កំពង់ស្ពឺ៖ ស្រីម្នាក់ធ្វើដំណើរតាមផ្លូវលេខ៣ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានរើសយកគ្រឿងអលង្ការរបស់អ្នកដទៃ នៅពេលចុះពីរថយន្តនៅឯស្ថានីយប្រេង ភីធីធី ត្រាំខ្នា លើផ្លូវជាតិលេខ៣។

ម្ចាស់់គ្រឿងអលង្ការបានរៀបរាប់ថា ខណៈនាងចុះពីរថយន្ត ចិញ្ចៀនមួយវង់បានរបូតជ្រុះពីដៃនាង ហើយធ្លាក់ខ្ទាតពីខ្លួនភ្លាម ក៏នាំគ្នាស្ទុះស្ទារកមើលភ្លាមៗដែរ ប៉ុន្តែមិនអាចរកឃើញឡើយ ព្រោះស្ត្រីម្នាក់ចុះពីរថយន្តឈប់នៅក្បែរគ្នានោះ បានស្ទុះទៅរើសយកបាត់ទៅហើយ។

សន្តិសុខយាមស្ថានីយប្រេង ភីធីធី ត្រាំខ្នា ស្ថិតនៅផ្លូវលេខ៣ ភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក៏ប្រឹងជួយរកជុំវិញ និងក្រោមរថយន្តដែរ តែរកមិនឃើញ។

ដោយមិនអស់ចិត្តចំពោះការបាត់បង់វត្ថុមានតម្លៃនេះ ម្ចាស់ស្ថានីយក៏ពិនិត្យមើលកាមេរ៉ា សុវត្តិភាព ទើបឃើញស្ត្រីម្នាក់ចុះពីរថយន្ត Lexus RX330 ពាក់ស្លាកលេខ ភ្នំពេញ 2AS-9382 ដែលឈប់នៅក្បែរគ្នា ស្ទុះមករើសយកដាក់ក្នងខោប៉ៅខោ ដើរចូលបន្ទប់ទឹកយ៉ាងលឿន។

យោងតាមឃ្លីបវីដេអូនេះ បានឲ្យដឹងថា ស្ត្រីវ័យកណ្តាល ជាអ្នករើសចិញ្ចៀនមួយវង់នេះ ស្លៀកខោពណ៌ប្រផេះ ពាក់អាវពណ៌ក្រហម ដោយមានដឹកដៃក្មេងស្រីម្នាក់ ស្លៀកខោពណ៌ក្រហម អាវពណ៌លឿង គឺក្នុងចម្ងាយប្រហែលពីរម៉ែត្រពីម្ចាស់ចិញ្ចៀន ដែលកំពុងឱនរកក្រោមឡាន និងនៅជុំវិញឡាន។

ពេលស្ត្រីនេះឱនរើសចិញ្ចៀន ក៏មានស្ត្រីម្នាក់ទៀត ស្លៀកខោពណ៌ខ្មៅ ពាក់អាវពណ៌ខ្មៅ ដើរពីក្រោយជាមួយក្មេងស្រីម្នាក់ ស្លៀករ៉ូប ពណ៌សស្រអាប់ផងដែរ។

មួយសន្ទុះក្រោយមក ខណៈម្ចាស់ចិញ្ចៀន និងសន្តិសុខ កំពុងឱនឈ្ងោករកក្រោមឡាន ស្ត្រីអ្នករើសបានវត្ថុមានតម្លៃនេះ បានដឹកដៃក្មេងស្រី ដើរចូលទៅក្នុងរថយន្ត ដោយមានក្មេងស្រីជំទង់ម្នាក់ទៀត ស្លៀកខោពណ៌ស ពាក់អាវពណ៌ប្រផេះ ដើរតាមពីក្រោយ ហើយអ្នកទាំងបីនាក់នេះ ក៏ឃើញអ្នកកំពុងប្រឹងរករបស់ជ្រុះបាត់ដែរ។

ក្រោយពីដឹងថា មានគេរើសភ្លាម ម្ចាស់ចិញ្ចៀនក៏ចេញដំណើរតាមពីរថយន្ត ដែលចេញទៅមុននោះបន្តិច ប៉ុន្តែមិនអាចរកឃើញឡើយ ទោះបីជាស្គាល់លេខរថយន្តច្បាស់ក៏ដោយ។

ការចេញដំណើរទៅរបស់រថយន្ត Lexus RX330 ក៏មានរថយន្តរថយន្តម៉ាក Camry មួយគ្រឿងផងដែរ ដែលសង្ស័យថា ជាអ្នកស្គាល់គ្នា និងរួមដំណើរក្នុងគោលដៅជាមួយគ្នា។ ម្ចាស់ចិញ្ចៀនក៏ស្លាកលេខឡាននេះ និងឈ្មោះម្ចាស់ផងដែរ តែមិនទាន់បញ្ចេញជាសាធារណៈ។

យោងតាមការស្រាវជ្រាវ ម្ចាស់ចិញ្ចៀនបានស្គាល់ឈ្មោះម្ចាស់រថយន្តទាំងពីរគ្រឿងនេះ រួមទាំងទីលំនៅផងដែរ ដែលបញ្ជាក់នៅលើប័ណ្ណសម្គាល់កម្មសិទ្ទិយានយន្ត រួមទាំងអត្តសញ្ញាណប័ណ្ណផងដែរ ប៉ុន្តែមិនអាចជួបបាន ដូច្នេះម្ចាស់ចិញ្ចៀនអង្វរដល់អ្នករើសបាន សូមមេត្តាប្រគល់ឲ្យម្ចាស់ដើមវិញ ដោយសេចក្តីថ្លៃថ្នូរ ជាជនរួមជាតិ ហើយម្ចាស់ចិញ្ចៀនសន្យាថា នឹងផ្តល់សារគុណជាទីគាប់ចិត្ត និងដោយគោរព ដើម្បីលើកតម្លៃគុណធម៌ជនជាតិខ្មែរយើង។

បើបងស្រីជាអ្នករើសបាន ឬអ្នកស្គាល់អត្តសញ្ញាណបងស្រី ដូចរៀបរាប់ខាងលើនេះ សូមទាក់ទងមកលេខទូរស័ព្ទ ០៩៩ ២២២ ២៥៣/ ០៧៧ ៤២២ ៦៣៣/ ០៨៦ ៣៨២ ៣៨២៕ សូមអរគុណ

By Ana

You missed