កងទ័ពរុស្សីជិតបានចូលកាន់កាប់ទាំងស្រុង នូវតំបន់ដូនបាស់ របស់អ៊ុយក្រែន ខណៈការប្រយុទ្ធគ្នានៅតែបន្ត

អ៊ុយក្រែន៖ កងទ័ពរុស្ស៊ី នៅថ្ងៃនេះ បានខិតចូលកាន់តែជិតដល់គោលដៅរបស់ខ្លួន ក្នុងការចាប់យកទាំងស្រុងនូវតំបន់ឧស្សាហកម្មរ៉ែធ្យូងថ្ម និងរោងចក្រ ស្ថិតនៅភាគខាងកើតរបស់អ៊ុយក្រែន ខណៈវិមានក្រឹមឡាំង បានអះអាងថា កងទ័ពខ្លួនបានកាន់កាប់ជាង៩៧ភាគរយរួចទៅហើយ នៃខេត្តមួយនេះ ក្នុងចំណោមខេត្តទាំងពីរ ដែលបង្កើតជាតំបន់ ដូនបាស់ (Donbas)។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គី សយហ្គូ (Sergei Shoigu) បាននិយាយ កាលពីថ្ងៃអង្គារថា កងកម្លាំងរបស់ទីក្រុងមូស្គូ កំពុងតែកាន់កាប់ខេត្ត លូហាន់ (Luhansk) ស្ទើរតែទាំងអស់។

បើយោងតាមមន្ត្រីអ៊ុយក្រែន និងអ្នកវិភាគយោធា បាននិយាយថា រុស្ស៊ីឥឡូវនេះកាន់កាប់ប្រហែលពាក់កណ្តាលនៃខេត្តដូណែត (Donetsk)។

បន្ទាប់ពីបានបោះបង់ការប៉ុនប៉ងវាយលុករបស់ខ្លួន ដើម្បីវាយចូលទីក្រុង កៀវ កាលពីពីរខែមុន កងទ័ពរុស្ស៊ីបានប្រកាសថា ការយកតំបន់ដូនបាស់ ទាំងមូល គឺជាគោលបំណងចម្បងរបស់ខ្លួន។ ចំណែកក្រុមបំបែកខ្លួន ដែលគាំទ្រដោយទីក្រុងមូស្គូ បាននិងកំពុងប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាល អ៊ុយក្រែន នៅតំបន់ ដូនបាស់ ចាប់តាំងពីឆ្នាំ២០១៤ ហើយតំបន់នេះ បានទទួលរងនូវការវាយលុកយ៉ាងខ្លាំងពីកងទ័ពរុស្ស៊ី នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

កងទ័ពរុស្ស៊ីក៏បានកាន់កាប់តំបន់ ឃើសុន (Kherson)ទាំងមូល និងគ្រប់គ្រងមួយផ្នែកធំនៃតំបន់ ហ្សាប៉ូរីហ្សា (Zaporizhzhia) ស្ថិតនៅភាគខាងត្បូង​អ៊ុយក្រែន។

មន្ត្រីរុស្ស៊ី និងមេដឹកនាំក្នុងតំបន់ទាំងពីរនេះ បាននិយាយអំពីផែនការសម្រាប់តំបន់ទាំងមូល ដើម្បីត្រៀមប្រកាសឯករាជ្យ ឬប្រកាសចូលជាមួយប្រទេសរុស្ស៊ី។

មុនពេលចូលលុកលុយឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ មន្ត្រីអ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានគ្រប់គ្រងប្រទេសមួយចំនួន រួមទាំងឧបទ្វីប គ្រីមៀ ដែលរុស្ស៊ីបានដាក់បញ្ចូលជាចំណែករបស់ខ្លួន ក្នុងឆ្នាំ២០១៤ និងតំបន់កាន់កាប់ដោយពួកបំបែកខ្លួននៅខេត្ត ដូណែត និងខេត្ត លូហាន់។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodimyr Zelensky) បាននិយាយថា ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ កងកម្លាំងរុស្ស៊ីមិនបានរុលចូលទៅមុខច្រើនទេ នៅក្នុងតំបន់ ដូនបាស់ ដោយលោកអះអាងថា កងទ័ពអ៊ុយក្រែន កំពុងប្រឹងការពារដោយសេចក្តីក្លាហានបំផុត។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក ហ្សើឡឹនស្គី បានទទូចឲ្យបរទេសជួយ អ៊ុយក្រែន ក្នុងការកម្ចាត់រុស្ស៊ី នៅលើសមរភូមិ ប៉ុន្តែក៏បាននិយាយថា លោកនៅតែបើកចំហសម្រាប់ការចរចារកសន្តិភាពជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន(Vladimir Putin)។

ប៉ុន្តែ​អតីត​មន្ត្រី​ជាន់ខ្ពស់ផ្នែកស៊ើបការណ៍​សម្ងាត់​អាមេរិក​​ម្នាក់​ បាន​និយាយ​ថា ​ពេលវេលា​សម្រាប់ចរចាជាមួយមេដឹកនាំរុស្ស៊ី ហាក់ដូចជាមិនមានប្រយោជន៍អ្វីទេ។

ចំណេករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គី សយហ្គូ បាននិយាយថា កងទ័ពរបស់រដ្ឋាភិបាលទីក្រុងមូស្គូ បានចូលកាន់កាប់តំបន់លំនៅដ្ឋានក្នុងក្រុង សេវេរ៉ូដូណែត (Severodonetsk) ហើយកំពុងប្រយុទ្ធគ្នា ដើម្បីគ្រប់គ្រងតំបន់ឧស្សាហកម្មមួយ ស្ថិតនៅជាយក្រុងនេះ ហើយក៏កំពុងវាយលុកឆ្ពោះទៅកាន់កាប់ទីប្រជុំជនមួយចំនួនទៀត នៅក្នុងទីក្រុងនេះ៕

 

 

By Ana

You missed