអ្នកជំនាញថាមពលបរិមាណូរបស់អង្គការសហប្រជាជាតិ ទៅពិនិត្យមើល និងជួយធានាដល់រោងចក្រថាមពលនុយក្លេអ៊ែរ ដ៏ធំបំផុតរបស់អឺរ៉ុប ដែលស្ថិតនៅចំកណ្តាលសមរភូមិប្រយុទ្ធគ្នាយ៉ាងសាហាវ ហើយកំពុងបង្កការភ័យខ្លាចនៃគ្រោះមហន្តរាយនុយក្លេអ៊ែរ ។

លោក រ៉េសេប តាយយីប អេដូហ្គាន់ បាន​ដាក់​ខ្លួន​លោក​ថា ​ជា​អ្នក​ចូល​រួម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ​ដើម្បី​បញ្ឈប់​ការបាញ់គ្នា ហើយជំរុញឲ្យសហគមន៍អន្តរជាតិ មិនត្រូវបោះបង់ចោលមធ្យោបាយការទូត ដើម្បីបញ្ចប់សង្គ្រាម ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបង្ខំប្រជាជនអ៊ុយក្រែនជាង១០លាននាក់ រត់ចោលផ្ទះសម្បែង។

លោកបាននិយាយម្តងទៀតថា ប្រទេសទួរគីមានឆន្ទៈក្នុងការដើរតួជាអ្ន អ្នកសម្របសម្រួល ដើម្បីបញ្ចប់សង្គ្រាម តាមរយៈការចរចារកសន្តិភាព ដែលប្រទេសទួរគី ធ្លាប់បានរៀបចំកិច្ចពិភាក្សាម្តង នៅទីក្រុងអ៊ីស្តង់ប៊ុល រវាងអ្នកចរចារុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែគ្មានផលប្រយោជន៍ធំដុំឡើយ។

មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយ កាលពីម្សិលមិញថា នៅលើសមរភូមិប្រយុទ្ធ យ៉ាងហោចណាស់ មនុស្ស ១៧នាក់ត្រូវបានសម្លាប់ ក្នុងរយៈពេលមួយយប់ ដោយកាំជ្រួចរបស់រុស្ស៊ី នៅតំបន់ ខាគីវ (Kharkiv) របស់ប្រទេសអ៊ុយក្រែន។

ចំណែកកងទ័ពរុស្ស៊ី បានអះអាងថា ខ្លួនបានវាយលុកមូលដ្ឋានទាហានស៊ីឈ្នួលបរទេស នៅទីក្រុងខាគីវ ដោយបានសម្លាប់មនុស្សចំនួន៩០នាក់។

ដោយសារភាពតានតឹងពីសម្ពាធអន្តរជាតិ កងទ័ពរុស្ស៊ីបានដាក់ពង្រាយយន្តហោះចម្បាំង ដែលផ្ទុកកាំជ្រួចល្បឿនលឿនជាងសំឡេង នៅតំបន់ កាលីនីនក្រាដ (Kaliningrad) ក្នុងទឹកដីរុស្ស៊ី ដែលជាតំបន់នៅជាប់ប្រទេសជាសមាជិកអង្គការណាតូ ដូចជាប្រទេសលីទុយអានី និងប៉ូឡូញ។

ប្រធានបទសំខាន់មួយនៅក្នុងកិច្ចពិភាក្សានៅទីក្រុង អិលវីវ គឺអំពីបញ្ហានៅរោងចក្រនុយក្លេអ៊ែរ ស្ថិតនៅភាគខាងត្បូងអ៊ុយក្រែន ដែលកងទ័ពរុស្ស៊ី និងអ៊ុយក្រែន កំពុងផ្លោងដាក់គ្នា ហើយចោទប្រកាន់គ្នាទៅវិញទៅមក។

លោក វ៉ូឡូឌឌីមៀ ហ្សឺឡឹនស្គី បានទាមទារឲ្យកងទ័ពរុស្ស៊ី ដកចេញពីរោងចក្រនុយក្លេអ៊ែរ ដើម្បីឲ្យភ្នាក់ងារថាមពលបរមាណូរបស់អង្គការសហប្រជាជាតិ ចូលត្រួតពិនិត្យ។

ចំណែកលោក អង់តូនីញ៉ូ ហ្គូតេរ៉េស បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា តំបន់នេះត្រូវតែគ្មានយោធា ដើម្បីចៀសវាងការបង្កគ្រោះថ្នាក់ដោយសារផ្ទុះរោងចក្រនុយក្លេអ៊ែរនេះ។

រីឯលោក រ៉េសេប តាយយីប អេដូហ្គាន់ បានសម្តែងការព្រួយបារម្ភចំពោះការប្រយុទ្ធគ្នានៅជុំវិញរោងចក្រនុយក្លេអ៊ែរនេះ ដោយលោកនិយាយថា ពិភពលោកមិនចង់ឃើញមហន្តរាយដូចករណីផ្ទុះរោងចក្រនុយក្លេអ៊ែរ នៅទីក្រុង ឈើណូប៊ីល (Chernobyl) ភាគខាងជើងអ៊ុយក្រែន កាលពីឆ្នាំ១៩៨៦ ដែលគ្រោះមហន្តរាយនុយក្លេអ៊ែរ ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក ហើយរហូតមកដល់ពេលនេះគ្មាននរណាហ៊ានទៅជិតឡើយ៕

By Ana

You missed