ញូស៍ដេលី៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ ឥណ្ឌា​បាន​សាកល្បង​ដោយ​ជោគជ័យ​នូវ​មីស៊ីល​ផ្លោង​ប្រភេទថ្មី ​មាន​សមត្ថភាពអាចផ្ទុក​ក្បាលគ្រាប់នុយក្លេអ៊ែរ​បាន ដែលធ្វើឲ្យប្រទេសនេះពង្រីកសាច់ដុំរបស់ខ្លួន ដើម្បីកុំឲ្យប្រទេសដទៃមើលងាយ។

ក្រោយពីការបាញ់សាកល្បងដោយជោគជ័យរួចហើយ ក្រសួងការពារជាតិរបស់ឥណ្ឌា បានហៅការសាកល្បងនេះថា ជាទម្លាប់ក្នុងការអភិវឌ្ឍន៍អាវុធទំនើបៗ។ 

ពិធីបាញ់សាកល្បងនេះ ត្រូវបានកងទ័ពឥណ្ឌារៀបចំធ្វើឡើងនៅលើដីកោះមួយ ស្ថិតនៅក្នុងរដ្ឋ ដូឌីសា (Odisha) ដែលជាការសាកល្បងកាំជ្រួច ផលិតក្នុងស្រុក ប៉ុន្តែ​មាន​សមត្ថភាព​វាយ​ប្រហារ​គោល​ដៅក្នុងចម្ងាយ​រាប់​ពាន់​គីឡូម៉ែត្រ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិឥណ្ឌា បានឲ្យដឹងថា «ការធ្វើតេស្តដ៏ជោគជ័យនេះ គឺជាផ្នែកមួយនៃការបើកវគ្គបណ្តុះបណ្តាលអ្នកប្រើប្រាស់ជាប្រចាំ ដែលធ្វើឡើងក្រោមកម្មវិធីនៃបញ្ជាការកងទ័ពយុទ្ធសាស្ត្រ ដើម្បីបង្ហាញពី ភាពជាក់លាក់នៃប្រព័ន្ធកាំព្រួច និងបានបញ្ជាក់ជាថ្មី ឲ្យកាន់តែច្បាស់ពីសមត្ថភាពរបស់រដ្ឋាភិបាលទីក្រុងញូវដែលី។

ការ​បាញ់​សាកល្បង​អាវុធ​លើក​ទី​បួន​ ដែល​បង្កើត​ឡើង​ដោយ​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ផ្នែក​ក្រសួងការពារ​ជាតិ​ឥណ្ឌា គឺជាមីស៊ីលរយៈចម្ងាយមធ្យម អាច​បាញ់​ដល់​គោលដៅ​បាន​ចម្ងាយ​ដល់​ទៅ៤.០០០គីឡូម៉ែត្រ និង​អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ​បានទម្ងន់១.០០០គីឡូក្រាម។

ប្រទេសឥណ្ឌាបានសាកល្បងចុងក្រោយបង្អស់ នៅក្នុងឆ្នាំ២០១៨ ខណៈពេលការបាញ់បង្ហោះអាវុធជំនាន់ថ្មី និងមានរយៈចម្ងាយខ្លីជាងនេះ ត្រូវបានធ្វើឡើងនៅចុងឆ្នាំ២០២១។

សូមរំឭកថា ចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់បណ្តាប្រទេសចំនួន ចាប់តាំងពីឆ្នាំ១៩៥៤ និងក្រោយសម័យកាលសង្គ្រាមត្រជាក់ ក្បាលគ្រាប់អាវុធនុយក្លេអ៊ែរ នៅពិភពលោក ស្ថិតក្នុងកម្រិតខ្ពស់ដ៏គួរឲ្យព្រួយបារម្ភ។

នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ ពិភពលោកបានឈានដល់កម្រិតកំពូលនៃក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានចំនួនសរុបជាង៦៤ ០០០គ្រាប់។ ប៉ុន្តែនៅក្នុងសម័យទំនើបនេះ បានធ្លាក់ចុះបន្តិចវិញ ដែលប្រទេសចំនួនប្រាំបួនមានសហរដ្ឋអាមេរិក រុស្ស៊ី បារាំង ចិន ចក្រភពអង់គ្លេស ប៉ាគីស្ថាន ឥណ្ឌា អ៊ីស្រាអែល និងកូរ៉េខាងជើង ត្រូវបានប៉ាន់ស្មានថាមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល១២ ៧០០គ្រាប់។

គិតត្រឹមឆ្នាំ២០២២នេះ ក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល១២ ៧០០គ្រាប់ នៅតែប្រើការបាន ដែលក្នុងនោះជាង ៩៤ ០០០គ្រាប់ ស្ថិតនៅក្នុងឃ្លាំងយោធាសម្រាប់ប្រើប្រាស់ដោយកាំជ្រួច យន្តហោះ កប៉ាល់ និងនាវាមុជទឹក។

​ប្រទេស​ចំនួនប្រាំបួន ដែល​បច្ចុប្បន្ន​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ នៅ​ក្នុង​ឃ្លាំង​អាវុធច្រើនជាងគេ គឺប្រទេសរុស្សីមានចំនួន៥ ៩៧៧គ្រាប់, សហរដ្ឋអាមេរិក ៥ ៤២៨គ្រាប់, បារាំង២៩០គ្រាប់, ប្រទេសចិន៣៥០គ្រាប់, អង់គ្លេស២២៥គ្រាប់, អ៊ីស្រាអែល៩០គ្រាប់, ប៉ាគីស្ថាន១៦៥គ្រាប់, ប្រទេសឥណ្ឌា១៦០គ្រាប់ និងប្រទេសកូរ៉េខាងជើង មានចំនួ ២០គ្រាប់ សរុបទាំងអស់១២ ៧០៥គ្រាប់។

សហរដ្ឋអាមេរិក និងរុស្ស៊ី គឺជាប្រទេស ដែលមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេបំផុត ស្តុកនៅក្នុងឃ្លាំងយោធា សម្រាប់បម្រើដល់ការវាយប្រហារក្នុងសង្គ្រាម៕

 

By Ana

You missed