បាងកក៖ អាជ្ញាធរថៃបាននិយាយថា ការបំផ្ទុះគ្រាប់បែក និងការដុតបំផ្លាញ បានឆាបឆេះយ៉ាងហោចណាស់១៧ទីតាំង នៅភាគខាងត្បូងប្រទេសថៃកាលពីថ្ងៃពុធ ដែលជាការវាយប្រហារព្រមគ្នាបណ្តាលឲ្យមនុស្សប្រាំពីរនាក់រងរបួស។
យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិស និងយោធាថៃ បានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែក និងការវាយប្រហារដោយដុតបំផ្លាញនេះ បានកើតឡើងបន្តបន្ទាប់គ្នា នារំលងអធ្រាត្រ យប់ថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅតាមហាងលក់ទំនិញ និងស្ថានីយ៍ប្រេងឥន្ធនៈ នៅទូទាំងខេត្តចំនួនបី នៅភាគខាងត្បូងប្រទេសថៃ។
រហូតមកទល់ពេលនេះ គ្មាននរណាម្នាក់ចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។
ខេត្តបួននៅភាគខាងត្បូងប្រទេសថៃ ស្ថិតតាមបណ្ដោយព្រំដែនជាមួយប្រទេសម៉ាឡេស៊ី បានជួបនឹងការបះបោរបំបែករដ្ឋ អស់រយៈពេលជាច្រើនទស្សវត្សរ៍ ដែលរដ្ឋាភិបាលថៃ បានតស៊ូជាមួយក្រុមទាមទាររកឯករាជ្យសម្រាប់ខេត្ត ដែលកាន់សាសនាឥស្លាមច្រើនជាងគេ គឺខេត្តប៉ាតានី ខេត្តយ៉ាឡា ខេត្តណារ៉ាធីវ៉ាត់ និងផ្នែកខ្លះនៃខេត្តសុងក្លា។
យោងតាមក្រុមឃ្លាំមើលអំពើហិង្សានេះ បានឲ្យដឹងថា មនុស្សជាង៧៣០០នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះទាមទារឯករាជ្យ ចាប់តាំងពីឆ្នាំ២០០៤។
ការចរចាស្វែងរកសន្តិភាព ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១៣ បានជួបប្រទះការរំខានជាបន្តបន្ទាប់ សោយការវាយប្រហារដោយគ្រាប់បែក។
ការវាយប្រហារ នៅថ្ងៃពុធនេះ បានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលថៃ កាលពីដើមឆ្នាំនេះ បានចាប់ផ្តើមការពិភាក្សាឡើងវិញជាមួយក្រុមបះបោរដ៏សំខាន់ គឺក្រុមបដិវត្តជាតិសាសន៍ បន្ទាប់ពីបានផ្អាកអស់រយៈពេលពីរឆ្នាំ ដោយសារជំងឺរាតត្បាត កូវីដ១៩។
អង្គការឈ្មោះរួបរួមរំដោះប៉ាតានី ឬហៅកាត់ជាភាសាអង់គ្លេសថា ពូលូ បានដកខ្លួនចេញពីកិច្ចចរចា ហើយបានធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកក្នុងអំឡុងខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដានរបស់មូស្លីម ដោយអះអាងថា ការចរចានេះមិនអាចទៅរួចទេ។
ចំណែករដ្ឋាភិបាលថៃ បាននិយាយថា ខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីពិភាក្សាជាមួយគ្រប់កក្រមទាមទារបុះបែករដ្ឋនេះ៕