(ភ្នំពេញ)៖ បន្ទាប់ពីលោក គឹម វិញ្ញូរិទ្ធ ជាមេធាវីរបស់លោកឧកញ៉ា នួន អក អគ្គនាយកក្រុមហ៊ុន BLUE BAY LAND DEVELOPMENT CO.,LTD ចេញលិខិតគំរាមប្ដឹងអ្នកកាសែតណាដែលហ៊ានផ្សាយរឿងកូនក្ដីរបស់ខ្លួនលក់ដីខ្យល់នៅខេត្តកំពត បោកប្រាស់អតិថិជនជាងមួយម៉ឺនដុល្លារ ដើម្បីបំភ័យអ្នកកាសែតមិនបានសម្រេច នៅល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧកញ៉ា បានចេញវីដេអូ សុំទោស និងលួងលោមអ្នកកាសែត ឱ្យលុបព័ត៌មានចេញវិញម្ដង។

នៅក្នុងវីដេអូផ្សាយផ្ទាល់លើបណ្ដាញសង្គម Facebook រយៈពេល២៣នាទី និង១៥វិនាទី លោកឧកញ៉ា នួន អក ដែលគេស្គាល់ថា ជាគ្រូបង្រៀនឲ្យមនុស្សក្នុងប្រទេសកម្ពុជាឲ្យជោគជ័យ បានលើកដៃសំពះសុំទោសអ្នកកាសែតទាំងអស់ និងសុំឲ្យលុបព័ត៌មាន ដែលបានផ្សាយរឿងអតិថិជនប្ដឹងលោកចេញវិញ។

ក្នុងការសម្ដែងធ្វើទឹកមុខស្រពាប់ស្រពោនហាក់ដូចជានិយាយចេញពីចិត្តមែនទែន លោកឧកញ៉ា នួន អក បានលើកឡើងថា៖ ថ្ងៃមិញនេះ មេធាវីរបស់ខ្ញុំបានចេញលិខិតមួយធ្វើឲ្យបងប្អូនអ្នកសារព័ត៌មានមួយចំនួនមិនសប្បាយចិត្ត ដូច្នេះខ្ញុំសុំធ្វើការសុំខន្តីអភ័យទោស ដោយសារខ្ញុំអត់មានបំណងឱ្យមានបញ្ហាអ៊ីចឹងទេ….ដោយខ្ញុំមិនបានពិនិត្យពិច័យឲ្យបានច្បាស់លាស់។

លោកឧកញ៉ា នួន អក និយាយធ្វើដូចជាខ្លូនបានស្គាល់កំហុស និងចង់សុំទោសអ្នកកាសែតមែនទែនថា៖ ខ្ញុំចង់ឲ្យបងប្អូនអ្នកសារព័ត៌មានទាំងអស់ កុំមានការភាន់ច្រឡំ ខឹងចំពោះខ្ញុំ ក៏ដូចជាលិខិតដែលយើងបានចេញថ្ងៃមិញ…..ចង់ឲ្យបងប្អូនគិតចេះវិញ លិខិតហ្នឹងគ្រាន់តែចង់ឲ្យបងប្អូនជួយសម្របសម្រួលលុបចោលវិញ……ដើម្បីកុំឲ្យមានការភាន់ច្រឡំតទៅទៀត…..។ ខ្ញុំជំនួសឲ្យមេធាវីរបស់ខ្ញុំ ខ្ញុំសូមធ្វើការសុំទោសបងប្អូន…….។

អ្វីដែលគួរឲ្យសោកស្ដាយនោះ គឹការសម្ដែងរបស់លោកឧកញ៉ា នួន អក បានលុបចេញពីលើបណ្ដាញសង្គម Facebook វិញភ្លាមៗ បន្ទាប់ពីផ្សាយផ្ទាល់ ដើម្បីសម្តែងធ្វើដូចជាដឹងកំហុស និងសុំទោសអ្នកកាសែតមែនទែន។

ការលុបចោលនូវវីដេអូពីលើបណ្ដាញសង្គម Facebook របស់លោកឧកញ៉ា នួន អក ទំនងជាអាចបង្ហាញឲ្យយសាធារណៈជនមើលឃើញកាន់តែច្បាស់ថា លោកឧកញ៉ា រូបនេះមានបេះដូងសុច្ចរិត ក្នុងការសុំទោសអ្នកកាសែត ពិតប្រាកដ ឬក៏គ្រាន់តែជាការសម្ដែងទៅតាមជំនាញរបស់លោកតែប៉ុណ្ណោះ?

គួរបញ្ជាក់ថា ក្រោយពីជនរងគ្រោះដាក់ពាក្យប្ដឹងលោកឧកញ៉ា នួន អក អគ្គនាយកក្រុមហ៊ុន BLUE BAY LAND DEVELOPMENT CO.,LTD រឿងឆបោកប្រាក់ចំនួន១១,៧២០ដុល្លារ ក្នុងការទិញលក់ដីឡូតិ៍ F1នៃគម្រោង ឌឺសាគូរ៉ាផាក ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត និងមានការចុះផ្សាយតាមបណ្ដាញសារព័ត៌មានក្នុងស្រុក មេធាវីរបស់លោកឧកញ៉ា នួន អក បានចេញលិខិតបំភ្លឺ និងគំរាមអ្នកកាសែតដែលហ៊ានផ្សាយការពិតឲ្យលុបរឿងអាស្រូវនោះជាកំហិត។

លិខិតចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ របស់លោក គឹម វិញ្ញូរិទ្ធ ជាមេធាវីរបស់លោកឧកញ៉ា នួន អក អគ្គនាយកក្រុមហ៊ុន បានចាត់ទុកថា ការចុះផ្សាយអត្ថបទ រឿងអ្នកស្រី ឡុង សុភ័ក្រ្ត អាយុ៣៧ឆ្នាំ ដាក់ពាក្យប្ដឹងឧកញ៉ា នួន អក ទៅកាន់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត រឿងឆបោកប្រាក់ជាង មួយម៉ឺនដុល្លារក្នុងការលក់ដីខ្យល់នៅខេត្តកំពតនោះជារឿងមិនពិតនោះទេ។

មេធាវី គឹម វិញ្ញូរិទ្ធ បានចាត់ទុកការផ្សាយរបស់អ្នកកាសែតរឿងលោកឧកញ៉ា នួន អក ដែលត្រូវអតិថិជនប្ដឹងករណីឆបោកប្រាក់ គឺជាការចុះផ្សាយខុសពីការពិតដើម្បីទាញយកប្រយោជន៍ពីលោកឧកញ៉ា នួន អក ។

ជាចុងក្រោយមេធាវី គឹម វិញ្ញូរិទ្ធ បានគំរាមចាត់វិធានការច្បាប់ប្រសិនបើអ្នកកាសែត និងអ្នកលេង Facebook នៅតែបន្តការផ្សាយរឿងអាស្រូវមួយនេះ មិនព្រមលុបចោលវិញក្នុងរយៈពេល២៤ម៉ោងចាប់ពីពេលជូនដំណឹងនេះ។

ដើម្បីបង្ហាញការពិត និងលាតត្រដាងលោកឲ្យកាន់តែច្បាស់ថា លោកឧកញ៉ា នួន អក ជាមនុស្សបរិសុទ្ធ ឬមិនបរិសុទ្ធ មេធាវីរបស់លោកឧកញ៉ា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញលិខិតមួយច្បាប់ មានកំរាស់២ទំព័រគំរាមអ្នកកាសែត និងអ្នកលេង Facebook ឲ្យលុបព័ត៌មានភ្លាម។

ស្រាប់តែនៅវេលាទៀបភ្លឺថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឧកញ៉ា នួន អក បានឲ្យកូនចៅរបស់ខ្លួនផ្ញើលុយទៅសងដើម្បីបណ្ដឹងដើម្បីបញ្ចប់វិវាទ។

ប្រភពបន្ថែមថា ក្រោយពេលកាសែតចុះផ្សាយរឿងគាត់ប្ដឹងលោកឧកញ៉ា នួន អក ភ្លាម គឺឧកញ៉ា នួន អក បានហៅទូរស័ព្ទទៅជនរងគ្រោះ និងមេធាវីរបស់ជនរងគ្រោះ ដើម្បីសុំចចារបញ្ចប់រឿងរាប់សិបដង ប៉ុន្តែជនរងគ្រោះមិនព្រមសម្របសម្រួលជាមួយ ទើបនៅវេលាទៀបភ្លឺ និងព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧកញ៉ា នួន អក ប្រើប្រាស់គណនីធនាគារឈ្មោះ CHHORN SREYNECH លេខ 000 483 492 ផ្ញើលុយចូលទៅគណនីរបស់ជនរងគ្រោះ ចំនួន ២លើក សរុបចំនួន ៣៥,១៦០ដុល្លារ ដោយដាក់នៅចំណុច REMARK ថា ប្រាក់ព្រមព្រៀងបញ្ចប់វិវាទរវាងឧកញ៉ា នួន អក និងអ្នកស្រី ឡុង សុភ័ក្ត្រ ថែមទៀតផង៕

 

By Ana

You missed