បង់ក្លាដែស៖ ក្រុមពន្លត់អគ្គិភ័យប្រទេសបង់ក្លាដែស បានបាញ់ទឹកពន្លត់ភ្លើងស្ទើរទាំងស្រុង នៅថ្ងៃនេះ បន្ទាប់ពីផ្ទុះឆាបឆេះយ៉ាងសន្ធោរសន្ធៅអស់រយៈពេលបីថ្ងៃ រហូតសម្លាប់មនុស្សយ៉ាងហោចណាស់៥១១នាក់ និងខាតបង់ជាទឹកប្រាក់រាប់លានដុល្លារ ដែលគេសង្ស័យថា បង្កឡើងដោយការធ្វើប្រហែសរបស់ប្រធានគ្រប់គ្រងកន្លែងស្តុកនេះ។
ភ្លើងឆេះឃ្លាំងស្តុកទូកុងតឺន័របង់ក្លាដែស បានរលត់បន្ទាប់ពីឆេះអស់បីថ្ងៃ សម្លាប់មនុស្សជិត៥០នាក់ ហើយអាជ្ញាធរមិនទាន់កំណត់ពីមូលហេតុនៃគ្រោះមហន្តរាយនេះឲ្យបានច្បាស់លាស់ទេ គ្រាន់តែសង្ស័យថា កុងតឺន័រផ្ទុកសារធាតុអ៊ីដ្រូសែន peroxide គឺជាប្រភពនៃអគ្គិភ័យនេះ។
ចំណែកកុងតឺន័រតម្រៀបគ្នារាប់ពាន់ទូ ដែលភាគច្រើនផ្ទុកសម្លៀកបំពាកើសម្រាប់នាំចេញទៅអឺរ៉ុប និងមានតម្លៃរាប់លានដុល្លារ ត្រូវអគ្គិភ័យឆេះបំផ្លាញស្ទើរគ្មានសល់។
រូបភាពពីដ្រូន បានបង្ហាញពីផ្សែងខ្មៅខ្មួលខ្មាញ់ និងទូកុងតឺន័រសល់ពីឆេះខ្ទេចខ្ទី ក្នុងអគ្គិភ័យ ចាប់ផ្តើមកាលពីល្ងាចថ្ងៃសៅរ៍ ដែលបង្កឱ្យមានការផ្ទុះ និងអណ្តាតភ្លើងអាចមើលឃើញបានក្នុងចម្ងាយ៤០គីឡូម៉ែត្រ ពីទីក្រុងកំពង់ផែ ជីតាហ្គុង (Chittagong) ភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស។
មន្ត្រីពន្លត់អគ្គិភ័យ បាននិយាយថា នៅកន្លែងកើតហេតុ នាពីព្រឹកថ្ងៃអង្គារនេះថា ថ្វីដ្បិតភ្លើងមិនទាន់រលត់ទាំងស្រុងក៏ដោយ ប៉ុន្តែមិនមានគ្រោះថ្នាក់ផ្ទុះទូកុងតឺន័រទៀតទេ ដោយសារក្រុមមន្ត្រីបានដឹងច្បាស់ចំពោះទូកុងតឺនក័ត ផ្ទុកសារធាតុគីមី ហើយការពារមិនឲ្យឆេះផ្ទុះបន្តទៀត។
នៅកន្លែងស្តុកទូកុងតឺន័តផ្ទុកសារធាតុគីមីនេះ មន្ត្រីពន្លត់រកឃើញថា អ្នកគ្រប់គ្រងមិនបានអនុវត្តតាមគោលការណ៍ណែនាំស្តីសុវត្ថិភាពនៃការរក្សាទុកសារធាតុគីមីគ្រោះថ្នាក់ទេ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសបង់ក្លាដែស បាននិយាយថា ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើម ហើយអ្នកទទួលខុសត្រូវនឹងត្រូវប្រឈមមុខនឹងច្បាប់។
ប្រទេសបង់ក្លាដែស បានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដើម្បីក្លាយជាប្រទេសនាំចេញសម្លៀកបំពាក់ធំជាងគេទីពីររបស់ពិភពលោក ប៉ុន្តែស្តង់ដារសុវត្ថិភាពឧស្សាហកម្មរបស់ប្រទេសនេះ មិនសូវបានការយកចិត្តទុកដាក់ទេ រីឯអគ្គិភ័យវិញ ស្ទើរតែក្លាយជារឿងធម្មតាទៅហើយ នៅក្នុងរោងចក្រ និងកន្លែងធ្វើការផ្សេងទៀត៕