អង់ការ៉ា៖ គ្រោះរញ្ជួយដីកម្រិត៦.៤រ៉ិចទ័រ បានវាយប្រហារតំបន់ជាប់ព្រំដែនប្រទេសទួរគីនិងប្រទេសស៊ីរី ម្តងទៀត បន្ទាប់ពីបានបំផ្លិចបំផ្លាញប្រទេសទាំងពីរនេះយ៉ាងធ្ងន់ធ្ងរ កាលពីពីរសប្តាហ៍មុន និងបានសម្លាប់មនុស្សអស់រាប់ម៉ឺននាក់។
មជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប បានប្រកាសថា គ្រោះរញ្ជួយដីនៅយប់ថ្ងៃចន្ទនេះ ស្ថិតនៅចំកណ្តាលខេត្ត ហាតាយ (Hatay) ស្ថិតនៅភាគខាងត្បូងប្រទេសទួរគី ក្នុងជម្រៅដីពីរគីឡូម៉ែត្រ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេស ទួរគី បាននិយាយថា យ៉ាងហោចណាស់មនុស្សបីនាក់បានស្លាប់ និងជាង២០០នាក់ផ្សេងទៀតបានរងរបួស ។
គ្រោះរញ្ជួយដីនេះ បានវាយប្រហារទីក្រុងមួយ នាវេលាម៉ោង៨ នោង០៤នាទីយប់ថ្ងៃចន្ទ ហើយបានអង្រួនទីប្រជុំជនខេត្ត ហាតាយ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសទួរគី បាននិយាយថា ប៉ុន្មាននាទីក្រោយមក គ្រោះរញ្ជួយដីលើកទីពីរ កម្រិត៥,៨រិចទ័រ បានអង្រួនខេត្តហាតាយម្តងទៀត។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសទួរគី បានផ្សាយថា គ្រោះរញ្ជួយដីទាំងពីរលើកនេះ បានអង្រួនផ្ទះសម្បែងនៅក្នុងប្រទេសស៊ីរី ហ្ស៊កដានី អ៊ីស្រាអែល និងប្រទេសអេហ្ស៊ីប។
ខេត្ត ហាតាយ របស់ប្រទេសទួរគី ស្ថិតនៅតាមឆ្នេរសមុទ្រមេឌីទែរ៉ាណេ ហើយទីភ្នាក់ងារគ្រោះមហន្តរាយ បានអំពាវនាវឲ្យប្រជាជន ជម្លៀសខ្លួនឲ្យឆ្ងាយពីឆ្នេរសមុទ្រនេះ ដោយព្រមានថា ការរញ្ជួយដីអាចបណ្តាលឲ្យកម្ពស់ទឹកសមុទ្រកើនឡើងរហូតកម្ពស់កន្លះម៉ែត្រ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ស៊ីរី បានរាយការណ៍ថា មនុស្សប្រាំមួយនាក់បានរងរបួស នៅក្នុងទីក្រុងអាឡិបប៉ូ ដោយសារត្រូវបំបែកបែលបាក់ធ្លាក់លើ ចំណែកអភិបាលខេត្ត ហាតាយ របស់ទួរគី បាននិយាយថា អគារមួយចំនួនបានដួលរលំ សង្កត់មនុស្សឲ្យជាប់នៅខាងក្រោមគនរបែកបាក់។
សាក្សីបាននិយាយរៀបរាប់ថា ក្រុមជួយសង្គ្រោះបន្ទាន់របស់ប្រទេស ទួរគី កំពុងខ្នះខ្នែងរកជនរងគ្រោះកប់នៅក្រោមគំនរបែកបាក់។
សូមរំឭកថា គ្រោះរញ្ជួយដីកម្រិត ៧.៨ និង៧.៦រិចទ័រ បានវាយប្រហារភាគអាគ្នេយ៍នៃប្រទេសទួរគី និងប្រទេស ស៊ីរី កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្សជាង៤៧ ០០០នាក់ និងរាប់សែននាក់បានរងរបួស ព្រមទាំងធ្វើឲ្យមនុស្សជាមួយលាននាក់ គ្មានផ្ទះសម្បែង។ ការចំណាយសម្រាប់ជួយជនរងគ្រោះក្នុងមហន្តរាយបាតុភូតធម្មជាតិនេះ ត្រូវបានគេរំពឹងថា នឹងឈានដល់រាប់សិបពាន់លានដុល្លារ។
អ្នកជំនាញផ្នែកភូគព្ភសាស្ត្ររបស់ប្រទេសទួរគី បាននិយាយថា រហូតមកដល់ពេលនេះ ប្រទេសទួរគីបានជួបប្រទះការរញ្ជួយដីច្រើនជាង៥ ០០០ដង គិតបើចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
លោកបានថ្លែងថា «នេះគឺជាការរំពឹងទុកយ៉ាងច្បាស់លាស់។ យើងអាចដឹងបានតាមរយៈបទពិសោធន៍របស់យើង។ ការរញ្ជួយដីនឹងមានក្នុងរយៈពេលច្រើនខែ ឬឈានដល់ឆ្នាំ។ ប៉ុន្តែវានឹងថយចុះពីមួយថ្ងៃទៅមួយថ្ងៃ»។
អភិបាល ហាតាយ បាននិយាយថា អគារមួយចំនួនបានដួលរលំ ដោយសារគ្រោះរញ្ជួយដី នៅយប់ថ្ងៃចន្ទ ប៉ុន្តែមិនទាន់ដឹងច្បាស់ពីចំនួនមនុស្សជាប់គាំងក្រោមគំនរបែកបាក់នៅឡើយ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី កាលពីកន្លះខែមុន បានកើនឡើងដល់៤១ ១៥៦នៅក្នុងប្រទេសទួរគី ហើយអាចកើនឡើងបន្ថែមទៀត។ ចំណែកមនុស្សប្រហែល៦ ០០០នាក់បានស្លាប់ នៅក្នុងប្រទេសស៊ីរី។
អគារអាផាតមិន ប្រមាណ៣៨៥,០០០កន្លែង បានដួលរលំ ឬខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយមនុស្សជាច្រើននៅតែបាត់ខ្លួននៅឡើយ៕