មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ើគី ឡារ៉ូវ (Sergei Lavrov) បានសន្យាបន្តការគាំទ្រផ្នែកយោធាដល់ប្រទេសម៉ាលី ដែលបាននិងកំពុងប្រយុទ្ធនឹងការបះបោររបស់ពួកជីហាដ តាំងពីឆ្នាំ២០១២។
កាលពីឆ្នាំមុន ប្រទេសម៉ាលី បានងាកទៅងាកចេញពីអតីតអាណានិគមបារាំង ដោយទៅសុំការជួយជ្រោមជ្រែងពីប្រទេសរុស្ស៊ីវិញ។
រុស្សីមានបំណងចង់ដណ្តើមសម្ព័ន្ធមិត្ត នៅពេលសង្រ្គាមអ៊ុយក្រែននៅតែបន្ត ប៉ុន្តែការចូលរួមរបស់ខ្លួននៅអាហ្រ្វិកខាងលិច បាននិងកំពុងកើនឡើងជាបន្តបន្ទាប់។ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាលីរបស់លោក ស៊ើគី ឡារ៉ូវ គឺជាការគូសបញ្ជាក់អំពីមហិច្ឆតារបស់ទីក្រុងម៉ូស្គូ ក្នុងការគាំទ្រផ្នែកយោធាសម្រាប់រដ្ឋាភិបាលនៅទូទាំងទ្វីបអាហ្វ្រិកខាងលិច ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធអ៊ីស្លាម។
រដ្ឋាភិបាលយោធារបស់ប្រទេសម៉ាលី បានច្រានចោលការររិះគន់ពីបណ្តាប្រទរសផ្សេងទៀត ចំពោះការផ្លាស់ប្តូរគោលជំហររបស់ខ្លួន ឆដោយងាកទៅការគាំទ្រពីរុស្ស៊ី។
ចំណែករដ្ឋមន្ត្រីការបរទេសនៃប្រទេសម៉ាលី បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានថា «យើងនឹងលែងបង្ហាញពីតុល្យភាពនៅក្នុងជម្រើសសម្រាប់ចាប់ដៃគូទៀតហើយ។ រុស្ស៊ីនៅទីនេះ តាមសំណូមពររបស់ម៉ាលី ហើយអាចឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះតម្រូវការជាយុទ្ធសាស្ត្ររបស់យើង»។
ឥឡូវទំនាក់ទំនងនេះមានរយៈពេលជាងមួយឆ្នាំកន្លងមកហើយ ចាប់តាំងពីក្រុមទាហានស៊ីឈ្នួលរបស់រុស្សី ឈ្មោះ វ៉ាក់នើ (Wagner) បានចាប់ផ្តើមធ្វើប្រតិបត្តិការយោធា នៅក្នុងប្រទេសម៉ាលី។ ភ័ស្តុតាងជាច្រើនបានបង្ហាញថា ពួកទាហានស៊ីឈ្នួលនេះមិនអាចទទួលបានជោគជ័យលើសកងកម្លាំងយោធារបស់ប្រទេសផ្សេងទៀត ក្នុងការស្វែងរកដំណោះស្រាយចំពោះការគំរាមកំហែង និងបញ្ហាអសន្តិសុខបង្កឡើងដោយក្រុមឥស្លាមជ្រុលនិយម ជីហាដ ដែលបានអូសបន្លាយអស់រយៈពេលជាង១០ឆ្នាំ និងធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ។
យោងតាមទិន្នន័យបានឲ្យដឹងថា ចំនួនជនស៊ីវិលម៉ាលី ដែលស្លាប់នៅក្នុងអំពើហឹង្សាប្រដាប់អាវុធនេះ បានកើនឡើងលើសបណ្តាឆ្នាំមុនទ្វេដង។
ចំណាប់អារម្មណ៍របស់រុស្ស៊ី ចំពោះប្រទេសម៉ាលី
ទោះបីយ៉ាងណាក៏ដោយ របបយោធាប្រទេសម៉ាលី បានច្រានចោលរបាយការណ៍អំពីស្ថានការណ៍អសន្តិសុខកាន់តែយ៉ាប់យ៉ឺន និងបដិសេធថា ជាព័ត៌មានមិនពិត។ ទំនាក់ទំនងនេះ បានបង្កើនការចាប់អារម្មណ៍ពីរុស្ស៊ី រហូតមានការផ្តល់អំណាចដល់កងកម្លាំងប្រដាប់អាវុធម៉ាលី បន្ទាប់ពីបានបញ្ជូនសម្ភារៈយោធាធុនធ្ងន់ជាច្រើនលើក ចាប់តាំងពីក្រុមនេះ បានដណ្តើមអំណាច កាលពីខែសីហា ឆ្នាំ២០២០។
លោក អាស៊ីមី ហ្គុយតា (Assimi Goïta) ប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសម៉ាលី បាននិយាយនៅក្នុងសុន្ទរកថាក្នុងថ្ងៃកំណើតកងទ័ពម៉ាលី កាលពីខែមុនថា «ជោគជ័យខាងយោធា ដែលយើងសម្រេចបានក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ គឺលើសពីអ្វីដែលគេធ្លាប់ធ្វើបានក្នុងទសវត្សរ៍កន្លងមក។ អាវុធរបស់យើង គឺជាមោទនភាពរបស់ប្រទេសជាតិទាំងមូល»។
លោកបាននិយាយបន្ថែមថា ប្រជាពលរដ្ឋម៉ាលី អាចត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបាន និងមានសុវត្ថិភាពក្នុងការរស់នៅ។ ទោះបីជាយ៉ាងណាក៏ដោយ វត្តមានរបស់ទាហានស៊ីឈ្នួលរុស្ស៊ី បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាង១០ឆ្នាំរបស់កងទ័ពបារាំង និងរបស់ក្រុមសម្ព័ន្ធមិត្តអឺរ៉ុប ដើម្បីជួយរដ្ឋាភិបាលម៉ាលី ក្នុងការទប់ទល់នឹងពួកឥស្លាមជីហាត។
ការដាក់ពង្រាយទាហានស៊ីឈ្នួលរុស្ស៊ី គឺដើម្បីឆ្លើយតបទៅនឹងការដកខ្លួនរបស់យោធាបារាំង ដែលធ្លាប់នាំមុខគេ ក្នុងការប្រឆាំងនឹងពួកសកម្មប្រយុទ្ធ កាលពីឆ្នាំ២០១៣។ ចំណែកសមត្ថភាពនៃបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលមានកងទ័ពជិត១៨ ០០០នាក់ ដើម្បីការពារជនស៊ីវិល នៅក្នុងប្រទេសម៉ាលី ក៏បានចុះខ្សោយ បន្ទាប់ពីប្រទេសអាល្លឺម៉ង់ ចក្រភពអង់គ្លេស កូតឌីវ័រ និងប្រទេសបេនីន សម្រេចដកកងទ័ពអស់ប្រមាណ៣ ០០០នាក់។
រីឯការវាយប្រហាររបស់ក្រុមឥស្លាមជ្រុលនិយម និងក្រុមគាំទ្រដោយអាល់កៃដា ជួនកាលបានរីករាលដាលចូលទៅក្នុងប្រទេសជិតខាង ដូចជាប្រទេស ប៊ើគីណា ហ្វាសូ និងប្រទេសនីហ្សេរីយ៉ា ខណៈសកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធគ្នា កំពុងរាលដាលទៅកាន់ភាគខាងត្បូងប្រទេស និងឆ្ពោះទៅកាន់តំបន់នៅឈូងសមុទ្រប្រទេស ហ្គីណេ។
ជោគជ័យនៅលើប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម
ដោយមានការជំរុញពីក្រុមទាហានស៊ីឈ្នួល វ៉ាក់នើ នៅក្នុងប្រទេសម៉ាលី ទទួលបានការគាំទ្រពីមតិសាធារណៈ ក្រុមនេះ កំពុងសងសឹកប្រទេស ប៊ើគីណា ហ្វាសូ ដែលធ្លាប់មានរដ្ឋប្រហារយោធាពីរដង នៅក្នុងឆ្នាំ២០២២។ ប៉ុន្តែក្តីបារម្ភកាន់កើតមានឡើង អំពីវិធីដែលក្រុមទាហានស៊ីឈ្នួល វ៉ាក់នើ ធ្វើប្រតិបត្តិការនៅទីនោះ ហើយអង្គការសហប្រជាជាតិ បានទាមទារឲ្យមានការស៊ើបអង្កេតពីបទឧក្រិដ្ឋកម្មសង្គ្រាម មកលើយោធាម៉ាលី និងទាហានស៊ីឈ្នួលរបស់រុស្ស៊ី។
ចំណែកក្រុមសិទ្ធិមនុស្សវិញ បានចងក្រងរបាយការណ៍អំពីការធ្វើទារុណកម្ម ការសម្លាប់ក្រៅច្បាប់ និងការរំលោភផ្លូវភេទ ក្នុងពេលក្រុមទាហាន វ៉ាក់នើ ធ្វើសកម្មភាពប្រឆាំងនឹងការបះបោរ ដែលបានផ្ទុះឡើង នៅក្នុងខែធ្នូ ឆ្នាំ២០២២។
ផ្ទុយទៅវិញ បើយោងតាមការវិភាគទិន្នន័យ បានបង្ហាញថា នៅក្នុងឆ្នាំ២០២២ ជនស៊ីវិលម៉ាលី បានស្លាប់ច្រើនជាងក្រុមសកម្មប្រយុទ្ធជីហាដ។
សាវតានៃការស្លាប់មនុស្សដោយអំពើឃោរឃៅ នៅក្នុងប្រទេសម៉ាលី
មនុស្សយ៉ាងហោចណាស់៧០០នាក់ ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍ពាក់ព័ន្ធនឹងទាហានស៊ីឈ្នួល វ៉ាក់នើ ដែលភាគច្រើនឈរជើង នៅតំបន់ប្រទាញប្រទង់គ្នា ស្ថិតនៅភាគកណ្តាលប្រទេសម៉ាលី ហើយអត្រាអ្នកស្លាប់ច្រើនបំផុត មានរហូតដល់៣០០នាក់ នៅក្នុងខែមីនា ឆ្នាំ២០២២។
អ្នករស់រានមានជីវិត បានប្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិកថា ទាហានម៉ាលី និងទាហានស៊ីឈ្នួល វ៉ាក់នើ បានសម្លាប់បុរសរាប់សិបនាក់។ ប៉ុន្តែមេទ័ពម៉ាលី បានបដិសេធចំពោះការចោទប្រកាន់នេះ ដោយនិយាយថា ទាហានរបស់ខ្លួនកាន់តែមានសមត្ថភាពរឹងមាំ ដោយសារគ្រូបង្វឹក និងឧបករណ៍យោធាទំនើបៗមកពីយោធារុស្ស៊ី។
សកម្មភាពរបស់ក្រុមទាហាន វ៉ាក់នើ នៅក្នុងប្រទេសម៉ាលី ត្រូវសហរដ្ឋអាមេរិកចោទប្រកាន់ថា ក្រុមនេះបានចុះកិច្ចសន្យា ក្នុងតម្លៃទឹកប្រាក់១០លានដុល្លារ។ ផ្ទុយទៅវិញ ការឃោសនាទាក់ទងនឹងទាហានស៊ីឈ្នួលរុស្ស៊ី បានពង្រឹងសមត្ថភាពយោធា ជាពិសេសយោធាម៉ាលី ហើយបានបង្ខូចកេរ្តិ៍ឈ្មោះប្រទេសបារាំង និងលោកខាងលិច។
រឿងនេះត្រូវបានមហាជនម៉ាលី ផ្សព្វផ្សាយយ៉ាងច្រើននៅលើប្រព័ន្ធទំនាក់ទំនងសង្គម ដើម្បីគាំទ្រដល់ក្រុម វ៉ាក់នើ ព្រមទាំងបានអំពាវនាវជាសាធារណៈ និងសុំពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការទូតថែមទៀត ជាមួយរដ្ឋាភិបាលទីក្រុងម៉ូស្គូ។
ស្ថាបនិកក្រុមទាហានស៊ីឈ្នួល វ៉ាក់នើ លោក យ៉េវគេនី ព្រីកូឈីន (Yevgeny Prigozhin) បានអបអរសាទរចំពោះយុទ្ធនាការឃោសនានេះ ដោយនិយាយថា ជាយុគសម័យថ្មី នៃការធ្វើអាណានិគមនិយម ដោយកេងប្រវ័ញ្ចលើទំនុកចិត្តរបស់អតីតអាណានិគមនិយមបារាំង។
សកម្មជនសិទ្ធិមនុស្សរត់លាក់ខ្លួន ព្រោះខ្លាចក្រុមទាហានស៊ីឈ្នួល វ៉ាក់នើ
មនុស្សជាច្រើន និងអង្គការអន្តរជាតិនានា ដែលកំពុងតាមដានមើលឥទ្ធិពលរបស់រុស្ស៊ី និងប្រតិបត្តិការរបស់ក្រុមទាហានស៊ីឈ្នួល វ៉ាក់នើ បានភ័យខ្លាចពីសុវត្ថិភាពរបស់ខ្លួន ពេលស្នាក់នៅក្នុងប្រទេសម៉ាលី។
កាលពីខែមីនា ឆ្នាំ២០២២ ប្រទេសម៉ាលី បានហាមឃាត់ការផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់បារាំង ជុំវិញរបាយការណ៍ ស្តីពីអំពើឃោរឃៅរបស់ទាហានស៊ីឈ្នួល និងម៉ាលី ដែលនិយាយចោទប្រកាន់ក្រុមទាហានស៊ីឈ្នួ រុស្ស៊ី ពីបទសាបព្រោះទង្វើស្អប់ខ្ពើម។
សកម្មជនសិទ្ធិមនុស្សដ៏ល្បីល្បាញម្នាក់ បានសង្ងំលាក់ខ្លួន បន្ទាប់ពីសកម្មជនគាំទ្ររបបយោធាម៉ាលី បានចោទប្រកាន់ថា មិនមានមនសិកាស្នេហាជាតិ ហើយនិយាយបកអាក្រាតបាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពើឃោរឃៅរបស់ដោយយោធាម៉ាលី និងទាហានស៊ីឈ្នួល វ៉ាក់នើ។
អំពើហិង្សាប្រដាប់អាវុធ នៅម៉ាលី បានសម្លាប់មនុស្សអស់១ ៩១៣នាក់ នៅចន្លោះឆ្នាំ២០២១ និងមនុស្សចំនួន៤ ៨០២នាក់ ត្រូវបានសម្លាប់ នៅក្នុងឆ្នាំ២០២២។
កាលពីខែមុន ក្រសួងសុខាភិបាល និងអភិវឌ្ឍន៍សង្គម របស់ប្រទេសម៉ាលី បានប្រកាសថា តម្រូវការផ្នែកមនុស្សធម៌បាន កើនឡើង១១៧ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២២ ដោយសារតែការផ្លាស់ទីលំនៅជាទ្រង់ទ្រាយធំ ដែលបណ្តាលមកពីអំពើហឹង្សារបស់ក្រុមសកម្មប្រយុទ្ធ។ លើសពីនេះ ជនស៊ីវិលបានបាត់បង់ជីវិតកាន់តែច្រើនដោយសារស្នាដៃក្រុមទាហានស៊ីឈ្នូល វ៉ាក់នើ និងដោយសារកងទ័ពម៉ាលី។
ក្នុងសេចក្តីថ្លែងការណ៍ឃោសនា ដែលចេញផ្សាយដោយក្រុមឥស្លាមជ្រុលនិយម អាល់កៃដា នៅក្នុងឆ្នាំ២០២២ បានបញ្ជាក់យ៉ាងច្បាស់ពីក្រុមទាហាន វ៉ាក់នើ ថាជាគោលដៅ ឬត្រូវគេប្រើ ដើម្បីវាយប្រហារផ្នែកយោធា។
ចំណែកក្រុមឥស្លាមជ្រុលនិយមនៅក្នុងប្រទេសស៊ីរី ក៏បាននិយាយអះអាងថា ពួកគេបានសម្លាប់ទាហានស៊ីឈ្នួលរុស្ស៊ីអស់១៥នាក់ និងបាញ់ទម្លាក់ដ្រូនអស់ជាច្រើនគ្រឿង។ ប៉ុន្តែទោះបីជាមានការវាយប្រហារបែបនេះក៏ដោយ ប្រទេសរុស្ស៊ី និងក្រុមទាហានស៊ីឈ្នួល វ៉ាក់នើ នៅតែបន្តផ្តល់ជំនួយដល់ប្រទេសម៉ាលី ជាបន្តទៀត។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាលី របស់លោក ស៊ើគេ ឡារ៉ូវ ត្រូវបានគេពិពណ៌នាថា កាយវិការគាំទ្រដល់ការវាយប្រហារដោយដ្រូនរបស់រុស្ស៊ី ក្នុងបេសកម្មប្រឆាំងក្រុមភេរវករ ឥស្លាមជ្រុលនិយម នាពេលថ្មីៗកន្លងមកនេះ។ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺលោកបានណែនាំថា រុស្ស៊ីអាចជួយប្រទេសផ្សេងទៀត នៅក្នុងតំបន់ ដើម្បីទប់ស្កាត់ការគំរាមកំហែងពីក្រុមឥស្លាមជីហាដ ដោយនិយាយថា អាចទាក់ទងនឹងប្រទេសហ្គីណេ ប្រទេស ប៊ើគីណា ហ្វាសូ និងប្រទេសឆាដ រួមទាំងបណ្តារដ្ឋ ស្ថិតនៅតាមឈូងសមុទ្រប្រទេស ហ្គីណេ។
សរុបសេចក្តីមក នៅពេលរុស្ស៊ី ធ្លាក់ខ្លួនឯកោលើឆាកអន្តរជាតិ ដោយសារសង្គ្រាមឈ្លានពានអ៊ុយក្រែន មិត្តភាពរបស់រុស្ស៊ី នៅក្នុងទ្វីបអាហ្វ្រីក នឹងកាន់តែរីកធំឡើង ដើម្បីពង្រីកឥទ្ធិពលផ្នែកការទូត៕