ភ្នំពេញ៖ តារាចម្រៀងប្រុសប្រចាំផលិតកម្មហង្សមាស លោក បាយ៉ារិទ្ធ ត្រូវបានប្រកាសថា មានវិជ្ជមានចំពោះកូវីដ-១ បន្ទាប់ពីរកឃើញពិធីការិនី កែវ ច័ន្ទនិមល និងក្រុមគ្រួសារត្រូវបានតេស្តវិជ្ជមានចំពោះជំងឺ កូវីដ-១៩ នៅពេលនេះ ។
តារាចម្រៀងដ៏ល្បីលោក ណុប បាយ៉ារិទ្ធ ប្រកាសតាម Facebook របស់ខ្លួនឯងមុននេះបន្តិចថា ខ្លួនបានឆ្លងជំងឺ Covid-19 ។
លោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងប្រាប់ សារព័ត៌មានថា «តារាចម្រៀង ណុប បាយ៉ារិទ្ធ បានបញ្ជាក់មកខ្ញុំបាទថា គាត់មានវិជ្ជមានជំងឺកូវីដ១៩ សូមអំពាវនាវបងប្អូនទាំងអស់ ដែលបានពាក់ព័ន្ធជាមួយនឹងប្អូនប្រុស សូមមេត្តាទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ជាបន្ទាន់»។
លោក ណុប បាយ៉ារិទ្ធផ្ទាល់ បានប្រកាសប្រាប់មហាជថា «មុននេះបន្តិច ខ្ញុំបានទទួលលទ្ធផលហើយ គឺខ្ញុំមានវិជ្ជមានកូវីដ១៩។ ខ្ញុំកំពុងរៀបចំសម្លៀកបំពាក់ និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល អរគុណសម្រាប់ការព្រួយបារម្ភរបស់បងប្អូន។ ខ្ញុំត្រូវតែរឹងមាំ យកឈ្នះជំងឺនេះដោយការព្យាបាលពីគ្រូពេទ្យឲ្យបាន ខ្ញុំមិនតក់ស្លុតនិងការពិតនេះទេ ត្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មានអ្នកណារីករាយចង់ទទួលឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ»។
ក្រោយទទួលបានដំណឹងនេះ មហាជន ជាពិសេសអ្នកគាំទ្ររបស់តារាចម្រៀង ណុប បាយ៉ារិទ្ធ ក៏ដូចជាអ្នកគាំទ្រតារាហង្សមាសផ្សេងទៀត បានជូនពរជាបន្តបន្ទាប់ ឲ្យលោកឆាប់ជាសះស្បើយពីជំងឺមួយនេះ ជាពិសេសអ្នកដែលពាក់ព័ន្ធផ្សេងទៀត សូមឲ្យជៀសផុតពីជំងឺនេះផងដែរ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា សូមជូនពរដល់ក្រុមការងារស្ម័គ្រចិត្តជួយការងារសង្គម ជាពិសេសលោក អ៊ិន ទីតូ អ្នកនាង កែវ ច័ន្ទនិមល និងស្វាមី ព្រមទាំងបុត្រ ក៏ដូចជាពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឆាប់បានជាសះស្បើយពីជំងឺកូវីដ-១៩ និងមានសុខភាពល្អគ្រប់ៗគ្នា៕