មូស្គូ៖ នៅពេលកម្លាំងវាយលុករបស់រុស្សី ហាក់បីដូចជាកំពុងរីករាលពាសពេញសមរភូមិមុខ ស្ថិតភាគខាងកើតអ៊ុយក្រែនក៏ដោយ យុទ្ធជនមកពីក្រុមទាហានស៊ីឈ្នួលឈ្មោះ វ៉ាក់នើ (Wagner) របស់រុស្ស៊ី កំពុងបង្កើនការវាយប្រហារទ្វេដង ដើម្បីសង្គ្រប់លើខ្សែត្រៀមការពារទីក្រុង បាក់មុត (Bakhmut) ក្នុងតំបន់ ដូណែត (Donetsk) ស្ថិតនៅភាគខាងកើតអ៊ុយក្រែន។

មេទ័ពអ៊ុយក្រែនម្នាក់ បាននិយាយថា ការវាយប្រហារដោយទ័ពថ្មើជើងរបស់រុស្ស៊ី បានថយចុះបន្តិចក្នុងសប្តាហ៍កន្លងទៅ នៅតាមសមរភូមិមុខ ពីកម្រិតខ្ពស់រហូតដល់១០០លើកក្នុងមួយថ្ងៃ ធ្លាក់ចុះមកត្រឹម៣០លើកក្នុងមួយថ្ងៃ និងវាយប្រហារពីពីរលើក ទៅប្រាំបួនលើកក្នុងមួយយប់។

លោកមេទ័ពរូបនេះ ជឿជាក់ថា កងទ័ពរុស្ស៊ី បានទទួលរងការបាត់បង់កម្លាំងទ័ព និងសម្ភារៈសឹក យ៉ាងច្រើននៅក្នុងសមរភូមិមុខដ៏ក្តៅគគុកមួយនេះ។

វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម ដែលជាក្រុមផ្តល់យោបល់មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ជឿជាក់ថា ការវាយលុករបស់រុស្ស៊ី នៅក្នុងតំបន់ លូហាន (Luhansk) ដែលមានព្រំប្រទល់ជាប់តំបន់ ដូណែត ក៏កំពុងសម្រុកយ៉ាងខ្លាំងផងដែរ។

វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម បានលើកឡើងថា «ប្រតិបត្តិការវាយលុករបស់រុស្ស៊ី នៅតំបន់ លូហាន ទំនងជាជិតដល់កម្រិតកំពូលហើយ ប្រសិនបើវាមិនទាន់ដល់កម្រិតនៅឡើយ ព្រោះរុស្ស៊ី បានបញ្ចេញទ័ពមកពីស្ទើរគ្រប់ផ្នែក និងយ៉ាងហោចណាស់មានបីកងពលធំដែរ»។

វិទ្យាស្ថានដដែលនេះ បានបន្ថែមទៀតថា «កងកម្លាំងរុស្ស៊ី ហាក់ដូចជាពង្រីកបានទីតាំងយុទ្ធសាស្ត្រសម្រាប់ឈរជើងតិចតួចបំផុតតាមបណ្តោយខ្សែត្រៀមជួរមុខ នៅតំបន់ លូហាន ទាំងមូល ក្នុងសប្តាហ៍នេះ ហើយថ្មីៗនេះ កងកម្លាំងអ៊ុយក្រែន ទំនងជាបានរៀបចំវាយបកវិញ និងដណ្តើមយកទឹកដីបានមកវិញខ្លះ នៅក្នុងតំបន់ លូហាន»។

ចំណែកនៅក្នុងរបាយការណ៍ចារកម្មថ្មីបំផុតរបស់ក្រសួងការពារជាតិអង់គ្លេស បានឲ្យដឹងថា ការប្រយុទ្ធគ្នាបានថយចុះខ្លះដែរ នៅក្នុងតំបន់ ដូណែត ហើយជោគជ័យតែមួយគត់ ដែលគេអាចមើលឃើញ គឺនៅសមរភូមិទីក្រុង បាក់មុត។

របាយការណ៍សម្ងាត់នេះ បានលើកឡើងថា «ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ការប៉ុនប៉ងរបស់រុស្ស៊ី ក្នុងការវាយលុកទីក្រុង វ៉ុឡេដា (Voledar) នៃតំបន់ ដូណែត បានថយចុះស្ទើរតែទាំងស្រុង បន្ទាប់ពីការបរាជ័យម្តងហើយម្តងទៀត និងខាតបង់កងទ័ពច្រើនពេកក្នុងរយៈពេលបីខែមុន… ជោគជ័យជាយុទ្ធសាស្ត្រថ្មីៗតែមួយគត់របស់រុស្ស៊ី គឺជ័យជម្នះនៅទីក្រុង បាក់មុត»។

វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម ក៏ជឿផងដែរថា កងកម្លាំងរុស្ស៊ី មិនបន្តប្រតិបត្តិការវាយសម្រុក ឬដើម្បីដណ្តើមជោគជ័យនៅកន្លែងផ្សេងទៀត ក្នុងទីលានសង្គ្រាមទាំងមូលនោះទេ។ ដូច្នេះ នៅពេលល្បឿននៃប្រតិបត្តិការថយចុះនៅតាមផ្នែកសំខាន់ៗនៃសមរភូមិជួរមុខ កងកម្លាំងអ៊ុយក្រែនទំនងជាមានឱកាសឡើងវិញ ក្នុងការរៀបចំប្រុងប្រៀបទ័ពជាថ្មីឡើងវិញផងដែរ។

ប៉ុន្តែនៅទីក្រុង បាក់មុត ការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លាឡើងៗ នៅទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ក្នុងតំបន់ ដូណែត និងជាកន្លែងកងទ័ពរុស្ស៊ី និងអ៊ុយក្រែន បានលះបង់ធនធានដ៏ធំសម្បើម។

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ កងកម្លាំងរុស្ស៊ី បាននឹងកំពុងចល័តទៅកាន់តំបន់ខ្លះនៃទីក្រុង បាក់មុត បន្ទាប់ពីទាហានអ៊ុយក្រែន បានដកទ័ពចេញពីខាងលិចទន្លេ បាក់មុត នាថ្ងៃទី០៨ ខែមីនា។

រូបភាពទីតាំងភូមិសាស្ត្រ ដែលបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញឲ្យឃើញកងកម្លាំងរុស្សី កំពុងតែកៀងជនស៊ីវិល អ៊ុយក្រែន ដោយផ្ជង់កាំភ្លើង នៅឯទីតាំងមួយស្ថិតនៅភាគខាងលិចទន្លេ បាក់មុត។

ចំណែកអ្នកសរសេរប្លុកសម្រាប់យោធាអ៊ុយក្រែន បានសរសេរថា «ជោគវាសនាចុងក្រោយរបស់អ្នកទាំងនោះមិនដឹងទៅជាយ៉ាងទេ។  របស់របរល្អបំផុត ដែលពួកគេយកតាមខ្លួនបាន គឺមានតែកាបូបស្ពាយ។  មនុស្សពីបី ទៅ១០នាក់ដើរតម្រង់ជួរគ្នា ដោយមានទាហានរុស្ស៊ី កាន់កាំភ្លើងយន្តដើរតាមពីក្រោយ»។

ក្រុមទាហានស៊ីឈ្នួល វ៉ាក់នើ ដែលបានដឹកនាំការប្រយុទ្ធនៅសមរភូមិទីក្រុង បាក់មុត អស់រយៈពេលជាច្រើនខែកន្លងមក បានព្យាយាមប្រយុទ្ធយ៉ាងខ្លាំង ក្នុងខែកុម្ភៈ ដើម្បីឡោមព័ទ្ធទីក្រុងនេះ ដែលដំបូងឡោមព័ទ្ធពីភាគខាងត្បូង បន្ទាប់មកឡោមព័ទ្ធពីភាគខាងជើង ក្នុងគោលបំណងកាត់ផ្តាច់បណ្តាញផ្គត់ផ្គង់ដល់ខ្សែការពាររបស់អ៊ុយក្រែន។  ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ពួក​គេ​បានបរាជ័យ​ទៅវិញ។

ទោះបីយ៉ាងណាក៏ដោយ នៅខាងក្នុងទីក្រុង បាក់មុត ឯណោះវិញ កងកម្លាំងអ៊ុយក្រែន ហាក់ដូចជាកំពុងដកទ័ពថយជាយុទ្ធសាស្ត្រយឺតៗ ព្រោះទ្រាំទ្រនឹងកណ្តាប់ដៃទាហានរុស្ស៊ី លែងបានទៀតហើយ។

រីឯអ្នកសរសេរប្លុកសម្រាប់យោធារុស្ស៊ីម្នាក់ បានអះអាងថា កងកម្លាំង វ៉ាក់នើ បានឆ្លងកាត់ទន្លេ បាក់មុត ហើយបានប៉ះទង្គិចគ្នាជាមួយខ្សែត្រៀមការពាររបស់អ៊ុយក្រែន។  រូបភាពអំពីភូមិសាស្ត្រ ដែលគេបង្ហោះ កាលពីថ្ងៃទី១៣ ខែមីនា បានបង្ហាញឲ្យឃើញកងកម្លាំងរុស្ស៊ី កំពុងរុលទៅមុខតាមបណ្តោយផ្លូវមួយក្នុងទីក្រុង បាក់មុត ភាគខាងត្បូង។

គោលដៅរបស់កងទ័ពរុស្ស៊ីមួយទៀត ហាក់ដូចជាសំដៅទៅកាន់តំបន់ឧស្សាហកម្មរោងចក្រស្លដែក ឈ្មោះ អាហ្ស៊ូម (AZOM) ស្ថិតនៅក្នុងទីក្រុង បាក់មុត។  បើយោងតាមឃ្លីបវីដេអូ​​បង្ហោះ​លើ​បណ្តាញ​សង្គម​ កាលពី​ថ្ងៃ​ទី១០ ខែ​មីនា ​បង្ហាញ​ឲ្យឃើញកងកម្លាំង​អ៊ុយក្រែន ​ប្រហែលបាន​បំផ្លាញឃ្លាំង​គ្រាប់​រំសេវមួយរបស់​រុស្ស៊ី​ ដែលនៅ​ជិត​តំបន់រោងចក្រនេះ។

គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ អ្នកយកព័ត៌មានសម្រាប់យោធារុស្ស៊ី បានអះអាងយ៉ាងច្បាស់ថា យុទ្ធជនរបស់ក្រុមទាហាន វ៉ាក់នើ បានចូលកាន់កាប់រោងចក្រមួយ ស្ថិតនៅភាគខាងជើងរោងចក្រស្លដែក អាហ្ស៊ូមម។  រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីយុទ្ធជន វ៉ាក់នើ កំពុងស្ថិតនៅខាងក្នុងរោងចក្រមួយនេះ។

ប្រសិនបើកងកម្លាំងរុស្សី មានផែនការវាយសង្គ្រប់យកបានរោងចក្រ អាហ្ស៊ូម មែននោះ ម្លេះទីក្រុង បាក់មុត ទាំងមូលអាចប្រឈមមុខនឹងការរងទុក្ខជាក់ជាមិនខាន ហើយបង្កផលអាក្រក់ដល់ទីក្រុងអ៊ុយក្រែនផ្សេងទៀត ស្ថិតនៅភាគខាងកើត។  ដូចករណីនៅក្នុងសមរភូមិប្រយុទ្ធស៊ីសាច់ហុតឈាមគ្នា នៅទីក្រុង ម៉ារីយូប៉ូល (Mariupol) និងទីក្រុង សេវើដូណែត (Severdonetsk) ដែលកងកម្លាំងអ៊ុយក្រែន បានឈរជើងបានយូរក្នុងបរិវេណរោងចក្រស្លដែក ដែលជាសំណង់រឹងមាំ អាចការពារខ្លួនបានយូរគ្រាន់បើ។  ប៉ុន្តែទោះយ៉ាងណាក៏ដោយ នៅទីបំផុតពួកគេត្រូវបង្ខំចិត្តដកទ័ព និងលើកទង់សចុះចាញ់ ក្រោមកណ្តាប់ដៃកម្លាំងទាហានរុស្ស៊ី៕

By Ana

You missed