(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញអមដំណើរលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ទៅពិនិត្យសមិទ្ធផលស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។

ក្នុងដំណើរពិនិត្យមើលនេះ មានការអញ្ជើញចូលរួមពីប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន និងអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អាជ្ញាធរស្រុកទាំងពីរ គឺស្ទឹងត្រង់-ក្រូចឆ្មារ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចបើកឱ្យដំណើរការស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ជាបណ្តោះអាសន្ន ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះតទៅ និងរងចាំពេលវេលាសមស្របណាមួយ ដើម្បីរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា សមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ស្ពាននេះ មានបណ្តោយប្រវែង ១.១៣១ ម៉ែត្រ និងទទឹងប្រវែង ១៣,៥០ ម៉ែត្រ ដោយចំណាយថវិកាអស់ជិត៥៧លានដុល្លារ៕

 

 

By Ana

You missed