គៀវ៖ កាលពីចុងសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែនអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បាននិយាយថា លោក អ៊ីវ៉ាន់ បាកាណូវ (Ivan Bakanov) ត្រូវបានដកចេញពីតំណែងជាប្រធានទីភ្នាក់ងារសន្តិសុខជាតិអ៊ុយក្រែន ចំណែកលោកស្រី អ៊ីរីណា វ៉េណេឌិកតូវ៉ា (Iryna Venediktova) ត្រូវបានដកចេញពីតំណែងជាអគ្គព្រះរាជអាជ្ញា ដោយលើកឡើងពីករណីរាប់សិប សង្ស័យសហការជាមួយរុស្ស៊ីដោយមន្ត្រីនៅក្នុងទីភ្នាក់ងាររបស់ពួកគេ។

លោក អ៊ីវ៉ាន់ បាកាណូវ អាយុ៤៧ឆ្នាំ គឺជាមិត្តភ័ក្តិតំាងពីកុមារភាព និងជាអតីតដៃគូអាជីវកម្មរបស់លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី ហើយបន្ទាប់មកបានដឹកនាំយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរហូតជាប់ឆ្នោតភ្លូកទឹកភ្លូកដីក្នុងប្រទេសអ៊ុយក្រែន ហើយត្រូវបានតែងតាំងឲ្យធ្វើជាប្រធានសេវាសន្តិសុខអ៊ុយក្រែន កាលពីខែសីហា ឆ្នាំ២០១៩។

លោកកស្រី អ៊ីរីណា វ៉េណេឌិកតូវ៉ា អាយុ៤៣ឆ្នាំ ជាស្ត្រីដំបូងគេ ដែលបម្រើការជាអគ្គរដ្ឋអាជ្ញារបស់ប្រទេសអ៊ុយក្រែន បានទទួលការសរសើរពីអន្តរជាតិចំពោះការជំរុញឥតឈប់ឈររបស់លោស្រី ក្នុងការប្រមូលភស្តុតាងឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំងនឹងប្រទេសរុស្ស៊ី។

មុនពេលចូលកាន់តំណែង ក្នុងឆ្នាំ២០២០ លោកស្រីមានភារកិច្ចអនុវត្តកំណែទម្រង់ ដើម្បីលុបបំបាត់បញ្ហាអសកម្មនានា និងប្រឆាំងអំពើពុករលួយ។

លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បាននិយាយថា លោកគ្រោងបណ្តេញមន្ត្រីជាន់ខ្ពស់រហូតដល់៦០នាក់ ហើយអ្នកទាំងនោះអាចប្រឈមមុខនឹងសំណុំរឿងព្រហ្មទណ្ឌផងដែរ ពីបទក្បត់ជាតិ ដោយសារបុគ្គលិកខ្លះនៃការិយាល័យរដ្ឋអាជ្ញា និងនៅក្នុងស្ថាប័នស៊ើបអង្កេត រួមទាំងភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀត ដែលសង្ស័យថា រួមគំនិតជាមួយរុស្ស៊ី។

លោកប្រធានាធិបតី បាននិយាយថា «បទល្មើសឧក្រិដ្ឋកម្មបែបនេះ នាំប៉ះពាល់សន្តិសុខជាតិ និងបង្កឲ្យការសួរដេញដោលដល់មេដឹកនាំដទៃទៀត។

ចំណែក អានឌ្រី ស្មៀណូវ (Andriy Smirnov) អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ក្នុងរយៈពេលប្រាំមួយខែ នៃមុនពេលផ្ទុះសង្រ្គាមជាមួយរុស្ស យើងបន្តវែករកមនុស្សទាំងនេះ នៅក្នុងទីភ្នាក់ងារសម្ងាត់នីមួយៗ»។

លោក ដាក្លាស់ គ្លេន (Douglas Klain) នៃមជ្ឈមណ្ឌលអាស៊ីអឺរ៉ុប នៃក្រុមប្រឹក្សាអាត្លង់ទិក បានលើកឡើងថា ការរំលោភលើសន្តិសុខជាតិ ក្នុងអំឡុងពេលសង្រ្គាម គឺជាមូលហេតុដែលលោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បាត់បង់ទំនុកចិត្តលើប្រធានសន្តិសុខរបស់គាត់ ចាប់តាំងពីខែកុម្ភៈ នៅពេលរុស្ស៊ីចាប់ផ្តើមការវាយលុកជាទ្រង់ទ្រាយធំលើទឹកដី អ៊ុយក្រែន។

លោកបានមានប្រសាសន៍ដូច្នេះថា «ទើបតែថ្ងៃនេះ អតីតប្រធានសើបការណ៍សម្ងាត់នៅគ្រីមៀ ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទក្បត់ជាតិ និងបញ្ជូនព័ត៌មានសម្ងាត់ដល់ជនជាតិរុស្ស៊ី។ លោកគឺជាមន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត នៅក្នុងស្ថាប័នស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន ដែលត្រូវបានចោទប្រកាន់ពីបទរួមគំនិតការជាមួយអ្នកឈ្លានពាន»។

លោក ដាក្លាស់ គ្លេន បានបន្ថែមថា «សម្រាប់ការកាត់ទោសពីបទឧក្រិដ្ឋកម្មសង្រ្គាម គឺជាអាទិភាពកំពូលមួយសម្រាប់ប្រជាជនអ៊ុយក្រែន ដែលសហគមន៍អន្តរជាតិ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជួយប្រជាជនអ៊ុយក្រែន។

អ្នកវិភាគសភាពការណ៍អ៊ុយក្រែន បាននិយាយថា វាជារឿងមិនធម្មតាសម្រាប់លោកប្រធានាធិនតី អ៊ុយក្រែន ដើម្បីធ្វើការផ្លាស់ប្តូរមនុស្ស រួមទាំងក្រុមមនុស្សនៅជុំវិញលោកមួយចំនួនទៀត ដូចជាឥស្សរជនជាន់ខ្ពស់ទាំងពីរនាក់នេះ។

ប្រធានស្តីទីនៃទីភ្នាក់ងារទាំងពីរ ត្រូវបានតែងតាំង កាលពីថ្ងៃច័ន្ទ ដោយបានដាក់ឈ្មោះលោក វ៉ាស៊ីល ម៉ាលីយុក (Vasyl Maliuk) ដែលជាមន្ត្រីសន្តិសុខមានបទពិសោធន៍ និងអ្នកប្រឆាំងអំពើពុករលួយ ជាប្រធានស្តីទីនៃភ្នាក់ងារស៊ើបការណ៍សម្ងាត់ ខណៈមន្ត្រីការងារទាំងពីរនាក់ ឥឡូវនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ទោះបីមិនមានការបង្ហាញថា ឥស្សរជនទាំងពីរ កំពុងធ្វើសកម្មភាពប្រឆាំងអ៊ុយក្រែនឡើយ៕

 

 

By Ana

You missed