ម៉ូស្កូ៖ ក្រុមហ៊ុនធំរបស់រុស្ស៊ី ដែលទទួលសិទ្ធិផ្តាច់មុខក្នុងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ប្រទេសនៅក្នុងទ្វីបអឺរ៉ុប នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានសម្រេចបិទបំពងបង្ហូរដល់ប្រទេសហូឡង់ ដោយសារប្រទេសនេះមិនព្រមទូទាត់ថ្លៃឧស្ម័ន ជាប្រាក់រូពីរបស់រុស្ស៊ី។
ក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័ន ឈ្មោះ ហ្គាសប្រូម (Gazprom) របស់រុស្ស៊ី បានចេញសេចក្តីប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុនចែកចាយថាមពលរបស់ប្រទេសហូឡង់ ឈ្មោះ ហ្គាសតេរ៉ា (GasTerra) បានមិនព្រមទូទាត់ប្រាក់តាមតម្រូវការរបស់រុស្ស៊ី។
ប្រទេសហូឡង់បានក្លាយជាប្រទេសទី៤ ដែលឈប់ទទួលបានឧស្ម័នធម្មជាតិពីរុស្ស៊ី ខណៈប្រទេសដាណឺម៉ាក ក៏ប្រឈមនឹងកាត់ផ្តាច់ការផ្គត់ផ្គង់ផងដែរ បន្ទាប់ពីបដិសេធការទូទាត់ប្រាក់ជារូបិយប័ណ្ណរបស់រុស្ស៊ី។
បន្ទាប់ពីការសម្រេចចិត្តរបស់ខ្លួនមិនព្រមបង់ថ្លៃជាប្រាក់រូពី ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី បានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួនបានបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទាំងស្រុង ដល់ប្រទេសហូឡង់។
កាលចុងខែមេសា ក្រុមហ៊ុន ហ្គាសប្រូម បានផ្អាកការនាំចេញឧស្ម័នទៅកាន់ប្រទេសប៊ុលហ្គារី និងប៉ូឡូញ ហើយនៅក្នុងខែឧសភា ក្រុមហ៊ុនបន្តផ្អាកការផ្គត់ផ្គងទៅឲ្យប្រទេសហ្វាំងឡង់។
ផែនការបង់ប្រាក់ថ្មីរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ តម្រូវឲ្យអ្នកទិញឧស្ម័ន ដែលជាប្រទេសបានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី បើកគណនីនៅក្នុងធនាគារឈ្មោះ ហ្គាសប្រូម បន្ទាប់មកពួកគេអាចដាក់ប្រាក់បាន ហើយប្តូរជាពីរូបិយប័ណ្ណរបស់ពួកគេ ទៅជាប្រាក់រូពី ហើយផ្ទេរប្រាក់នេះទៅឲ្យអ្នកផ្គត់ផ្គង់ ទើបអាចបន្តទទួលបានឧស្ម័នសម្រាប់ដុតកម្តៅក្នុងផ្ទះ។
កាលពីម្សិលមិញ ក្រុមហ៊ុន ហ្គាសប្រូម បានប្រកាសថា ខ្លួននឹងផ្អាកការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសហូឡង់ ប្រសិនបើមិនបង់ប្រាក់សម្រាប់ការចែកចាយ ក្នុងខែមេសា ឬបដិសេធមិនព្រមទូទាត់ជាប្រាក់រូពី។
ក្រុមហ៊ុនបានជូនដំណឹងដល់ក្រុមហ៊ុន «ហ្គាសតេរ៉ា អំពីការផ្អាកការផ្គត់ផ្គង់ឧស្ម័ន ចាប់ពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ រហូតដល់មានការទូទាត់ ស្របតាមនីតិវិធី»។
ឆ្លើយតបនឹងការជូនដំណឹងនេះ ក្រុមហ៊ុនហូឡង់ បានជូនដំណឹងដល់ក្រុមហ៊ុន ហ្គាសប្រូម ថា ខ្លួនមិនមានចេតនា ទូទាត់សម្រាប់ការផ្គត់ផ្គង់ឧស្ម័ន ដោយគិតជាប្រាក់រូពីឡើយ ដោយលើកហេតុផលថា វានឹងបំពានលើទណ្ឌកម្មរបស់ប្រទេសលោកខាងលិច៕