ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ បានជំរុញឲ្យក្រុមគ្រូពេទ្យសម្រុកចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ដល់ប្រជាជនកម្ពុជា ដែលមានវ័យចាប់ពី៦០ឆ្នាំឡើងទៅ ជាពិសេសប្រជាជនរស់នៅក្នុងតំបន់ប្រឈមនឹងការឆ្លងកូវីដ១៩ ខ្លាំងជាងគេ។
សម្តេចតេជោ បានលើកឡើងបែបនេះ ក្នុងឱកាសសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អាស្ត្រាហ្សេនីកា (AstraZeneca) នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
សម្តេចតេជោបានបញ្ជាក់ថា ប្រជាពលរដ្ឋមានអាយុបាប់ពីអាយុ៦០ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញ និងរស់នៅក្នុងខេត្តព្រះសីហនុ នឹងទទួលបានសិទ្ធិអាទិភាព ក្នុងការទទួលចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ដែលតម្រូវឲ្យចាក់បានតែមនុស្សចាស់ ចំណែកវ៉ាក់សាំង ស៊ីណូហ្វាមរបស់ចិន ចាក់បានតែមនុស្សមានអាយុ៦០ឆ្នាំចុះ។
បន្ទាប់ពីចាក់វ៉ាក់សាំងហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។ វ៉ាក់សាំង AstraZeneca/SII គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន៣២៤,០០០ដូស កាលពីរាត្រីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានបំណងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះ ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនផងដែរ ប៉ុន្តែត្រូវបានអាក់ខានទៅវិញដោយសារតែវ៉ាក់សាំងនេះ បានកំណត់អាយុរបស់អ្នកចាក់ត្រឹម៥៩ឆ្នាំប៉ុណ្ណោះ។ ដោយឡែក វ៉ាក់សាំងឈ្មោះ អាស្ត្រាហ្សេនីកា (AstraZeneca/SII) មិនបានកំណត់អាយុអ្នកចាក់នោះឡើយ។ ហេតុដូច្នេះ ទើបសម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចចាក់វ៉ាក់សាំងនេះ៕