ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladymir Putin) កាលពីម្សិលមិញ បាននិយាយចំអកឲ្យបណ្តាប្រទេសនៅក្នុងទ្វីបអឺរ៉ុបខាងលិចថា ការព្យាយាមព្រួតគ្នាដាក់ទណ្ឌកម្មហ៊ុំព័ទ្ធសេដ្ឋកិច្ចមកលើប្រទេសរុស្ស៊ី គឺជាការធ្វើខ្លួនឯងខ្លួនវិញទេ ព្រោះប្រទេសរុស្ស៊ីនៅតែរស់បានដោយមិនពឹងអឺរ៉ុប។

លោក ពូទីន បានប្រសាសន៍បែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយសហគ្រិនវ័យក្មេងរបស់រុស្ស៊ី នាទីក្រុងមូស្គូ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ដោយលោកបានចង្អុលបង្ហាញប្រាប់អ្នកចូលរួម អំពីផលវិបាកផ្នែកសេដ្ឋកិច្ចនៅបណ្តាប្រទេសលោកខាងលិច ដោយសារការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី។

លោកប្រធានាធិបតីរុស្ស៊ី បានមានប្រសាសន៍ដូច្នេះថា «ប្រសិនបើនរណាម្នាក់ព្យាយាមរារាំងយើង ទោះក្នុងន័យណាមួយ នោះនៅទីបំផុតពួកគេត្រូវរងផលវិបាកមកលើខ្លួនឯងវិញទេ»។

ក្រុមសហគ្រិនវ័យក្មេង ដែលបានស្តាប់ការនិយាយប្រាប់បែបនេះ មានវិស្វករ និងអ្នកវិទ្យាសាស្ត្រ នៅក្នុងទីក្រុងមូស្គូ ដើម្បីឲ្យគេយល់ដឹងមុននឹងបើកសម័យប្រជុំនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ គ្រោងរៀបចំឡើង នាពេលដ៏ខ្លីខាងមុខ នៅឯទីក្រុង សេន ភីតធើស្បើក (St. Petersburg) ដែលជាស្រុកកំណើតរបស់លោក ពូទីន។

នៅលោក ពូទីន ចង្អុលបង្ហាញពីផលប៉ះពាល់ជាក់ស្តែង នៅបណ្តាបច្ចឹមប្រទេសមួយចំនួន ធ្វើឲ្យអ្នកចូលរួមផ្ទុះសំណើច នៅពេលឮលោកនិយាយថា «ឧទាហរណ៍ គេកៀបការនាំចេញផលិតផលជីរបស់យើង ធ្វើឲ្យតម្លៃជីយើងនៅអឺរុបឡើងថ្លៃជាងនៅក្នុងប្រទេសយើង។ គេព្យាយាមដាក់កម្រិតការនាំចេញថាមពលរបស់យើង ធ្វើឲ្យតម្លៃថាមពលរបស់យើងនៅអឺរ៉ុបឡើងខ្ពស់កប់ពពក។ គេថែមទាំងព្យាយាមប្រើឈ្មោះរបស់ខ្ញុំ ដើម្បីបន្ទោពីអតិផរណារបស់ពួកគេ ប៉ុន្តែការពិត យើងគ្មានដឹងអ្វីទាំងអស់»។

ការលើកឡើងបែបនេះ ​ទំនង​ជា​យោង​ទៅ​លើ​ការ​ចោទប្រកាន់​របស់​លោក​ប្រធានាធិបតី​អាមេរិក លោក ចូ បាយដិន (Joe Biden )ដែល​ធ្លាប់បាននិយាយថា ​តម្លៃឧស្ម័ន និងប្រេងឡើងថ្លៃនៅអាមេរិក គឺជាការឡើងថ្លៃរបស់ ពូទីន ដែលការលើកឡើងបែបនេះ របស់ បាយដិន មិនសូវទទួលបានការគាំទ្រពីពលរដ្ឋអាមេរិកាំងឡើយ។

មេដឹកនាំរុស្ស៊ីរូបនេះ បាននិយាយបន្ថែមទៀតថា «នេះគ្រាន់តែជាលទ្ធផលនៃកំហុសដ៏ធំ ដែលពួកគេខ្លួនឯងបានធ្វើបានខ្លួនឯង។ ឥឡូវ​នេះ​ពួក​គេ​កំពុង​ព្យាយាមបិទ​បាំង​ការពិត រឿងកាំបិតចិតដងឯង ដោយបង្កើតលេសស្តី​បន្ទោសថា អ្វីៗបង្កឡើងដោយប្រទេសរុស្ស៊ី»។

លោក ពូទីន បានចង្អុលបង្ហាញម្តងហើយម្តងទៀតថា ដរាបណាប្រតិបត្តិការយោធារបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ នៅអ៊ុយក្រែន មាន​ជាប់​ទាក់ទង​នឹង​វិបត្តិ​សេដ្ឋកិច្ច​លោក​ខាង​លិច នោះការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី នាំមុខដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានរំខានដល់ការផ្គត់ផ្គង់ប្រេង និងឧស្ម័ន ជី និងសូម្បីតែគ្រាប់ធញ្ញជាតិទៅលោកខាងលិច ដែលចាប់ជួបបញ្ហាម្ហូបអាហារឡើងថ្លៃ។

រីឯ នៅក្នុងបទសម្ភាសន៍មួយកាលពីសប្តាហ៍មុន មេដឹកនាំរុស្ស៊ីរូបនេះបាននិយាយថា អតិផរណាកើនឡើងនៅក្នុងសហរដ្ឋអាមេរិក និងនៅសហភាពអឺរ៉ុប គឺដោយសារតែគោលនយោបាយផ្ទាល់ខ្លួនរបស់ពួកគេ ជាពិសេស វាបានធ្វើរូបិយប័ណ្ណដុល្លាររបស់អាមេរិក រត់ចោលរុស្ស៊ី និងទីផ្សាររុស្ស៊ី ដែលរូបិយប័ណ្ណនេះ គ្មានដឹងអ្វីទាំងអស់អំពីសង្គ្រាមនៅអ៊ុយក្រែន។

ចំណែកនៅក្នុងវគ្គសួរ-ឆ្លើយ កាលពីថ្ងៃព្រហស្បតិ៍ លោកពូទីនបានលើកឡើងថា ការរត់ចេញពីប្រទេសរុស្ស៊ី ក្នុងចំណោមក្រុមហ៊ុនរបស់ប្រទេសលោកខាងលិច គឺជម្រើសរបស់ពួកគេ ​ក្នុង​ការ​បាត់បង់​សក្តានុពល​ដ៏​អស្ចារ្យ​របស់​ប្រទេស​រុស្ស៊ី។ វា​ជា​ការ​បាត់​បង់​របស់​ពួកគេ។

លោក ពូទីន ​បាន​និយាយចំអកអំពីការខាតបង់ទៀតថា វារឿង​ផ្ទៃ​ក្នុង​របស់ប្រទេស​ទាំង​នេះ ដែល​គ្មានសមត្ថភាព​ក្នុងការសម្រេចចិត្តដោយឯករាជ្យ។

លោកបន្ថែមចុងក្រោយថា គ្មានឋានៈស្មើគ្នារវាងប្រទេសនិងប្រទេស។ បើទោះបីជាប្រទេសមួយមានអធិបតេយ្យ ឬជាប្រទេសស្ថិតក្រោមអាណានិគម។ មិនខ្វល់ថា ជាប្រទេសបែបណានោះទេ។ ប៉ុន្តែ​បើ​ប្រទេស​មួយ ឬ​ក្រុម​ប្រទេសមួយ ​មិន​មានអធិបតេយ្យភាពអាច​សម្រេចដោយខ្លួនឯង​បាន គឺប្រាកដណាស់ថា មិនមានទស្សនវិស័យជាប្រវត្តិសាស្ត្រនៃការរស់រានមានជីវិត នៅក្នុងការតស៊ូប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន៕

 

By Ana

You missed