(ពោធិសាត់)៖ បុរសម្នាក់ដែលមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ហើយបានគេចពីការធ្វើចត្តាឡីស័កនៅភ្នំពេញ ត្រូវបានអាជ្ញាធរខេត្តពោធិសាត់ ឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ក្នុងភូមិដំណាក់អំពិលក្រោម សង្កាត់លលកស ក្រុងពោធិសាត់ ខេត្តពោធិសាត់។
ប្រតិបត្តិការខាងលើ គឺក្រោមការបញ្ជាផ្ទាល់ពីសំណាក់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិសាត់ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
បើតាមប្រភពពីមន្ត្រីយោធា នៃស្នាក់ការសន្តិសុខ ប្រចាំការនៅខេត្តពោធិសាត់ បានឱ្យដឹងថា បុរសគេចពីការធ្វើចត្តាឡីស័កមានឈ្មោះ មួន សុភាន់ អាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ជនសង្ស័យបានគេចចេញពីភ្នំពេញ មកខេត្តពោធិសាត់ ចំនួនបីថ្ងៃ ហើយបានចូលទៅស្នាក់នៅផ្ទះសំណាក់នគរមាស ចំនួនពីរយប់ និងបានចូលទៅស្រស់ស្រូបអាហារនៅភោជនីយដ្ឋាន ឡាំ ស៊ីវអេង, ចូលទៅកាត់សក់នៅហាងពេញចិត្តចុងកោះ និងចូលផឹកស៊ីនៅសំនៀងសុខសាន្ត និងអាចចូលទៅកន្លែងផ្សេងៗទៀត។
ប្រភពបានបន្តថា រៀងរាល់ចុះទៅទីតាំងនីមួយៗ គឺមានអ្នករត់ម៉ូតូឌុបពីរនាក់ ជាអ្នកផ្លាស់ប្តូរគ្នាដឹកជញ្ជូន។ ក្នុងប្រតិបត្តិការស្រាវជ្រាវខាងលើ កម្លាំងចម្រុះក៏បានឃាត់ខ្លួនអ្នករត់ ម៉ូតូឌុពីរនាក់ និងប្រពន្ធអ្នករត់ម៉ូតូឌុបម្នាក់បន្ថែមទៀត ដែលសរុបទាំងអស់មានជនសង្ស័យមានបួននាក់ ដើម្បីមកពិនិត្យសំណាក រងចាំការធ្វើតេស្ត ពិនិត្យជំងឺកូវីដ-១៩ ថាមានវិជ្ជមាន ឬអវិជ្ជមាន។
ចំពោះទីតាំងខាងលើ ដែលជនសង្ស័យនោះទៅ បច្ចុប្បន្នសមត្ថកិច្ចបាននឹងកំពុងហ៊ុព័ន្ធ និងធ្វើការផ្អាកដំណើរការជាបណ្តោះអាសន្ន៕