គុនមីង៖ យោងតាមការផ្សាយរបស់បណ្តាញព័ត៌មានផ្លូវការរបស់ចិន បានឲ្យដឹងនៅថ្ងៃនេះថា ក្នុងចំណោមអ្នកដំណើរ និងអ្នកបម្រើលើយន្តហោះ១៣២នាក់ គ្មាននរណាម្នាក់រស់រានមានជីវិតទេ ក្នុងហេតុការណ៍ធ្លាក់យន្តហោះ នៅក្នុងក្រុងគុនមីង ខេត្តយូណា របស់ចិន។
ក្រុមអ្នកជួយសង្គ្រោះ បានអះអាងថា ពួកគេរកមិនឃើញអ្នកនៅរស់ទេ គឺស្លាប់ទាំងអស់តែម្តង ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ ម៉ាក Being 737-800 កាលពីថ្ងៃចន្ទ នៅតំបន់ភ្នំព្រៃមួយ ដែលគ្រោះមហន្តរាយអាកាសដ៏អាក្រក់បំផុតរបស់ប្រទេសចិន ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
ទូរទស្សន៍រដ្ឋចិនបានផ្សាយនៅព្រឹកថ្ងៃអង្គារនេះថា «បំណែកយន្តហោះត្រូវបានរកឃើញនៅកន្លែងកើតហេតុ ប៉ុន្តែរហូតមកដល់ពេលនេះ ប៉ូន្តែគ្មានអ្នកជិះលើយន្តហោះណាម្នាក់ នៅរស់ទេ»។
យន្តហោះ ប្រភេទ Boeing 737-800 ផលិតនៅសហរដ្ឋអាមេរិក បានធ្លាក់នៅជិតទីក្រុង អ៊ូជូ ក្នុងតំបន់ ក្វាងស៊ី ខណៈកំពុងហោះហើរពីទីក្រុង គុនមីង ក្នុងខេត្ត យូណាន ទៅកាន់មជ្ឈមណ្ឌលឧស្សាហកម្ម ក្វាងចូវ តាមបណ្តោយឆ្នេរសមុទ្រភាគខាងកើត។
រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិនបាននិយាយថា យន្តហោះនេះបានដឹកអ្នកដំណើរ១២៣នាក់ និងប្រំាបួននាក់ ជាអ្នកបើកបរ និងជាអ្នកបម្រើលើយន្តហោះ។
ប្រធានាធិបតីចិន លោក ស៊ីន ជីនភីង បានអំពាវនាវឲ្យមានប្រតិបត្តិការជួយសង្គ្រោះឲ្យលឿនបំផុត និងបើកការស៊ើបអង្កេតលើការធ្លាក់យន្តហោះនេះ ដើម្បីធានាសុវត្ថិភាពផ្នែកអាកាសចរណ៍ស៊ីវិល។
រដ្ឋបាលអាកាសចរណ៍ស៊ីលវិលចិន បានបញ្ជាឲ្យផ្អាកជើងហោះហើររបស់យន្តហោះប្រភេទ Boeing 737-800 ទាំងអស់របស់ក្រុមហ៊ុន China Eastern Airlines។ ប្រទេសចិនមានយន្តហោះប្រភេទ Boeing 737-800s ច្រើនជាងគេបង្អស់នៅលើពិភពលោក គឺចំនួនប្រហែល១២០០គ្រឿង ដូច្នេះការបញ្ជាឲ្យផ្អាកនេះនឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើដំណើរក្នុងស្រុក។
សូមរំឭកថា យន្តហោះប្រភេទ Boeing 737-800 បានចាប់ផ្តើមផលិត និងហោះហើរតាំងពីឆ្នាំ១៩៩៨មក ហើយរហូតមកដល់ពេកនេះ សហរដ្ឋអាមេរិកលក់អស់ជាង៥១០០គ្រឿង។ ប្រភេទយន្តហោះនេះ យ់ាងហោចណាស់ បានបង្កគ្រោះថ្នាក់ នៅទូទាំងពិភពលោកចំនួន២២លើក និងបានសម្លាប់មនុស្សអស់ចំនួន៦១២នាក់។
ទោះជាយ៉ាងណា ប្រភេទយន្តហោះនេះមិនមែនជាយន្តហោះ Boeing 737 Max ដែលជាយន្តហោះត្រូវបានគេបញ្ឃប់ឲ្យលែងហោះហើរនៅទូទាំងពិភពលោក អស់រយៈពេលជិតពីរឆ្នាំ បន្ទាប់ពីការធ្លាក់យ៉ាងធ្ងន់ធ្ងរក្នុងឆ្នាំ២០១៨ និង២០១៩។
ការធ្លាក់ដ៏សាហាវបំផុតនៃយន្តហោះ ប្រភេទ Boeing 737-800 បានកើតឡើងនៅក្នុងខែមករា ឆ្នាំ២០២០ នៅពេលឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបាញ់ទម្លាក់ជើងហោះហើរអន្តរជាតិរបស់អ៊ុយក្រែន ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ១៧៦នាក់។
ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិរបស់សហរដ្ឋអាមេរិកបាននិយាយថា អ្នកស៊ើបអង្កេតជាន់ខ្ពស់របស់ខ្លួនម្នាក់ត្រូវបានបញ្ជូនទៅជួយស៊ើបអង្កេតការធ្លាក់យន្តហោះនេះ៕