អន្តរជាតិ៖ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នា២០២២ ក្បួនរថយន្ត ក្បួនរថគ្រោះ និងក្បួនរថពាសដែក រាប់ពាន់គ្រឿង បានបើកឆ្លងព្រំដែនចូលទឹកដីអ៊ុយក្រែន កំដរដោយទាហានរាប់សែននាក់ ប្រដាប់ដោយអាវុធទំនើបៗ ដើម្បីចូលឈ្លានពាន និងបំផ្លាញមូលដ្ឋានទ័ពអ៊ុយក្រែន។ ចំណែកការបាញ់ផ្លោង ការទម្លាក់គ្រាប់បែក និងការបាញ់រះពីលើអាកាស ក៏ចាប់ផ្តើមយ៉ាងកក្រើកពិភពលោកដែរ។

មុននឹងចូលឈ្លានពាន ស្ទើរគ្រប់ក្បួនយុទ្ធោបករណ៍ទាំងនេះ មានអក្សរជាសញ្ញា​ គឺអក្សរ Z (ហ្ស៊ី) និង​ អក្សរ V (វី) ហើយបានប្រមូលផ្តុំគ្នាជុំវិញព្រំដែនអ៊ុយក្រែន និងក្រោយមកចាប់ផ្តើមបញ្ជូនកងទ័ពចូលទៅក្នុងតំបន់បំបែកខ្លួន ពីអ៊ុយក្រែន។ ដំបូងឡើយ ចំពោះអត្ថន័យពិតនៃនិមិត្តសញ្ញា ឬហេតុអ្វីបានជាកងទ័ពរុស្ស៊ីប្រើសញ្ញាអក្សរនេះ គឺជាអាថ៌កំបាំង ប៉ុន្តែអ្នកខ្លះបានគិតថា អក្សរ Z គឺសំដៅឈ្មោះ Zelensky ប្រធានាធិបតីអ៊ុយក្រែន ដែលទាហានរុស្ស៊ីចង់ផ្តួលរំលំ ឬចង់សម្លាប់។

រហូតមកដល់ពេលនេះ រូបថត និងវីដេអូ ដែលបានលេចចេញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញនូវនិមិត្តសញ្ញាផ្សេងៗគ្នាជាច្រើន ដែលបង្កប់ន័យសន្មតថា រូបទាំងនេះនឹងត្រូវបានប្រើសម្រាប់ការកំណត់អត្តសញ្ញាណយ៉ាងឆាប់រហ័សនៅពីលើ និងជុំវិញសមរភូមិ។ ជាពិសេសនៅពេលយានជំនិះមួយចំនួនធំត្រូវធ្វើដំណើរក្នុងទិសដៅផ្សេងៗគ្នា ហើយស្របពេលកងទ័ពរុស្ស៊ី ចាប់ផ្តើមវាយលុកពីលើអាកាសមកលើមូលដ្ឋានទ័ពអ៊ុយក្រែនតែម្តង។

រហូតមកដល់ពេលនេះ រថក្រោះ កាំភ្លើងធំ ឧបករណ៍បាញ់គ្រាប់រ៉ុក្កែត រថយន្តផ្គត់ផ្គង់ និងរថយន្តដឹកប្រេង សុទ្ធតែត្រូវបានសង្កេតឃើញ មាន សញ្ញាសម្គាល់ដោយប្រើអក្សរទាំងពីរនេះ។ សញ្ញាត្រូវប្រើ គឺមានពណ៌ស ហើយអក្សរឡាតាំង Z និង V ស្ថិតនៅក្នុងរង្វង់ការ៉េ ឬត្រីកោណ។

មានការលើកឡើងថា និមិត្តសញ្ញា Z សំដៅលើឈ្មោះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ (Volodymyr Zelensky) ឬជាឈ្មោះអ្នកនយោបាយជ្រុលនិយមរុស្ស៊ី លោក វ្លាឌីមៀ ហ្ស៊ីរីណូវស្គី (Vladimir Zhirinovsky)។ ការពន្យល់ទាំងពីរនេះ ហាក់បីដូចជាពិតដែរ នៅពេលការពិតមែនទែនមិនទាន់បង្ហាញ។ ចំណែកអក្សរ V ហាក់ដូចជាសំដៅលើអ្នកទាំងពីរនេះដែរ ឬក៏រាប់បញ្ចូល ឈ្មោះប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ផងដែរ។

ចំណែកការពន្យល់ផ្សេងទៀត ដែលមើលទៅហាក់ដូចជាសមហេតុផលជាងនេះ គឺ Z ជាអក្សរចុងក្រោយនៃអក្ខរក្រមឡាតាំង ដែលបង្ហាញពីល្បែងបញ្ចប់ ឬទិសដៅចុងក្រោយសម្រាប់រុស្ស៊ី។

ប្រហែលដោយសារមានការងឿងឆ្ងល់ និងបកស្រាយផ្សេងគ្នាដូច្នេះហើយ ទើបនាពេលថ្មីៗនេះ ក្រសួងការពារជាតិរុស្ស៊ី បានបង្ហាញនូវខិតប័ណ្ណផ្សព្វផ្សាយមួយចំនួន ដើម្បីបញ្ជាក់ពីខ្លឹមសារពិតរបស់អក្សរទាំងពីរ ដែលមេដឹកនាំរុស្ស៊ីបានគិតហើយ និងបានបញ្ជាឲ្យអនុវត្ត។ 

អក្សរ Z ត្រូវបានបកស្រាយថា ឌិណាហ្ស៊ីហ្វីខេសិន (DenaZification) មានន័យថា មិនឲ្យមានរបបបែបណាហ្ស៊ី​ អល្លឺម៉ង់លើទឹកដីអ៊ុយក្រែន និង Z មួយទៀត ត្រូវបានបកស្រាយថា​ ឌិមីលីទារ៉ាយសេសិន (DemilitariZation) មានន័យថា រំសាយអាវុធយុទ្ធភ័ណ្ឌ គឺមិនឲ្យអ៊ុយក្រែនមានកងទ័ព ឬមានអាវុធទំនើប។ 

ចំណែកអក្សរ V ត្រូវបានបកស្រាយថា វិចទ័ររី (Victory) ជ័យជម្នះ, វីតាល់ ថាស់ (Vital Task) បេសកម្មសំខាន់ និង វៀរី ផូឡៃ ភីផល (Every Polite People) មនុស្សស្លូតបូតបំផុត។ ដូច្នេះរុស្ស៊ី បានគិតទុកមុនច្បាស់ណាស់អំពីអក្សរ និងគោលបំណងនៃសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ឡយ អូស្ទីន ធ្លាប់​បាន​និយាយទៀត​ថា​ ចេតនាពិត និង​គោល​បំណងពិតនៃការធ្វើសង្គ្រាមនេះ ​គឺរុស្ស៊ីបានគិតទុកទុកមុន រួចជា​ស្រេចអស់ហើយ។ ប្រតិបត្តិការ​ទាំង​មូល​ ដូចចាប់​ពី​ថ្ងៃ​ដំបូង ​គឺរុស្ស៊ី​ផ្តោត​តែលើ​ការ​បំបាក់​​កម្លាំងទ័ពរបស់​អ៊ុយក្រែន។ 

លោកបានពន្យល់ថា កងទ័ពអ៊ុយក្រែនក្លាហានមែន ប៉ុន្តែត្រូវកងទ័ពរុស្ស៊ីឡោមព័ទ្ធជាប់ទាំងស្រុង ដោយកាត់ផ្តាច់ពីតំបន់មួយទៅតំបន់មួយទៀត និងឲ្យនៅឯកោម្នាក់ឯង។ រួមទាំងប្រជាជនរាប់ម៉ឺននាក់ នៅជាប់គាំងក្នុងតំបន់មួយចំនួន អាចអស់ស្បៀងស្រេចទៅហើយ៕

By Ana

You missed