ប៉ារីស៖ បាតុកររាប់ម៉ឺននាក់បានដើរដង្ហែក្បួនតវ៉ាក្នុងទីក្រុងប៉ារីស ដើម្បីប្រឆាំង និងបញ្ចេញកំហឹងកាន់តែខ្លាំងឡើងចំពោះអតិផរណា បន្ទាប់ពីបានកូដកម្មនៅក្នុងរោងចក្រចម្រាញ់ប្រេង ដែលបណ្តាលឲ្យមានការខ្វះខាតប្រេងឥន្ធនៈនៅទូទាំងប្រទេសបារាំង។

បាតុកម្មប្រឆាំងនឹងការកើនឡើងនៃការចំណាយសម្រាប់រស់នៅប្រចាំថ្លៃ កាលពីថ្ងៃអាទិត្យ ដឹកនាំដោយក្រុមប្រឆាំងនយោបាយឆ្វេងនិយម ដើម្បី​បង្ហាញ​កំហឹង​ប្រឆាំង​នឹង​​ការ​ឡើង​ថ្លៃ​ និង​ដើម្បី​បង្កើន​សម្ពាធ​លើ​រដ្ឋាភិបាល​របស់​ប្រធានាធិបតីបារាំង លោក អ៊ីម៉ានូអែល ម៉ាក្រុង (Emmanuel Macron)។

បាតុករបានអំពាវនាវឲ្យមានការវិនិយោគដ៏ធំដើម្បីទប់ទល់វិបត្តិអាកាសធាតុ និងឲ្យរដ្ឋាភិបាលបារាំងចាត់វិធានការសង្គ្រោះបន្ទាន់ទប់ទល់នឹងតម្លៃខ្ពស់ រួមទាំងបញ្ឈប់តម្លៃថាមពល ទំនិញសំខាន់ៗ និងបន្ថយការយកពន្ធកាន់តែច្រើនលើប្រាក់ចំណេញសាជីវកម្ម។

ក្រុមបាតុករខ្លះបានពាក់អាវកាក់ផ្កាពណ៌លឿង ដែលជានិមិត្តសញ្ញានៃការតវ៉ាប្រឆាំងរដ្ឋាភិបាលដោយហិង្សាជាញឹកញាប់ ក្នុងឆ្នាំ២០១៨ ដែលបានអង្រួនរដ្ឋាភិបាលកណ្តាលនិយមរបស់បារាំង។

ក្រុមប្រឆាំងលោក អ៊ីម៉ានូអែល ម៉ាក្រុង សង្ឃឹមថា សន្ទុះនៃការតវ៉ានឹងកើនឡើងដោយសារការប្រឈមមុខដាក់គ្នានៅរោងចក្រចម្រាញ់ប្រេង ដែលបានចាប់ផ្តើមធ្វើកូដកម្ម តាំងពីចុងខែកញ្ញា ឆ្នាំ២០២២នេះ។

កូដកម្មនៅតាមគ្រឹះស្ថានដឹកជញ្ជូន បានអំពាវនាវ នៅដើមសប្តាហ៍មុន ធ្វើឲ្យរាំងស្ទះដល់រោងចក្រចម្រាញ់ប្រេង និងស្ថានីយចាក់ប្រេងនានា ដែលបង្កឲ្យមានការខ្វះខាតប្រេង ដល់កម្មកររាប់លាននាក់ និងអ្នកបើកបរយានយន្តផ្សេងទៀត ដែលពឹងផ្អែកលើយានជំនិះរបស់ពួកគេសម្រាប់ធ្វើដំណើរ។

មេដឹកនាំបាតុកម្មបាននិយាយថា មនុស្សជាង១សែនបួនម៉ឺននាក់ បានចូលរួមដង្ហែក្បួនតវ៉ាកាលពីថ្ងៃអាទិត្យ។ ចំណែកនគរបាលបាន​ព្យាករ​ណ៍ថា​ មានមនុស្ស​ប្រហែល​៣សែននាក់​នឹង​ចូល​រួមបាតុកម្មនេះ។

ក្រុមបាតុករ បាននិយាយចោទប្រកាន់ថា ការដឹកនាំរបស់លោក អ៊ីម៉ានូអែល ម៉ាក្រុង កំពុងធ្វើឲ្យប្រទេសបារាំងធ្លាក់ចូលភាពវឹកវរ។

សហជីពបារាំងជាច្រើន បានប្រកាសទិវាជាតិនៃកូដកម្ម កាលពីថ្ងៃអង្គារ ដែលត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់ការដឹកជញ្ជូន និងវិស័យសាធារណៈ។

រោងចក្រចម្រាញ់ប្រេងចំនួនបួន ក្នុងចំណោមរោងចក្រចម្រាញ់ប្រេងទាំងប្រាំពីរ របស់ប្រទេសបារាំង ដែលទាំងអស់ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនតូតាល់ មានមូលដ្ឋាននៅទីក្រុងប៉ារីស នៅតែត្រូវបានបិទទ្វារ កាលពីថ្ងៃអាទិត្យ។

ក្រុមហ៊ុនបារាំងបានប្រកាស កាលពីថ្ងៃសុក្រថា ខ្លួនឈានដល់កិច្ចព្រមព្រៀងប្រាក់ឈ្នួលជាមួយសហជីពធំជាងគេទាំងពីរ តំណាងឲ្យបុគ្គលិកនៅរោងចក្រចម្រាញ់ប្រេង ដោយបង្កើនក្តីសង្ឃឹមនៃការបញ្ចប់ការប្រឈមមុខដាក់គ្នា។ ប៉ុន្តែ មេដឹកនាំសហជីព បានបដិសេធមិនទទួលយកឡើយ ដោយសមាជិករបស់ខ្លួននៅតែបន្តរក្សាលក្ខខណ្ឌទាមទារដដែល។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង បានបរិហារការបន្តធ្វើកូដកម្ម កាលពីថ្ងៃអាទិត្យថា ជាការមិនអាចទទួលយកបាន ដោយក្រុមបាតុករកំពុងយកប្រទេសបារាំងជាចំណាប់ខ្មាំង៕

By Ana

You missed