ប៉េកាំង៖ រដ្ឋាភិបាលចិន កាលពីថ្ងៃអង្គារ បានព្រមានអូស្ត្រាលីឲ្យបញ្ឈប់សកម្មភាពបង្កហេតុ ហើយរឹតបន្តឹងចំពោះសកម្មភាពរបស់កងទ័ពជើងទឹក និងកងទ័ពជើងអាកាសរបស់ខ្លួន ឬត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរពីប្រទេសចិន។

លោក ថាន កឺហ្វី (Tan Kefei) អ្នកនាំពាក្យក្រសួងការពារជាតិចិន បានកត់សម្គាល់នេះ បន្ទាប់ពីយន្តហោះចម្បាំង របស់អូស្ត្រាលី បានហោះចូលដែនអាកាសចិន ម្តងហើយម្តងទៀត នៅក្នុងប្រជុំកោះ ស៊ីហ្សា (Xisha) កាលពីថ្ងៃទី2២៦ ខែឧសភា ឆ្នាំ២០២២។

លោកបានមានប្រសាសន៍ថា យោធាចិនបានកំណត់អត្តសញ្ញាណ និងផ្ទៀងផ្ទាត់យន្តហោះអូស្ត្រាលី ហើយបានព្រមានឲ្យចាកចេញជាបន្ទាន់។

អ្នកនាំពាក្យរូបនេះ បានមានប្រសាសន៍បន្ថែមទៀតថា យន្តហោះចម្បាំងរបស់អូស្ត្រាលី បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងសន្តិសុខជាតិរបស់ប្រទេសចិន។

ជាប្រតិកម្មចំពោះទង្វើរបស់យន្តហោះអូស្ត្រាលីហោះចូលដែនអាកាសចិន លោក ចាន កឺហ្វី បានបន្ថែមថា ការឆ្លើយតបរបស់យោធាចិនចំពោះយោធាអូស្ត្រាលី គឺប្រកបដោយវិជ្ជាជីវៈ មានសុវត្ថិភាព មានហេតុផលត្រឹម និងស្របតាមច្បាប់។

ចំណែកនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អែនតូនី អាល់បានីស (Anthony Albanese បានថ្កោលទោសចំពោះឧប្បត្តិហេតុ ដែលយន្តហោះចម្បាំងរបស់ចិន បានបង្ខំឱ្យយន្តហោះអូស្ត្រាលី ចូលទៅក្នុងសមយុទ្ធដ៏គ្រោះថ្នាក់មួយ។ 

លោកបានប្រាប់អ្នកយកព័ត៌មាន នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃចន្ទថា សកម្មភាពរបស់យោធាចិន គឺជាទង្វើឈ្លានពាន និងជាទង្វើដ៏គ្រោះថ្នាក់។

កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលអូស្ត្រាលី បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ យន្តហោះស៊ើបការណ៍ដែនសមុទ្ររបស់ប្រទេសអូស្ត្រាលី ត្រូវយន្តហោះចម្បាំងរបស់ចិនស្ទាក់ចាប់ អំឡុងពេលធ្វើសកម្មភាពឃ្លាំមើលដែនសមុទ្រ ក្នុងដែនអាកាសអន្តរជាតិក្នុងតំបន់សមុទ្រចិនខាងត្បូង។ 

រីឯរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីវិញ លោក រីឆាត ម៉ាល (Richard Marles) មិនបានបង្ហាញពីទីតាំងពិតប្រាកដនៃឧបទ្ទវហេតុនេះទេ ឬនិយាយបញ្ជាក់ឲ្យច្បាស់ថា តើយន្តហោះបានមកជិតគ្នាប៉ុណ្ណានោះ។

លោករដ្ឋមន្ត្រីនិយាយថា សកម្មភាពរបស់យន្តហោះចម្បាំងរបស់កងទ័ពរំដោះប្រជាជនចិន នៅជិតយន្តហោះអូស្ត្រាលី គឺបង្កគ្រោះថ្នាក់ខ្លាំងណាស់។

លោកបាននិយាយលម្អិតថា «អ្វីដែលបានកើតឡើង គឺយន្តហោះប្រភេទ J-16 របស់ចិន បានហោះទៅអែបជិតយន្តហោះស៊ើបការណ៍ដែនសមុទ្រប្រភេទ P-8 របស់អូស្ត្រាលី។ ពេលហោះក្បែរគ្នានេះ យន្តហោះ J-16 របស់ចិន បានបញ្ចេញអណ្តាតភ្លើង ហើយបង្កើនល្បឿនទៅសំកាំងខាងមុខយ៉ាងជិតយន្តហោះ P-8 របស់អូស្ត្រាលី»។

លោកបានបញ្ជាក់បន្ថែមថា នៅពេលនោះ យន្តហោះចិនបានបញ្ចេញបំណែកតូចៗ នៃកម្ទេចអាលុយមីញ៉ូម ដែលកម្ទេចមួយចំនួនបានប៉ើងចូលទៅក្នុងម៉ាស៊ីនយន្តហោះ P-8 ហើយនេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់៕

By Ana

You missed