Myវ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក លោក ឡយ អូស្ទីន (Lloyd Austin) កាលពីម្សិលមិញបាននិយាយថា លោកបានហៅទូរស័ព្ទទៅកាន់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បន្ទាប់ពីការធ្លាក់យន្តហោះដ្រូនរបស់សហរដ្ឋអាមេរិកមួយគ្រឿង នៅក្នុងសប្តាហ៍នេះចូលក្នុងសមុទ្រខ្មៅ ដែលទីក្រុងវ៉ាស៊ីនតោន បានស្តីបន្ទោសថា ជាកំហុសរបស់ទីក្រុងមូស្គូ។
លោកបានប្រាប់អ្នកយកព័ត៌មានថា លោកបាននិយាយជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ើគេ សយគូ (Sergei Shoigu) កាលពីថ្ងៃពុធ ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីខ្លឹមសារពិភាក្សាគ្នាឡើយ។
កិច្ចពិភាក្សាកម្រិតខ្ពស់ដ៏កម្រ បានកើតឡើងមួយថ្ងៃបន្ទាប់ពីមន្ត្រីយោធាអាមេរិក និយាយថា យន្តហោះចម្បាំងងរបស់រុស្ស៊ី បានប៉ះជាមួយយន្តហោះដ្រូន ឈ្មោះ MQ-9 Reaper របស់អាមេរិក ដោយបង្ខំឲ្យធ្លាក់ចូលក្នុងសមុទ្រខ្មៅតែម្តង។
ចំណែករដ្ឋាភិបាលទីក្រុងម៉ូស្គូ បានបដិសេធថា យន្តហោះចម្បាំងរបស់ខ្លួនមិនបានប៉ះទង្គិចគ្នាជាមួយយន្តហោះដ្រូននោះទេ។
ឧបទ្ទវហេតុនេះ ដែលកើតឡើងដោយផ្ទាល់ជាលើកដំបូងរវាងទ្រព្យសម្បត្តិយោធាអាមេរិក និងរុស្ស៊ី បានធ្វើឲ្យទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែអាប់អួរ ជាពិសេសចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយបានធ្វើឲ្យមានការព្រួយបារម្ភអំពីជម្លោះកាន់តែឡើងកម្តៅរវាងប្រទេសទាំងពីរ។
ប៉ុន្តែ លោក ឡយ អូស្ទីន ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន នៅមន្ទីរបញ្ចកោណ ហាក់ដូចជាបង្ហាញការអត់ធ្មត់ ដោយលោកនិយាយថា សហរដ្ឋអាមេរិក «ពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះមូលហេតុធំ ដែលបង្កឲ្យការបង្កើនកម្តៅ ហើយនោះជាមូលហេតុ ដែលខ្ញុំជឿថា វាមានសារៈសំខាន់ក្នុងការរក្សាបណ្តាញទំនាក់ទំនងឲ្យនៅចំហរ»។
លោកបាននិយាយទៀតថា «ដូចដែលខ្ញុំបាននិយាយម្តងហើយម្តងទៀត វាជារឿងសំខាន់ណាស់ ដែលមហាអំណាចគួរធ្វើជាគំរូនៃតម្លាភាព និងការរក្សាទំនាក់ទំនង ហើយសហរដ្ឋអាមេរិកនឹងបន្តការហោះហើរ និងធបន្តធ្វើប្រតិបត្តិការគ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិអនុញ្ញាត។ វាជាបន្ទុករបស់រុស្ស៊ី ក្នុងការប្រតិបត្តិការយន្តហោះយោធារបស់ខ្លួនប្រកបដោយសុវត្ថិភាព និងមានវិជ្ជាជីវៈ»។
ការទាក់ទងគ្នារវាងមន្ត្រីការពារជាតិរបស់អាមេរិក និងរុស្ស៊ី គឺកម្រមានណាស់ ចាប់តាំងពីរុស្ស៊ីបានបើកការលុកលុយពេញទឹកដីអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២។
នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ក្រសួងការពារជាតិអាមេរិក បានបញ្ចេញឃ្លីបវីដេអូអំពីយន្តហោះចម្បាំងរុស្ស៊ីបាញ់ប្រេងដាក់យន្តហោះដ្រូនរបស់អាមេរិក ក្រោយមកបំបុកឲ្យដ្រូននេះ ធ្លាក់ចុះតែម្តង។
លោក ឡយ អូស្ទីន និងលោក ស៊ើគេ សយគូ បាននិយាយគ្នាតាមទូរស័ព្ទជាលើកដំបូង ដើម្បីពិភាក្សាអំពីការវាយលុករបស់រុស្ស៊ី កាលពីខែឧសភា និងនៅក្នុងខែតុលា ឆ្នាំ២០២២ ដោយពួកគេបាននិយាយគ្នាពីរដងក្នុងរយៈពេលបីថ្ងៃ គឺស្របពេលមានការគំរាមកំហែងកាន់តែខ្លាំងឡើង។
លោក ឡយ អូស្ទីន បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មាន ដោយមានការចូលរួមពីប្រធានអគ្គសេនាធិការចម្រុះយោធាអាមេរិក គឺលោក ម៉ាក មីល្លី (Mark Milley) ដោយលើកឡើងថា «វគ្គដ៏គ្រោះថ្នាក់នេះ គឺជាគំរូមួយនៃសកម្មភាពឈ្លានពាន ប្រថុយប្រថាន និងគ្មានសុវត្ថិភាព ពីសំណាក់អាកាសយានិករុស្ស៊ី នៅក្នុងដែនអាកាសអន្តរជាតិ»។
ចំណែកមន្ត្រីអាមេរិក ក៏បាននិយាយផងដែរថា យន្តហោះរុស្ស៊ី បានបាញ់ប្រេងលើយន្តហោះដ្រូនតម្លៃ៣០លានដុល្លាររបស់អាមេរិក រួចបំបុកពីក្រោយឲ្យខូចធ្លាក់ចូលទៅក្នុងសមុទ្រ។
លោក ម៉ាក មីល្លី បាននិយាយថា «នៅតែមានចម្ងល់ថា តើរុស្ស៊ី ពិតជាចង់ទម្លាក់យន្តហោះដ្រូនមែនទេ ព្រោះពេលវេលាបង្កឲ្យដ្រូនធ្លាក់ គឺកើតឡើងដោយចេតនាទាំងស្រុង។ យើងដឹងថា ការស្ទាក់ចាប់នោះ គឺជារឿងចេតនា។ យើងដឹងថា អាកប្បកិរិយាឆេវឆាវនេះ គឺជាចេតនា»។
លោកបានបន្តទៀតថា «អ្នកបានឮអំពីការបាញ់ប្រេង និងបានឃើញអ្វីៗផ្សេងទៀត។ យើងមានភស្តុតាងជាវីដេអូ អំពីអ្វីៗទាំងអស់ ដូច្នេះមិនមានចម្ងល់ថា នោះពិតជាមានចេតនាមែន។ ទំនាក់ទំនងជាក់ស្តែងរបស់យន្តហោះ ខ្ញុំមិនប្រាកដទេ។ ដូច្នេះយើងត្រូវដោះស្រាយបញ្ហានេះ»។
លោកបានបន្ថែមថា លោកគ្រោងនិយាយជាមួយលោក វ៉ាលើរី ហ្គរ៉ាស៊ីម៉ូវ (Valery Gerasimov) ដែលជាប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ដើម្បីពិភាក្សាគ្នាអំពីឧប្បត្តិហេតុនេះ។
ចំណែករុស្ស៊ីវិញ បានអះអាងថា ពេលយន្តហោះចម្បាំងរបស់ខ្លួនស្ទាក់ចាប់យន្តហោះដ្រូន គឺគ្មានការទាក់ទងគ្នាឡើយ ផ្ទុយទៅវិញ យន្តហោះដ្រូនអាមេរិក បានធ្លាក់ចុះទៅក្នុងទឹកសមុទ្រដោយខ្លួនឯង។
ថ្លែងបន្ទាប់ពីត្រូវបានកោះហៅដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ជុំវិញឧប្បត្តិហេតុនេះ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក លោក អាណាតូលី អានតូណូវ (Anatoly Antonov) បាននិយាយថា លោកបានប្រាប់មន្ត្រីអាមេរិកថា «រុស្ស៊ីនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់រំលោភលើដែនទឹករបស់យើងទៀតទេ»។
លោកបាននិយាយចោទប្រកាន់ថា យន្តហោះដ្រូនមានចេតនា និងចង់បង្កហេតុ តាមរយៈការហោះហើរឆ្ពោះទៅកាន់ទឹកដីរុស្ស៊ី ហើយពេលឧបករណ៍បញ្ជូនសញ្ញាពីចម្ងាយត្រូវបានគេបិទតែម្តង ទើបធ្វើឲ្យដ្រូននោះធ្លាក់ចូលទៅក្នុងមសុទ្រ៕