មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពីម្សិលមិញថា អ្នកបើកយន្តហោះចម្បាំងរុស្ស៊ី ដែលជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុធ្វើឲ្យយន្តហោះដ្រូនរបស់អាមេរិក ធ្លាក់ចូលក្នុងទឹកសមុទ្រខ្មៅ នឹងត្រូវទទួលបានមេដាយពីរដ្ឋ ដើម្បីជាការលើកទឹកចិត្តដល់ការប្រឹងប្រែងការពារអធិបតេយ្យភាពជាតិ។

ការផ្តល់មេដាយនេះ ហាក់ដូចជាបង្ហាញអំពីចេតនារបស់ទីក្រុងមូស្គូ ក្នុងការប្រកាន់យកនូវគោលជំហរកាន់គឃ្លើនចំពោះសកម្មភាពហោះហើរឃ្លាំមើលរបស់យោធាសហរដ្ឋអាមេរិក នាពេលអនាគត។

­­­­­ចំណែកមន្ត្រីយោធាសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានបញ្ជាទម្លាក់យន្តហោះដ្រូន MQ-9 Reaper របស់កងទ័ពអាកាស នៅក្នុងសមុទ្រខ្មៅ កាលពីថ្ងៃអង្គារ បន្ទាប់ពី­­យន្តហោះចម្បាំងរុស្ស៊ីពីរគ្រឿង បានបាញ់សាំងស្រោចលើយន្តហោះដ្រូនស៊ើបការណ៍ ហើយបន្ទាប់មកបានបុកស្លាបដ្រូននោះ ខណៈកំពុងហោះហើរក្នុងដែនអាកាសអន្តរជាតិ។

រដ្ឋាភិបាលទីក្រុងមូស្គូ បានបដិសេធការចោទប្រកាន់ថា យន្តហោះចម្បាំងរបស់ខ្លួនបានបុកយន្តហោះដ្រូនរបស់អាមេរិក ដោយបាន​និយាយ​ថា យន្តហោះ​របស់​ខ្លួន​បានបញ្ចេញ​ប្រតិកម្ម​ចំពោះ​ការ​រំលោភ​លើ​តំបន់​គ្មាន​ការ​ហោះហើរ​ នៅ​ក្នុង​តំបន់​ក្បែរ​គ្រីមៀ។

កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក ស៊ើគេ សយគូ (Sergei Shoigu) បានសម្តែងការស្ងើសសរសើរដល់អ្នកបើកយន្តហោះចម្បាំង ដែលបានរារាំងយន្តហោះដ្រូនមិនឲ្យហោះហើរចូលទៅក្នុងតំបន់ហាមឃាត់ ដោយលោកពន្យល់ថា ក្រសួងការពារជាតិរុស្ស៊ីបានសង្កត់ធ្ងន់ចំពោះការហាមឃាត់នេះ គឺស្របតាមបទដ្ឋានអន្តរជាតិ។

ការប្រកាសរបស់ទីក្រុងមូស្គូកើតឡើងមួយថ្ងៃបន្ទាប់ពីយោធាអាមេរិក បានចេញផ្សាយឃ្លីបវីដេអូពណ៌រយៈពេល៤២វិនាទី ដែលបង្ហាញពីយន្តហោះចម្បាំងរុស្ស៊ី ប្រភេទ Su-27 កំពុងហោះចូលទៅជិតខាងក្រោយយន្តហោះដ្រូនរបស់សហរដ្ឋអាមេរិក ហើយបញ្ចេញប្រេងស្រោចលើ ដែលមើលទៅហាក់ដូចជាមានគោលបំណងធ្វើឲ្យឧបករណ៍អុបទិករបស់យន្តហោះដ្រូន គាំងមិនអាចដំណើរការបាន។

យោងតាម​មន្ត្រី យោធា​អាមេរិក​បាន​និយាយ​ថា ការព្យាយាមលើ​ទី​ពីររបស់យន្តហោះ​ចម្បាំងប្រភេទ Su-27 របស់​រុស្ស៊ី​មួយ​គ្រឿង​ទៀត​ បាន​វាយប្រហារ​លើ​ស្លាបចក្រ​យន្តហោះ​ដ្រូន MQ-9 ដែលត្រូវប្រេងស្រោចលើងងឹតឈឹង ដោយធ្វើឲ្យបាក់ស្លាបកង្វារមួយ ដូច្នេះទាហានអាមេរិក បានបញ្ជា​ទម្លាក់​យន្តហោះ​ដ្រូននេះ ទៅក្នុង​សមុទ្រខ្មៅតែម្តង។

ពាក់ព័ន្ធករណីនះ មេទ័ពកំពូលរបស់សហរដ្ឋអាមេរិក និងរុស្ស៊ី បាននិយាយ កាលពីថ្ងៃពុធ តាមរយះការហៅទូរស័ព្ទ ដើម្បីបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃព្រឹត្តិការណ៍នេះ។

លោក ឌីមីទ្រី ម៉េតវេដេវ (Dmitry Medvedev) អនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រថា «និយាយឲ្យសាមញ្ញ អាមេរិកាំង បានក្លាយទៅជាមនុស្សអាក្រក់ពេក ហើយ យើងមិនគួរគួរសមជាមួយពួកគេពេកទេ។  ជា​ការ​ពិត ទំនាក់​ទំនង​រវាង​យោធា និងយោធា​ គឺ​ជា​ការ​ចាំបាច់»។

អ្នកវិភាគនយោបាយ ដែលគាំទ្រវិមានក្រឹមឡាំង បានចង្អុលទៅមេដាយសម្រាប់ប្រគល់ជូនអ្នកបើកយន្តហោះចម្បាំង ដែលបើកបំបុកយន្តហោះដ្រូនរបស់សហរដ្ឋអាមេរិកថា «ជាសញ្ញាច្បាស់លាស់ ដែលរុស្ស៊ីនឹងបន្តបុកទម្លាក់យន្តហោះដ្រូនអាមេរិកទៀត ប្រសិនហ៊ានហោះបំពាន»។

លោកបានសរសេរនៅក្នុងបទអត្ថាធិប្បាយថា «ការសម្រេចចិត្តនេះនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសង្គមរុស្ស៊ី ដែលចង់ឲ្យរដ្ឋាភិបាលពង្រឹងគោលនយោបាយរបស់ខ្លួន»។

រដ្ឋាភិបាលទីក្រុងមូស្គូ បានសម្តែងការព្រួយបារម្ភម្តងហើយម្តងទៀត អំពីសកម្មភាពហោះហើរស៊ើបការណ៍របស់សហរដ្ឋអាមេរិក នៅជិតតំបន់គ្រីមេ ដែលរុស្ស៊ីបានដណ្តើមយកពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤។ វិមានក្រឹមឡាំងបានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តថា បានចូលរួមក្នុងជម្លោះដោយផ្ទល់ក្នុងសង្គ្រាមអ៊ុយក្រែន តាមរយៈការផ្តល់អាវុធ និងការចែករំលែកព័ត៌មានសម្ងាត់។

ចំណែកមន្ត្រីរុស្ស៊ីមួយចំនួន បានចោទប្រកាន់ថា សកម្មភាពហោះហើរឈ្លបយកការណ៍របស់សហរដ្ឋអាមេរិក គឺដើម្បីប្រមូលព័ត៌មានសម្ងាត់ សម្រាប់ឲ្យអ៊ុយក្រែនវាយប្រហារលើគោលដៅសំខាន់លើទឺកដីរបស់រុស្ស៊ី៕

By Ana

You missed