ក្រុងគៀវ៖ អ៊ុយក្រែន​កំពុង​រៀបចំ​ច្បាប់​មួយ​ ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ Hacker ដ៏​ចម្រូងចម្រាស​របស់​ខ្លួន​ប្រែ​ក្លាយ​ក្រុមសកម្មជនអន្តរជាតិ​ ដែល​គាំទ្រ​អ៊ុយក្រែន​ឲ្យទៅ​ជា​អង្គភាព​យោធាបម្រុងផ្នែកជំនាញលើបណ្តាញអ៊ីនធឺណិត.

លេខាធិការនៃមជ្ឈមណ្ឌលសម្របសម្រួលជាតិសម្រាប់សន្តិសុខ តាមអ៊ីនធឺណិតរបស់អ៊ុយក្រែន លោកស្រី ណាតាលីយ៉ា កាជុក (Natalia Tkachuk) បាននិយាយថា ច្បាប់ស្តីពី «ការបង្កើត និងដំណើរការនៃកងទ័ពជំនាញផ្នែក
អ៊ីនធឺណិត» ត្រូវបានព្រាងយ៉ាងរហ័សនៅក្រសួងការពារជាតិអ៊ុយក្រែន។

លោកស្រីបានបន្ថែមថា ច្បាប់ថ្មីនេះនឹងក្លាយជា មូលដ្ឋានគ្រឹះសម្រាប់កសាងសមត្ថភាពការពារតាមអ៊ីនធឺណិតរបស់រដ្ឋ ការចូលរួមអ្នកស្ម័គ្រចិត្តតាមអ៊ីនធឺណិតក្នុងសកម្មភាពទាំងនេះ និងបង្កើតទុនបម្រុងតាមអ៊ីនធឺណិត។

បច្ចុប្បន្ន រដ្ឋាភិបាលអ៊ុយក្រែនមានកងពលទាហានផ្នែកជំនាញ Hacker ស្ម័គ្រចិត្តមួយក្រុម ដែលមានឈ្មោះថា កងទ័ពព័ត៌មានវិទ្យារបស់អ៊ុយក្រែន ដែលខ្លួនចង់ដកខ្លួនចេញពីសកម្មការងារខុសច្បាប់ ក្លាយជាស្របច្បាប់ ហើយបញ្ចូលទៅក្នុងកងកម្លាំងប្រដាប់អាវុធផ្លូវការសម្រាប់ជួយអ៊ុយក្រែន។

កងទ័ពព័ត៌មានវិទ្យា ឬហៅខ្លួនឯងថា ជាសហគមន៍ព័ត៌មានវិទ្យាពិភពលោក ដែលតំណាងឱ្យក្រុម Hacker របស់ប្រធានាធិបតីអ៊ុយក្រែន លោក ប៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Vladimir Zelensky) ដែលមានសមត្ថភាពទប់ស្កាត់បទល្មើសតាមបណ្តាញអ៊ីនធឺណិត បានជាង៨០០ករណី នាពេលថ្មីៗកន្លងមកនេះ។

ក្រុមនេះតែងតែបបួលនរណាក៏ដោយ ដែលមានទូរស័ព្ទឲ្យចូលរួម និងជួយចាប់វាយប្រហារតាមអ៊ីនធឺណិត និងបដិសេធចោលសេវាកម្មអនឡាញរបស់រុស្ស៊ី ដែលពួកគេធ្វើឲ្យគេហទំព័ររបស់រុស្ស៊ី ដាច់មិនអាចដំណើរការបាន។

ក្រុមនេះបានអះអាងទទួលខុសត្រូវចំពោះការគាំងគេហទំព័រជាច្រើនរបស់រុស្ស៊ី រួមទាំងបិទគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសុន្ទរកថារបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីខែមុន។

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា កងទ័ពព័ត៌មានវិទ្យារបស់អ៊ុយក្រែន ក៏រងរិះគន់ផងដែរចំពោះសកម្មភាពវាយប្រហារតាមអ៊ីធឺណិត លើជនស៊ីវិល រួមទាំងមន្ទីរពេទ្យផងដែរ។

សេចក្តីការណ៍នេះបានអះអាងថា តំណាងក្រុមបានស្វាគមន៍ការសម្រេចចិត្តក្នុងការធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្លាយជាក្រុមស្របច្បាប់។

សេចក្តីព្រាងច្បាប់នេះ កើតឡើងស្របគ្នានៅពេលប្រទេសរុស្ស៊ី និងបេឡារុស្ស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសុវត្ថិភាពឌីជីថលថ្មីមួយកាលពីដើមខែនេះដើម្បីពង្រឹងការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន និងការប្រយុទ្ធប្រឆាំងឥទ្ធិពលបំផ្លិចបំផ្លាញលើធនធានព័ត៌មាននៅក្នុងប្រទេសទាំងពីរនេះ។

ក្នុងពេលជាមួយគ្នានេះដែរ បស្ចិមប្រទេសជាច្រើនកំពុងចេញការព្រមានអំពីសង្គ្រាមអ៊ីនធឺណិតរបស់រុស្ស៊ីផងដែរ។

CNN បាននិយាយកាលពីថ្ងៃពុធ ដោយដកស្រង់របាយការណ៍របស់ក្រុមហ៊ុន Microsoft ដោយលើកឡើងថា ពួក Hacker រុស្ស៊ីកំពុងកំណត់គោលដៅលើអង្គការយោធា និងការដឹកជញ្ជូនសព្វាវុធពីអឺរ៉ុប។

ស្រដៀងគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោកស្រី ណាន់ស៊ី ហ្វេស៊ើ (Nancy Faeser) បានប្រាប់ក្រុមប្រព័ន្ធផ្សព្វផ្សាយថា កាលពីខែមុនថា ពួក Hacker របស់រុស្ស៊ី គឺជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់អាល្លឺម៉ង់៕

By Ana

You missed