មូស្គូ៖ ឃ្លាំងគ្រាប់មួយកន្លែងរបស់រុស្ស៊ី ស្ថិតនៅជាប់ព្រំដែនអ៊ុយក្រែន បានឆាបឆេះ កាលពីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ធ្វើឲ្យអ្នករស់នៅជិតខាងភ័យរត់ចោលផ្ទះសម្បែងគ្រប់ៗគ្នា ព្រោះខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត។

មន្ត្រីរុស្ស៊ី បានិយាយថា សេវាសង្គ្រោះបន្ទាន់កំពុងស្ថិតនៅកន្លែងកើតហេតុ ហើយមូលហេតុនៃការឆះឃ្លាំងគ្រាប់កំពុងស្ថិតក្រោមការស៊ើបអង្កេត។

ចាប់តាំងពីការចាប់ផ្តើមឈ្លានពានរបស់កងទ័ពរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន ទាហាមអ៊ុក្រែនបានវាយប្រហារជាច្រើនលើកលើការតាំងឃ្លាំងគ្រាប់ និងប៉ុស្តិ៍ត្រួតពិនិត្យរាមព្រំដែនរបស់ប្រទេសរុស្ស៊ី ដែលការវាយប្រហារភាគច្រើន ដោយប្រើយន្តហោះគ្មានមនុស្សបើក និងកាំភ្លើងត្បាល់ ធ្វើឲ្យខូចខាងលំនៅដ្ឋាន និងសម្លាប់ប្រជាជនរុស្ស៊ីអស់ជាច្រើននាក់។

សូមរំឭកថា   កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ឃ្លាំងគ្រាប់មួយកន្លែងរបស់រុស្ស៊ី នៅក្នុងក្រុងគ្រីមៀ បានឆេះផ្ទុះ ហើយបានធ្វើឲ្យជន​ស៊ី​វិល​ពីរ​នាក់​​រង​របួសដោយអំបែងគ្រាប់ ប៉ុន្តែមិនគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ។

អាជ្ញាធរមូលដ្ឋានបានជម្លៀសអ្នកភូមិជិតៗនោះ ឲ្យទៅនៅទីតាំងផ្សេងក្នុងចម្ងាយយ៉ាងហោចណាស់ប្រាំគីឡូម៉ែត្រពីកន្លែងផ្ទុះ។

ការឆេះផ្ទុះឃ្លាំងគ្រាប់ នាពេលនោះ នៅលើទឹកដីគ្រីមៀ ដែលគ្រប់គ្រងដោយរុស្ស៊ី បន្ទាប់ពីឃ្លាំងស្តុកគ្រាប់របស់មូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ី ស្ថិតនៅលើទឹកដីគ្រីមៀ បានផ្ទុះយ៉ាងសន្ធោរសន្ធៅ កក្រើទីក្រុងតែម្តង ហើយមនុស្សម្នាក់បានស្លាប់។

យោងតាមក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ការផ្ទុះនោះ គឺក្នុងមូលដ្ឋានទ័ពអាកាសយោធារុស្ស៊ី ឈរជើងនៅគ្រីមៀ។

មន្ត្រីនៅទីក្រុងមូស្គូ បានចាត់ទុកការផ្ទុះនេះថា ជាការបំផ្ទុះដោយចៃដន្យ ហើយបដិសេធាថា មិនមែនដោយការវាយប្រហារពីអ៊ុយក្រែនឡើយ។

ចំណែកអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ នៅក្នុងឧបទ្ទវហេតុនេះ ហើយ មនុស្សប្រាំបួននាក់ទៀត បានរងរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

តំបន់គ្រីមៀ ដែលមនុស្សភាគច្រើននិយាយភាសារុស្សី ធ្លាប់ជាផ្នែកមួយរបស់អ៊ុយក្រែន ប៉ុន្តែបានរួបរួមជាមួយរុស្ស៊ីវិញ ក្នុងខែមីនា ឆ្នាំ២០១៤ បន្ទាប់ពីការបោះឆ្នោតប្រជាមតិ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងគៀវ។

យោងតាមសាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា ការផ្ទុះនេះ គឺកើតឡើងនៅមូលដ្ឋានទ័ពអាកាសរបស់យោធារុស្ស៊ី ដោយបញ្ចេញផ្សែងពណ៌ខ្មៅខ្មួលខ្មាញ់ងងឹតមេឃ និងមាន​សំឡេង​​ផ្ទុះ​យ៉ាងកងរំពង។

ប្រ​ព័ន្ធផ្សព្វផ្សាយនៅបច្ចឹមប្រទេស បានផ្សាយថា ការផ្ទុះនេះ គឺជាការវាយប្រហារពីកងទ័ពអ៊ុយក្រែន ព្រមទាំងបានបង្ហាញពីរូបភាពយន្តហោះយោធារុស្ស៊ី ត្រូវបានឆេះ និងផ្ទុះ ខូចអស់ជាច្រើនគ្រឿង៕

By Ana