ស៊ុយអែត៖ ម្ចាស់ឆាណែល យូធ្យូប ឈ្មោះ ភីឌីផាយ (PewDiePie) នៅចុងឆ្នាំ២០២០នេះ តាមរយៈជំនាញផ្ទាល់ខ្លួន គឺលេងវីដេអូហ្គែម នៅលើយូធ្យូប រហូតអាចក្លាយជាមនុស្សឆ្នើមខាងលេងហ្គែម និងអាចរកប្រាក់បានរហូតជាង៤០លានដុល្លារ។
ម្ចាស់ឆាណែល ភីឌីផាយនេះ នៅឆ្នាំនេះទើបតែមានអាយុ៣១ឆ្នាំ គឺកើតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៨៩ នៅទីក្រុងហ្គូថេនបឺក ប្រទេសស៊ុយអែត ប៉ុន្តែនៅលើយូធូប បុរសរូបនេះនិយាយភាសាអង្គគ្លេសទាំងអស់។
លោកមានឈ្មោះថា ហ្វេលីក ហ្សេលប៊ើក ប៉ុន្តែត្រូវបានគេស្គាល់តាមរយៈឈ្មោះក្លែងបន្លំនៅលើបណ្តាញទំនាក់ទំនងសង្គម គឺភីឌីផាយ ដែលរាល់វីដេអូបង្ហោះផ្សាយរបស់ គាត់ត្រូវបានមហាជនតាមមើលយ៉ាងច្រើនបំផុត។
តាំងពីក្មេងមក លោកចាប់អារម្មណ៍តែនឹងផ្នែកសិល្បៈ និងលេងហ្គែម ជាពិសេសក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ។
ក្រោយពីប្រឡងជាប់កម្រិតវិទ្យាល័យ លោកបានបន្តការសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា។ ប៉ុន្តែលោកមានអារម្មណ៍ថា ខ្លួនមិនមែនជាសិស្សនៅសាលានោះទេ ដូច្នេះលោកក៏សម្រេចចិត្តឈប់រៀន ហើយងាកមកធ្វើអ្វីដែលធ្វើឲ្យខ្លួនសប្បាយចិត្តទៅវិញ គឺលេងហ្គែម ហើយថតជាវីដេអូ បង្ហោះលើ ឆាណែលយូធូ។
ទោះបីជានៅក្មេងក៏ដោយ លោក ហ្វេលិក ហ្សេលប៊ើក បាននិយាយនៅក្នុងវីដេអូថា ខ្លួនយកលុយបានមកពីការលក់ស្នាដៃបង្កើតឡើងដោយប្រើកម្មវិធីហ្វូតូសប់ ទៅទិញឧបករណ៍ដើម្បីចាប់ផ្តើមលេងហ្គែម ហើយបង្ហោះវីដេអូលេងហ្គែមនេះ លើឆាណែលយូធូប មានឈ្មោះថា ភីឌី ដែលក្រោយមកដូរជា ភីឌីផាយ ប៉ុន្តែមិនមានន័យអ្វីពិតប្រាកដឡើយ។
ឆាណែលឈ្មោះ ភីឌីផាយ បានបង្កើតឡើង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១០ ប៉ុន្តែតាមរយៈការធ្វើអត្ថាធិប្បាយប្រោកប្រាជ្វ និងគួរឱ្យអស់សំណើចរបស់លោក ហ្វេលីក ហ្សេលប៊ើក នៅពេលកំពុងហ្គែម និងបកស្រាយមតិមហាជន បានធ្វើឲ្យលោកផ្ទុះល្បីឈ្មោះយ៉ាងឆាប់រហ័ស រហូតទទួលបាន សាប់សក្រាយប៊ើ ចំនួន៥លាននាក់ ក្នុងឆ្នាំ២០១២។
បើគិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ឆាណែល ភីឌីផាយ មានវីដេអូជាង៣៥០០ ដែលមានសាប់ស្ក្រាយប៊ើ ជាង១០៨លាននាក់។
នៅពេលប្រជាប្រិយភាពរបស់លោកកាន់តែកើនឡើង ហើយរបាយការណ៍ជាសាធានរណៈអំពីចំណូលជាទឹកប្រាក់ដ៏ច្រើនបានពីការលេងហ្គែម ហើយថតវីដេអូ បង្ហោះលើយូធូបនេះ ក៏ទទួលបានការចាប់អារម្មណ៍ និងការស្អប់នៅពេលតែមួយគ្នាផងដែរ។
ម្ចាស់ឆាណែល ភីឌីផាយ បានឈ្នះពានរង្វាន់ជាច្រើនក្នុងចំណោមអ្នកលេងហ្គែមនៅលើយូធូប ដែលភាគច្រើនទទួលបានការចាប់អារម្មណ៍បំផុត ក្នុងចំណោមឆាណែលលេងហ្គែម ។
នៅក្នុងឆ្នាំ២០១៦ ឆាណែល ឈ្មោះ ភីឌីផាយ ត្រូវបានគេចាត់ទុកថា ជាអ្នកលេងយូធូប ដែលអាចរកចំណូលបានច្រើនបំផុត ដូចជាប្រាក់ចំណូលប្រចាំឆ្នាំ មានរហូតដល់ទៅ១៥លានដុល្លារ។ បើគិតត្រឹមចុងឆ្នាំ២០២០នេះ ប្រាក់ចំណូលរបស់លោក ហ្វេលីក ហ្សេលប៊ើក ត្រូវបានគេប៉ាន់ស្មានថា មានចំនួនជាង៤០លានដុល្លារ។
ទោះមានចំណូលខ្ពស់ក៏ដោយ ម្ចាស់ឆាណែលរូបនេះ មិនចំណាយប្រាក់រាប់លានដុល្លារ ទៅលើរថយន្តប្រណីត និងទិញផ្ទះថ្មីទេ ដោយសារលោកមានសេចក្តីប្រាថ្នាមួយ គឺទិញឧបករណ៍ថ្មីសម្រាប់ធ្វើការ។
ទោះបីជាប្រាក់ភាគច្រើនត្រូវទុកសម្រាប់ផ្ទាល់ខ្លួនក៏ដោយ លោកបានផ្តល់ជាចំនួយសប្បុរសជនខ្លះដែរ ដូចជាអង្គការសង្គ្រោះកុមារ បិរស្ថាន មូលនិធិការពារសត្វព្រៃពិភព។
សម្តីប្លែកៗ របស់លោក ហ្វេលីក ហ្សេប៊ើក ដែលធ្លាប់លើកឡើង៖
១ «ឪពុកម្តាយរបស់ខ្ញុំបាននិយាយថា ការអង្គុយនៅផ្ទះលេងហ្គែមវីដេអូពេញមួយថ្ងៃ នឹងមិននាំអ្នកទៅកន្លែងណាទេនៅក្នុងជីវិត»។
២ «អ្វីដែលធ្វើឲ្យយូធូបបទទួលបានជោគជ័យ គឺអាចទាក់ទងជាមួយមនុស្ស ដែលអ្នកកំពុងមើល គឹល្អជាងឃើញមនុស្សនៅកញ្ចក់លើទូរទស្សន៍»។
៣ «នៅពេលខ្ញុំចាប់ផ្តើមបង្កើតឆាណែលយូធូបរបស់ខ្ញុំ ក្នុងឆ្នាំ២០១០ ខ្ញុំមិនដែលនឹកស្រម៉ៃថា ថ្ងៃណាមួយវានឹងក្លាយជាឆាណែល ដែលមានអ្នកតាមមើលច្រើនជាងគេបំផុតនៅលើពិភពលោកបែបនេះទេ ហើយខ្ញុំនឹងក្លាយជាមានចំណែកក្នុងសហគមន៍ដ៏អស្ចារ្យបែបនេះ»។
៤ «ខ្ញុំបានជម្រាបទៅឪពុកម្តាយរបស់ខ្ញុំថា ខ្ញុំបានបោះបង់ចោលក្តីសុបិន្តចង់បន្តការសិក្សារបស់ខ្ញុំ នៅសាកលវិទ្យាល័យ ហើយយកពេលមកអង្គុយនៅផ្ទះ ថតវីដេអូលេងហ្គែម គឺមិនងាយស្រួលនោះទេ»។
៥ «តាមរយៈឆាណែលរបស់ខ្ញុំនេះ ក៏ដូចនឹងមនុស្សដទៃទៀតដែរ ដែលមានបណ្តាញអ៊ីនធឹណិតដែរ គឺភាគច្រើនគិតថា អាចផ្តល់ ឬទទួលព័ត៌មានបានលឿនណាស់ ដូច្នេះអ្នកអាចឆាប់ល្បី។ ខ្ញុំមិនដែលល្បីផ្ទុះ ឬបានអ្វីធំដុំទេ។ ខ្ញុំគ្រាន់តែគិតថា ជាអ្វីដែលរីកចម្រើនជាលំដាប់ និងកំពុងតែកើនឡើងជាបន្តបន្ទាប់»។
៦ «វាមានភាពងាយស្រួលជាងមុនក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្ររបស់ខ្ញុំ។ ខ្ញុំអាចឆ្លើយតបវិញបានគ្រប់សារទាំងអស់ ហើយខ្ញុំរីករាយនឹងធ្វើការងារនេះណាស់»។
ភីឌីផាយ គឺជាអ្នកលេងយូធូប ដ៏មានប្រជាប្រិយបំផុត ដោយមានអតិថិជនរាប់លាននាក់ និងកំពុងតែប្រមូលប្រាក់យ៉ាងកាក់កប ដែលគិតត្រឹមចុង ឆ្នាំ២០២០នេះ ត្រូវបានគេប៉ាន់ស្មានថា មានចំនួនជាង៤០លានដុល្លារ៕